Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ពលរដ្ឋផ្អើលឃើញដានជើងខ្លា មេព្រៃសង្ស័យដានជើងឆ្កែ

 ពលរដ្ឋផ្អើលឃើញដានជើងខ្លា មេព្រៃសង្ស័យដានជើងឆ្កែ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយមានការភ្ញាក់ផ្អើលថា ប្រជាពលរដ្ឋប្រទះឃើញខ្លា ២លើក នៅចង្កេះភ្នំពង្រកងវ៉ា ព្រមទាំងមានបន្សល់ទុកស្នាមដានជើងខ្លាផងនោះ អាជ្ញាធរនិងមន្ត្រីជំនាញ បានចុះទៅពិនិត្យដានជើងទាំង២កន្លែងនោះរួចរាល់ហើយ កាលព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ក្រោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលថា បានប្រទះឃើញសត្វខ្លានៅចង្កេះភ្នំពង្រកងវ៉ា ចំនួន២លើក និងឃើញដានជើង ហើយអាជ្ញាធរភូមិ-សង្កាត់ បានរាយការណ៍ជូន លោកបានចុះទៅពិនិត្យ រួមជាមួយមន្ត្រីរដ្ឋបាលក្រុង ឃើញមានដានជើង អាចជាដានជើងខ្លា នៅត្រង់ចង្កេះភ្នំ និងក្បែរផ្ទះអ្នកភូមិជាយជើងភ្នំ។

លោកបានបញ្ជាក់ថា នៅពេលចុះទៅពិនិត្យ អាជ្ញាធរភូមិ-សង្កាត់ ប្រាប់ថា ប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា ១ក្បាល ចំនួន២លើក ដែលមានរាងធំ អាចកម្ពស់ជាង ១ម៉ែត្រ ចេញពីព្រៃចង្កេះភ្នំពង្រកងវ៉ា និងក្បែរផ្ទះភូមិជាប់ ព្រៃជើងភ្នំ ហើយបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ឡើងភ្នំ បេះបន្លែ ផ្លែឈើព្រៃ ត្រូវមានការប្រុងប្រយ័ត្ន។

លោកជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ក្រោយមានការភ្ញាក់ផ្អើលថា បងប្អូនប្រជាពលរដ្ឋប្រទះឃើញខ្លា និងដានជើងនោះ គឺអាចថាមិនមែនការពិតឡើយ តាមការពិនិត្យដានជើង អាចជាដានជើងឆ្កែ ព្រោះបើសិនជាដានជើងខ្លាធំបែបហ្នឹង ផុងដី និងមានក្រចកជើងមុតស្រួច ហើយបើមានខ្លាពិតមែន គឺខ្លាចេញអុកឡុកអ្នកភូមិចេញរកស៊ីចំណីពេលយប់។ ទោះជាយ៉ាងណា មន្ត្រីជំនាញនឹងចុះតាមដានបន្តទៀត៕

RELATED ARTICLES