Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្រុមចោរលួចឆក់ប្លន់ វ៉ៃខ្នោះ៩

បង្ក្រាបក្រុមចោរលួចឆក់ប្លន់ វ៉ៃខ្នោះ៩

ភ្នំពេញ ៖ ជនសង្ស័យ១ក្រុម ជាមុខសញ្ញាលួច ឆក់ និងប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ និងស្រុកអង្គ ស្នួល ខេត្តកណ្តាល ចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប និងបង្ហាញមុខជាសាធារណៈ នៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ កាលពីម៉ោង ៣រសៀល ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។

ជនសង្ស័យដែលបង្ហាញមុខ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរ បាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានចំនួន៤នាក់ និង៥នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបង្ហាញមុខនេះ មាន៣បទល្មើស រួមមាន ៖

ទី១-ពាក់ព័ន្ធអំពើប្លន់ធាក់យកម៉ូតូ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋានខណ្ឌកំបូល ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥នាក់ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ។ មុខសញ្ញាទាំងនោះ ជាមុខសញ្ញាធាក់ប្លន់យ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកអង្គស្នួលខេត្តកណ្តាល ជាមុខសញ្ញាធ្លាប់ឆក់នៅក្នុងខណ្ឌកំបូល ផងដែរ។

ទី២-ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តិអំពើហិង្សា (ឆក់កាបូប) ដោយមានទ្រព្យសម្បត្តិមួយចំនួន ហើយត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរ បាលព្រហ្មកម្រិតធ្ងន់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានចំនួន២នាក់។ ជនសង្ស័យ២នាក់ ជាមុខសញ្ញាធ្លាប់ជាប់ ពន្ធនាគារ និងមុខសញ្ញាឆក់យ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ទី៣-ជនសង្ស័យ ២នាក់ទៀត ពាក់ព័ន្ធនឹងអំពើលួច ត្រូវបានកម្លាំងល្បាតឆែកឆេរឃើញមានដែកកាចម៉ូតូ ទួរណឺវីស និងពូថៅ ហើយធ្វើការឃាត់ខ្លួនបានទាន់ពេល។

ការបង្ហាញលទ្ធផលបង្ក្រាប និងជនសង្ស័យទាំង៩នាក់ នៅពេលនេះ គឺជាការខិតខំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការ ទប់ស្កាត់ក្មេងទំនើង និងចាត់វិធានការក្នុងការបង្ក្រាបបទ ល្មើសផ្សេងទៀត ដូចជាបទល្មើសលួច ឆក់ ប្លន់ ក្នុងអំឡុងបង្ការទប់ស្កាត់បង្ក្រាបក្មេងទំនើង។ ហើយនេះជាការខិតខំប្រឹងប្រែងរបស់កងកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីការពារ ថែរក្សាសន្តិសុខសុវត្តិភាពជូន ប្រជាពលរដ្ឋ ក៏ដូចជាភ្ងៀវទេសចរជាតិនិងអន្តរជាតិ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៍បានបញ្ជាក់ថា ក្នុងមួយរយៈពេលចុងក្រោយនេះ ពាក់ព័ន្ធនឹងការបង្ក្រាបក្មេងទំនើង ការបង្ក្រាបអំពើលួចឆក់ប្លន់ក្តី កម្លាំងសមត្ថកិច្ចធ្វើយ៉ាងក្តៅគគុក ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋផ្តល់នូវជំនឿទុកចិត្តមកលើកងកម្លាំងនគរបាលរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ឱ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើង រយៈពេលចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងឃាត់ខ្លួនបានចំនួន ៤៨នាក់ ដែលបានធ្វើសកម្មភាពចំនួន១២ករណី ក្នុងនោះ មានអ្នកខ្លះបានកាន់កាប់អាវុធខុសច្បាប់ ប្រើដាវ និងខ្លះបានប្រើអំពើហិង្សា។ ក្មេងទំនើងទាំង ៤៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ អនុវត្តទៅតាមនីតិវីធីរួចហើយ និងបន្តធ្វើការស្រាវជ្រាវបន្តកំណត់មុខសញ្ញាក្មេងទំនើងនៅតាមបណ្តាលខណ្ឌនានា នឹងឈានទៅបង្ក្រាបបន្តទៀត។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្ថែមថា នៅក្នុងរយៈពេលចុងក្រោយនេះ បញ្ហាក្មេង ទំនើង ហាក់ដូចជាមានការថយចុះ៕

RELATED ARTICLES