Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ដើមឈើសង្កត់ម៉ូតូ របួសមនុស្ស២នាក់

បាក់ដើមឈើសង្កត់ម៉ូតូ របួសមនុស្ស២នាក់

ភ្នំពេញ ៖ មនុស្សប្រុសស្រី ២នាក់ កំពុងជិះម៉ូតូ ១គ្រឿង ដឹកគ្នាតាមផ្លូវ ស្របពេលមេឃកំពុងតែធ្លាក់ភ្លៀងលាយខ្យល់កន្ត្រាក់ផងនោះ ស្រាប់តែត្រូវដើមឈើ ១ដើម ប្រភេទដើមត្រសេក បានបាក់សង្កត់ទាំងកំរោល បណ្តាលឱ្យអ្នកជិះម៉ូតូទាំង២នាក់ រងរបួសធ្ងន់ ចំណែកម៉ូតូ រងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម កែងផ្លូវលេខ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មេឃកំពុងធ្លាក់ភ្លៀងលាយខ្យល់កន្ត្រាក់ ពេលនោះមានមនុស្សប្រុសស្រី ២នាក់ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឃ្លីក ពាក់ស្លាកលេខ ភ្នំពេញ 1CA-9175 បានធ្វើដំណើរតាមបណ្តោយមហាវិថីកម្ពុជាក្រោមក្នុងទិសដៅពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមែកដើមត្រសេកធំមួយបានបាក់សង្កត់មនុស្សប្រុសស្រីដែលជិះម៉ូតូនោះ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូ រងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានយកម៉ាស៊ីនអារឈើ មកកាត់មែកឈើនោះចេញ ខណៈមែកឈើនេះបាក់សង្កត់ម៉ូតូ និងកាត់ទទឹងផ្លូវទាំងស្រុងតែម្តង។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថ កិច្ចយកទៅរក្សាទុកនៅប៉ុស្តី៍នគរបាលរដ្ឋបាលទឹកល្អក់១ ជាបណ្តោះអាសន្ន៕

RELATED ARTICLES