ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តតូយ៉ូតា Fortuner ពាក់ស្លាកលេខនគរបាល ១គ្រឿង កាងផ្លូវថ្នល់ មិនឲ្យគេវ៉ា លុះរថយន្ត១គ្រឿង បើកបរពីក្រោយ ចុចស៊ីផ្លេសុំផ្លូវ ស្រាប់តែខ្មាន់កាំភ្លើងអាងស្បែក ដកកាំភ្លើងបាញ់ ១គ្រាប់ សំដៅរថយន្តព្រូស បណ្តាលឱ្យធ្លុះកញ្ចក់ខាងក្រោយ ហើយគ្រាប់កាំភ្លើងបានហោះទៅត្រូវស្ត្រីជនជាតិចិនម្នាក់ ដែលជិះក្នុងរថយន្ត ចំណែកខ្មាន់កាំភ្លើង បានបត់រថយន្តត្រឡប់ក្រោយ រួចបើកគេចបាត់ភ្លាមៗ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាម បណ្តោយផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
តាមសម្តីបុរសជាអ្នកបើកបររថយន្តតូយ៉ូតា ព្រូស បានរៀបរាប់ប្រាប់ថា មុនកើតហេតុ គាត់ដឹកភ្ញៀវស្ត្រីជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុ គាត់ឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា Fortuner ពណ៌ស ពាក់ស្លាកលេខ នគរបាល បើកយឺតៗ នៅពីមុខលើគន្លងផ្លូវវ៉ាជែង ឃើញដូច្នេះ គាត់មិនហ៊ានវ៉ាជែងខាងស្តាំទេ សុខចិត្តចុចស៊ីផ្លេ និងបើកភ្លើងស៊ីញ៉ូ ក្នុងបំណងសុំវ៉ា តែរថយន្ត Fortuner នោះ អាងតែពាក់ស្លាកលេខនគរបាល មិនឱ្យវ៉ាជែងនោះទេ ហើយបែរជាជាន់ហ្វ្រាំងទាំងបង្ខំ ក្នុងចេតនាឱ្យគាត់បុកពីក្រោយ តែគាត់ជាន់ហ្វ្រាំងទាន់ ទើបមិនបុក ស្រាប់តែរថយន្តបង្ក អែបទៅស្តាំវិញ។ ឃើញដូច្នេះ គាត់ក៏បើកវ៉ាជែងបានទៅមុន ស្រាប់តែខ្មាន់កាំភ្លើង បើកដេញតាមពីក្រោយ ដល់ទន្ទឹមរថយន្តគាត់ ក៏ដកកាំភ្លើងបាញ់ ១គ្រាប់ ធ្លាយកញ្ចក់ចំហៀងខាងស្តាំ បណ្តាលឱ្យគ្រាប់កាំភ្លើងត្រូវចំដៃស្ត្រីជនជាតិចិន ដែលជាភ្ញៀវកំពុងជិះរថយន្តរបស់គាត់ រងរបួសតែម្តង។ ចំណែករថយន្តបង្កហេតុ បានបត់រថយន្តត្រឡប់ក្រោយ គេចទៅបាត់។
បុរសខាងលើ បានបន្តថា ដោយភ័យខ្លាច ជនរងគ្រោះឱ្យគាត់បើករថយន្តទៅដល់ចំណុចគល់ស្ពានអាកាសជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទើបឈប់ហើយជនរងគ្រោះទៅមន្ទីរពេទ្យ រីឯរូបគាត់បើកបររថយន្តទៅប្តឹងនគរបាលនៅប៉ុស្តិ៍ ប្រទះឡាង វិញ ។
ជុំវិញករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកជនបង្កជាខ្មាន់កាំភ្លើង មកដាក់ទោសតាមច្បាប់៕