សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យតុលាការក្រុងញូវយ៉ក បានសម្រេចថា លោកដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីអាមេរិក មានទោសតាមគ្រប់បទចោទទាំង៣៤ករណី ក្នុងសំណុំរឿងចាយលុយបំបិទមាត់តារាស្រីដែលលោកបានរួមភេទជាមួយ និងក្លែងបន្លំឯកសារហិរញ្ញវត្ថុ។

តាមប្រភព VOA បានឲ្យដឹងថា ចៅក្រម បានកំណត់ពេលប្រកាសសាលក្រមកាត់ទោស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ។ លោកដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិកទី១ ដែលត្រូវបានកាត់ទោសពីបទល្មើសព្រហ្ម ទណ្ឌ ក្នុងប្រវត្តិសាស្ត្រអាមេរិក។
តាមប្រភព Reuters បានឲ្យដឹងថា ជាមួយគ្នានេះដែរ គណៈវិនិច្ឆ័យតុលាការក្រុងញូវយ៉ក ក៏បានរកឃើញថា លោកត្រាំ មានពិរុទ្ធពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មក្នុងការប៉ុនប៉ងដែលមានឥទ្ធិពលលើលទ្ធផលនៃការបោះ ឆ្នោត ឆ្នាំ២០១៦ ។
ចៅក្រមចំនួន ១២នាក់ ដែលចូលក្នុងសវនាការ ក៏បានជឿលើអំណះអំណាងរបស់ព្រះរាជអាជ្ញា ដែលថា លោកត្រាំ បានបិទបាំងនូវប្រាក់ដែលបានបង់ទៅឱ្យតារាភាពយន្តម្នាក់។
រដ្ឋអាជ្ញា បាននិយាយថា លោកត្រាំ បានព្យាយាមបិទបាំងការបង់ប្រាក់ចំនួន ១៣០ ០០០ ដុល្លារ ដើម្បីបិទមាត់តារាសម្តែង ស្ទ័រមី ដានៀលស៍ (Stormy Daniels) អំពីការជួបគ្នាដើម្បីរួមភេទ។
ទោះបីជាយ៉ាងណា លោកត្រាំ បាននិយាយថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយអ្វីទាំងអស់ ជាការរៀបចំ។ លោកថា លោកជាមនុស្សស្លូតត្រង់ណាស់ ហើយមិនអីទេ លោកតស៊ូដើម្បីប្រទេសរបស់លោក តស៊ូដើម្បីរដ្ឋធម្មនុញ្ញ និងដើម្បីយុត្តិធម៌សម្រាប់ប្រជាជនអាមេរិក។

គួរបញ្ជាក់ដែរថា ការផ្តន្ទាទោសខាងលើនេះ នឹងមិនបានរារាំងលោកដូណាល់ ត្រាំ ពីការឈរឈ្មោះក្នុងការបោះ ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនោះទេ។ ទន្ទឹមនឹងនេះ លោកក៏ប្រឈមនឹងការចោទ ប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន៣ផ្សេងទៀតផងដែរ។
ប្រភពដដែល បន្តថា ចៅក្រម បានផ្តល់ការដោះលែងលោកត្រាំ ជាបណ្ដោះអាសន្ន ដោយមិនចាំបាច់ប្រកាសនៅក្រៅឃុំ ហើយតុលាការ កំពុងពិចារណាលើភ័ស្តុតាងទាំងអស់ម្តងទៀតដោយលម្អិត ដែលជាជំហានចុង ក្រោយ មុនពេលសម្រេចចិត្តប្រកាសសាលក្រម នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃមុនពេលដែលគណ បក្សសាធារណរដ្ឋ ត្រូវបានកំណត់ដើម្បីតែងតាំងលោកត្រាំ ជាផ្លូវការ ជាតំណាងគណបក្សសាធារណរដ្ឋ ក្នុងការប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី ជាមួយបេក្ខជនប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ គឺលោក ចូ បៃដិន (Joe Biden) មុនការបោះឆ្នោតនៅថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២៤ ។
ទោះបីជាយ៉ាងណា លោកដូណាល់ ត្រាំ វ័យ ៧៧ឆ្នាំ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ ហើយមេធាវីតំណាងគាត់ បាននិយាយថា គាត់នឹងប្តឹងឧទ្ធរណ៍ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។
លោកត្រាំ បានប្រាប់អ្នកសារព័ត៌មានថា នេះជាការអាម៉ាស់ ខណៈដែលគាត់បានប្រកាសពីភាពគ្មានកំហុសរបស់គាត់។ លោកសង្កត់ធ្ងន់ថា ការកាត់ទោសនេះ គឺជាការបោកប្រាស់ ហើយបាននិយាយថា «សាលក្រមពិតប្រាកដ នឹងត្រូវប្រកាសនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយប្រជាពលរដ្ឋ»។
យោងតាមលទ្ធផលស្ទង់មតិបង្ហាញថា លោកត្រាំ និងលោកបៃដិន អាយុ ៨១ឆ្នាំ ប្រឈមមុខនឹងការប្រកួតប្រ ជែងដ៏ខ្លាំងក្លា និងការស្ទង់មតិរបស់ Reuters វាបានរកឃើញថា សាលក្រមមានកំហុសអាចធ្វើឱ្យលោកត្រាំ ទទួលបានការគាំទ្រពីអ្នកបោះឆ្នោតឯករាជ្យ និងគណបក្សសាធារណរដ្ឋ។
គណៈវិនិច្ឆ័យ បានរកឃើញលោកត្រាំ មានពិរុទ្ធពីបទក្លែងបន្លំឯកសារអាជីវកម្ម បន្ទាប់ពីរយៈពេលប្រាំសប្តាហ៍ នៃការពិចារណាការបង្ហាញភ័ស្តុតាងនៅក្នុងបន្ទប់សវនាការ តារាភាពយ ស្ទ័រមី ដានៀលស៍ (Stormy Daniels) បានផ្តល់សក្ខីកម្មអំពីការរួមភេទជាមួយលោកត្រាំ ក្នុងឆ្នាំ ២០០៦ ខណៈពេលដែលគាត់បានរៀបការជាមួយប្រពន្ធបច្ចុប្បន្នរបស់គាត់ គឺលោកស្រី ម៉ាឡានៀ ត្រាំ (Melania Trump) តែលោកត្រាំ បានបដិសេធថា មិនធ្លាប់រួមភេទជាមួយនាងស្ទ័រមី ដានៀលស៍។

លោក ម៉ៃឃើល កូហេន (Michael Cohen) អតីតមេធាវីរបស់លោកត្រាំ ការផ្តល់សក្ខីកម្មថា លោកត្រាំ បានយល់ព្រមលើការបង់ប្រាក់ចំនួន ១៣០ ០០០ដុល្លារ ដល់នាងដានៀលស៍ អំឡុងពេលសប្តាហ៍ចុងក្រោយនៃការ បោះឆ្នោតឆ្នាំ២០១៦ នៅពេលដែលលោកត្រាំ ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនអំពីអាកប្បកិរិយាផ្លូវភេទមិនសមរម្យ។ យុទ្ធនាការរបស់លោកចូ បៃដិន បាននិយាយថា សាលក្រមបង្ហាញថា គ្មានអ្នកណានៅពីលើច្បាប់នោះទេ និងបានជំរុញអ្នកបោះឆ្នោត កុំឱ្យបោះឆ្នោតឱ្យលោកត្រាំ៕