Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ឡានសណ្តោងក្រឡាប់ ចាក់ម្សៅជ័រពេញផ្លូវ

 ឡានសណ្តោងក្រឡាប់ ចាក់ម្សៅជ័រពេញផ្លូវ

ភ្នំពេញ ៖ រថយន្តសណ្តោង ១គ្រឿង ខណៈបើកបរលឿនទៅដល់ចំណុចរង្វង់មូល បួងចង្កូតខ្លាំងពេក ធ្វើឱ្យក្រឡាប់ របូតកន្លឹះកន្ទុយរ៉ឺម៉ក ក្រឡាប់ចាក់ម្សៅជ័រចោលពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅលើមហាវិថីឈ្នះ-ឈ្នះ ត្រង់ចំណុចរង្វង់មូលគល់ផ្លូវល្បឿនលឿន ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8420 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដឹកម្សៅជ័រសម្រាប់ផលិតទុយោជ័រ រាប់រយបាវ ហើយបាវម្សៅជ័រ បានធ្លាក់រាយប៉ាយពេញផ្លូវ ចំណែករថយន្ត បានរងការខូចខាតយ៉ាងដំណំ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើ បើកបរក្នុងទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះមកទៅចំណុចកើតហេតុ ត្រង់រង្វង់មូលគល់ផ្លូវល្បឿនលឿន អ្នកបើកបរកាច់ចង្កូតបត់កោងតាមទម្រង់រង្វង់មូលខ្លាំងពេក ទើបធ្វើឱ្យរបូតគន្លឹះកន្ទុយរ៉ឺម៉ក ក្រឡាប់ភីង ចាក់បាវម្សៅជ័រ រាប់សិបបាវ ចោលពេញផ្លូវ ចំណែកក្បាលរថយន្តមិនបានក្រឡាប់នោះទេ ហើយខណៈនោះពុំបានបណ្តាលឱ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅកាន់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍កុំឱ្យកកស្ទះ ព្រមទាំងពិនិត្យជាក់ស្តែង ឃើញមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋ ឬឯកជនណាមួយនោះឡើយ ទើបសម្រេចឱ្យម្ចាស់ចាត់ចែងនាំយករថយន្តនិងទំនិញនោះចេញពីផ្លូវកន្លែងកើតហេតុ៕

RELATED ARTICLES