ឈ្វេងយល់ពីបញ្ហារថយន្ត
ប្រព័ន្ធសាកបញ្ចូលភ្លើងនិងដេរបញ្ឆេះម៉ាស៊ីនរថយន្តអាចនឹងលំបាកក្នុងការពិនិត្យវិនិច្ឆ័យរកបញ្ហារបស់វា។ ខាងក្រោមនេះគឺជាវិធីគួរអនុវត្តដើម្បីឲ្យដឹងថារថយន្តអ្នកចាំបាច់ត្រូវផ្លាស់ប្តូរក្បាលដេរថ្មី៖
ដំណាក់កាលទី១
បើកគម្របមុខរបស់រថយន្តហើយដាក់ប្រដាប់វាស់វ៉ុលលើអាគុយ។ ដាក់ខ្សែឬក្រចាប់ក្រហមនៃប៉ូលវិជ្ជមាននៅលើក្បាលបង្គោលប៉ូលវិជ្ជមានដែលមានសញ្ញាបូក។ ដាក់ក្រចាប់ឬខ្សែអវិជ្ជមានសញ្ញាដករបស់ប្រដាប់វាស់កម្រិតវ៉ុលភ្លើងអាគុយលើបង្គោលប៉ូលដករបស់អាគុយ។ ប្រសិនជាឧបករណ៍នោះចង្អុលបង្ហាញថាមានកម្រិតវ៉ុល១២,៤វ៉ុលឬទាបជាងនេះ ចូរយកអាគុយទៅសាកបញ្ចូលភ្លើងឬដេរវាចេញតែម្តងមុននឹងប្រើប្រាស់តទៅទៀត។
ដំណាក់កាលទី២
ពិនិត្យមើលក្រែងប្រដាប់សម្រាប់មួលរឹតអាគុយវាងាប់ភ្លើងដោយសារតែភាពច្រែសស៊ីឬធូររលុង។ សម្អាតលើក្បាលបង្គោលនៃប៉ូលវិជ្ជមាននិងអវិជ្ជមានប្រសិនជាចាំបាច់ ប៉ុន្តែមុននឹងដកឬផ្តាច់ចរន្តវាចេញ ចូរដាក់អង្គចងចាំដែលជាប្រដាប់សន្សំសំចៃនៃប្រភពថាមពលចូលក្នុងរថយន្ត។
ដំណាក់កាលទី៣
ប្រើប្រាស់ម៉ាឡេតមួលបន្ធូរប្រដាប់សម្រាប់មួលរឹតនៅលើបង្គោលប៉ូលទាំងពីរហើយបន្ទាប់មកដោះវាចេញតែម្តង។ ក្រោយមកទៀតសម្អាតនៅត្រង់សរសេរបង្គោលប៉ូលទាំងពីរដោយច្រាស់សសៃដែកឲ្យបានសម្អាតនូវស្នឹមឬច្រែសកាន់នៅតំបន់នោះ។
ដំណាក់កាលទី៤
អនុញ្ញាតឲ្យមានមនុស្សម្នាក់ជួយកាច់សោដេរបញ្ឆេះ។ ចូរកត់សម្គាល់ពីសំឡេងកិកៗឬក្រិបៗចេញពីប្លុកគម្របម៉ាស៊ីននៅពេលកាច់សោដេរបញ្ឆេះ។ ប្រសិនជាក្បាលដេររថយន្តអ្នកកំពុងតែបន្លឺសូរសំឡេងបែបនេះ ចូរពិនិត្យខ្សែដែលតភ្ជាប់និងក្បាលដេរថាតើវាមានច្រែសស៊ីឬធូររលុងដែរទេ។
ដំណាក់កាលទី៥
ប្រើប្រាស់មេឡេតមួលដោយដៃដើម្បីបន្ធូរខ្ចៅដែលតភ្ជាប់និងខ្សែតំណម៉ូទ័រក្បាលដេរ។ សម្អាតនៅកន្លែងដែលតភ្ជាប់ជាមួយនិងតំបន់នោះដោយប្រើប្រាស់ច្រាស់សសៃដែក។
ដំណាក់កាលទី៦
អនុញ្ញាតឲ្យមានអ្នកជួយកាច់សោដេរបញ្ឆេះ។ ប្រសិនជាដេរទៅមិនឆេះឬឭសំឡេងកិកៗដូចខាងលើដដែល ចូរឲ្យអ្នកជួយបន្ថយការកាច់សោដេរបញ្ឆេះនិងបើកភ្លើងមុខរបស់រថយន្ត។ ចូរឲ្យអ្នកជួយចាប់ផ្តើមដេរបញ្ឆេះជាថ្មីម្តងទៀតខណៈអ្នកសម្លឹងមើលភ្លើងមុខ។ ប្រសិនជាវានៅតែមិនឆេះឬមិនភ្លឺ ក្បាលដេរគឺទំនងជាខូចមិនខានឡើយ។ ប្រសិនជាភ្លើងភ្លឺកម្រិតខ្សោយមិនច្បាស់ នោះអាគុយគឺទំនងជាមានបញ្ហាជាមិនខានឡើយ។
ដំណាក់កាលទី៧
ដោះក្បាលដេរចេញហើយយកវាទៅហាងលក់គ្រឿងបន្លាស់រថយន្តដើម្បីធ្វើតេស្តប្រសិនជាអាគុយបានឆ្លងកាត់ការធ្វើតេស្តភ្លើងមុខ។ ប្រសិនជាក្បាលដេរមិនអាចកែកុនឬជួសជុលបានទេនោះ អ្នកនឹងចាំបាច់ត្រូវដូរវាចេញ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា