Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះ៣នាក់ បន្លំធ្វើសង្ឃ ដើរបិណ្ឌបាតលុយ ទិញថ្នាំញៀនជក់

 វ៉ៃខ្នោះ៣នាក់ បន្លំធ្វើសង្ឃ ដើរបិណ្ឌបាតលុយ ទិញថ្នាំញៀនជក់

ខេត្តកណ្តាល ៖ ជនសង្ស័យ ៣នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយរកលុយទិញថ្នាំញៀនមិនបាន ក៏បែកគំនិតកោរសក់ ស្លៀកស្បង់ចីវរ បន្លំធ្វើព្រះសង្ឃ ដើរបិណ្ឌបាតលុយ យកមកទិញថ្នាំញៀនជក់ ទីបំផុតត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហង្ស ទូច ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិខ្សាយ ឃុំត្រពាំងសុក្រំ ស្រុកដងទង់ ខេត្តកំពត (មានសារធាតុញៀន)។ ទី២-ឈ្មោះទ្រី វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត (មានសារធាតុញៀន) និងទី៣-ឈ្មោះម៉េង ទិត្យ ភេទប្រុស អាយុ២៦ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត (មានសារធាតុញៀន)។

ចំណែកវត្ថុតាងចាប់យក រួមមាន ១-បាត្រ ចំនួន៣។ ២-ថង់យាម ចំនួន៣។ ៣-ស្បង់ចីវរ ចំនួន៣ឈុត និង៤-ប្រាក់ ចំនួន ៨៩៥០០រៀល។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ សមាជិកក្រុមប្រឹក្សាឃុំបែកចាន និងប្រជាការពារឃុំ បានប្រទះឃើញលោកសង្ឃ ចំនួន៣អង្គ និមន្តបិណ្ឌបាត នៅចំណុចកើតហេតុខាងលើ។ ដោយមានការសង្ស័យ ទើបសមាជិកក្រុមប្រឹក្សាឃុំបែកចាន និងប្រជាការពារ បាននិមន្តលោកសង្ឃទាំង៣អង្គខាងលើ ទៅវត្តភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសាកសួរព័ត៌មាន។

ប្រភពដដែល បន្តថា ក្រោយមក ក៏ទូរស័ព្ទរាយការណ៍ទៅសាលាអនុគណស្រុកអង្គស្នួល ភ្លាមនោះជំនួយការព្រះអនុគណស្រុក បានចុះទៅធ្វើការត្រួតពិនិត្យ ឃើញថាលោកសង្ឃទាំង៣អង្គនោះ គ្មានឯកសារសម្គាល់ខ្លួនជាសង្ឃ គឺជាសង្ឃក្លែងក្លាយ រួចបាននាំទៅសាលាអនុគណស្រុកអង្គស្នួល ស្ថិតនៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ធ្វើការដោះស្បង់ចីវរ (ចាប់ផ្សឹក) និងបានរាយការណ៍មកកម្លាំងសមត្ថកិច្ចផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក។

ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចបានសហការជាមួយកម្លាំងផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍ក្រាំង ម្កាក់ បានចុះទៅដល់សាលាអនុគណស្រុក ហើយបានធ្វើការប្រគល់-ទទួលជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ដើម្បីសាកសួរនាំបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានគ្រងស្បង់ចីវរ ដោយគ្មានសិទ្ធិ (ក្លែងបន្លំខ្លួនជាសង្ឃ) ហើយដើរបិណ្ឌបាតប្រាកដមែន ដោយក្នុង ១ថ្ងៃ រកបានប្រាក់ចំនួន ៧ម៉ឺនរៀល ហើយចូលលុយគ្នាទិញថ្នាំញៀន ដើម្បីប្រើប្រាស់ ជាមួយគ្នា ដោយពួកខ្លួនបានប្រើប្រាស់ថ្នាំញៀន អស់រយៈ ពេល៥ទៅ៦ខែមកហើយ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES