Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបក្លឹបរាត្រីប្រើថ្នាំញៀន ឃាត់ខ្លួន២៤នាក់

បង្ក្រាបក្លឹបរាត្រីប្រើថ្នាំញៀន ឃាត់ខ្លួន២៤នាក់

ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបក្លឹបកម្សាន្ត TNL (ចម្ការខ្នុរ) ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន២៤នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិចម្ការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ប្រាប់ថា ប្រតិបត្តិការបង្ក្រាបទីតាំងក្លឹបកម្សាន្តTNL (ចម្ការខ្នុរ) នេះ បានធ្វើឡើងចាប់ពីម៉ោង២រំលងអធ្រាត្រ រហូតដល់ម៉ោង ៤ទៀបភ្លឺ ដោយឃាត់ ខ្លួនមនុស្សចំនួន២៤នាក់ ក្នុងនោះមានភ្ញៀវ ចំនួន១៧នាក់ (ស្រី២) និងអ្នកបម្រើសេវាក្នុងក្លឹប ចំនួន៧នាក់រឹប អូសវត្ថុតាង មានគ្រឿងញៀន មួយចំនួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ។

លោកអធិការ បន្តថា ការចុះប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្តនេះ គឺអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដោយបាននាំកម្លាំងនគរបាលអធិការដ្ឋាន នគរបាលក្រុងសិរីសោភ័ណ ចុះប្រតិត្តិការបង្ក្រាបឃាត់ ២៤នាក់ (ស្រី២) ដើម្បីយកមកធ្វើតេស្តរកសាធាតុញៀន បើរកឃើញ នឹងអនុវត្តតាមច្បាប់ ដោយត្រូវបញ្ជូនទៅតុលាការ។ ចំណែកអ្នកដែលរកមិនឃើញសារធាតុញៀន នឹងធ្វើការអប់រំ ធ្វើកិច្ចសន្យា។

លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ថា ជាការណែនាំពីលោកអ៊ុំ រាត្រី ប្រធានគណៈ បញ្ជាការឯកភាពខេត្ត ឱ្យធ្វើការលុបបំបាត់បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ។

លោកអភិបាលក្រុង បានបន្តថា ក្នុងការដឹកនាំប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ត និងហាងខារ៉ាអូខេ ខាងលើនេះ គឺបន្ទាប់ពីស៊ើបដឹងថា ក្លឹបកម្សាន្តនោះ មានលួចលាក់បង្កប់ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗ ដែលត្រូវលុបបំបាត់។ ជាក់ស្តែង សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២៤នាក់ (ស្រី២) និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួន។

លោកអភិបាល បានបញ្ជាក់ថា ក្រោយបញ្ចប់ប្រតិបត្តិការ ក្លឹបកម្សាន្តខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន ហើយជាមួយនេះ អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តអនុវត្តចំពោះក្លឹបកម្សាន្ត និងខារ៉ាអូខេផ្សេងៗទៀត ដែលសង្ស័យថាបង្កប់ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សងៗ ពោលគឺត្រូវអនុវត្តឱ្យដូចភ្លៀងរលឹម ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន និងក្រុមបងតូចបងធំ មិនឱ្យកើតមានក្នុងមូលដ្ឋានឡើយ៕

RELATED ARTICLES