Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃ រកឃើញគ្រាប់កាំភ្លើង៦កេស លាក់ក្បែរព្រំដែនខ្មែរ

ថៃ រកឃើញគ្រាប់កាំភ្លើង៦កេស លាក់ក្បែរព្រំដែនខ្មែរ

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើងយន្ត ធុន១២,៧មិល្លីម៉ែត្រ ចំនួន៦កេស ស្មើនឹងចំនួន៥១០គ្រាប់ ត្រូវក្រុមទាហានឈុតខ្មៅថៃ ដើរល្បាតប្រទះឃើញ លាក់ទុកនៅក្បែរព្រំដែនកម្ពុជា កាលពីរសៀលថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិណងបន ឃុំធុងកាណាន ស្រុកសយដាវ ខេត្តចន្ទបុរី ប្រទេសថៃ ឈមនឹងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយប្រមាណ៥០០ម៉ែត្រ ពីព្រំដែន។

យោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចព្រំដែន បានឱ្យដឹងថា គ្រាប់កាំភ្លើងយន្តធុនធ្ងន់នេះ ត្រូវបានទាហានថៃ ប្រទះឃើញច្រកក្នុងបាវ ចំនួន២ កប់ក្នុងរណ្តៅ និងគ្រប់ពីលើដោយស្លឹកឈើ នៅក្នុងព្រៃមួយកន្លែង នៅក្បែរព្រំដែនកម្ពុជា-ថៃ។ ប៉ុន្តែគេមិនទាន់ដឹងពីប្រភពច្បាស់ លាស់នៃគ្រាប់កាំភ្លើង ឬជនអានាមិកដែលលាក់ទុក គ្រាប់នោះទេ។

ប្រភពដដែល បញ្ជាក់ថា គ្រាប់កាំភ្លើងធុន ១២,៧មិល្លីម៉ែត្រ ទាំងចំនួន៦កេស ស្មើនឹងចំនួន៥១០គ្រាប់នេះ សុទ្ធតែ នៅមានគុណភាពល្អ ថ្មីច្រឺងតែម្តង។

គួររំលឹកថា កាលពីអំឡុងដើមឆ្នាំ២០២៤ ក្រុមទាហានឈុតខ្មៅថៃ ក៏ធ្លាប់ចេញដើរល្បាតប្រទះឃើញអាវុធយុទ្ធភណ្ឌ និងគ្រាប់កាំភ្លើង ជាច្រើនប្រភេទដែលជនមិនស្គាល់មុខលាក់ទុកនៅក្នុងទឹកដីនៃប្រទេសថៃ ក្បែរព្រំដែនកម្ពុជា ត្រង់ចំណុចដដែលនេះ ចំនួន៣លើកមកហើយ ហើយលើកនេះជាលើកទី៤។ គ្រាប់និងអាវុធយុទ្ធភណ្ឌទាំងនោះ ត្រូវបានកម្លាំងទាហានថៃ ប្រទះឃើញច្រកក្នុងបាវ កប់ក្នុងដី និងគ្របមេកឈើ ក្បែរចម្ការមៀន មួយកន្លែង នៅក្នុងឃុំធុងកាណាន ស្រុកសយដាវ ខេត្តចន្ទបុរី ជិតអូរព្រំដែនកម្ពុជា-ថៃ។

កាលដើមឆ្នាំ២០២៤ នោះក្រុមទាហានថៃ រកឃើញលើកទី១ នៅថ្ងៃទី០៩ ខែមករា ដែលមានកាំភ្លើងធុន AK-47 ចំនួន២២ដើម កាំភ្លើងធុន M-16 ចំនួន១៥ដើម គ្រាប់បែកដៃ ចំនួន១៤០គ្រាប់ កាំភ្លើងយន្តធុន១២,៧មិល្លីម៉ែត្រ ចំនួន១ដើម និង គ្រាប់កាំភ្លើងយន្តធុន ១២,៧មិល្លីម៉ែត្រ ចំនួន៥១០គ្រាប់។ លើកទី២ ទាហានថៃ បានរកឃើញគ្រាប់កាំភ្លើងបន្ថែមទៀត នៅថ្ងៃទី២២ ខែមករា ក្បែរកន្លែងដដែល ដោយរកឃើញគ្រាប់កាំភ្លើងយន្តធុន ១២,៧ មិល្លីម៉ែត្រ ចំនួន១២កេស ស្មើនឹងចំនួន១០២០គ្រាប់។ លើកទី៣ ក្រុមទាហានថៃ ដដែលបានរកឃើញ គ្រាប់កាំភ្លើងយន្តធុន ១២,៧មិល្លីម៉ែត្រ ចំនួន៣កេសបន្ថែមទៀត នៅរសៀលថ្ងៃទី១១ ខែមីនា ក្បែរកន្លែងដដែលទៀតក្នុងទឹកដីថៃ ចម្ងាយពីព្រំដែនកម្ពុជា-ថៃ ប្រមាណ៣០០ម៉ែត្រ។ ហើយលើកទី៤នេះ រកឃើញនៅថ្ងៃទី០៣ ខែមិថុនា គ្រាប់កាំភ្លើងធុន ១២,៧មិល្លីម៉ែត្រ ចំនួន៣កេស ទៀត ស្មើនឹងចំនួន៥១០គ្រាប់។

បើយោងតាមការរកឃើញអាវុធយុទ្ធភណ្ឌ ចំនួន០៤លើក នៅក្នុងទឹកដីនៃប្រទេសថៃ ជាបន្តបន្ទាប់ខាងលើនេះ គឺគ្រាប់និងអាវុធទាំងនេះ ត្រូវបានជនមិនស្គាល់មុខនាំយកទៅកប់ដីលាក់ទុកក្នុងទឹកដីប្រទេសថៃ នៅកន្លែងក្បែរៗគ្នា ហើយគេមិនទាន់ដឹងថា តើគ្រាប់ និងអាវុធយុទ្ធភណ្ឌដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ ត្រូវគេនាំចូលឬនាំចេញពីប្រភពណាឱ្យប្រាកដនោះទេ ដែលយកទៅលាក់ទុកក្នុងទឹកដីថៃ ក្បែរព្រំដែនកម្ពុជា ទើបត្រូវទា ហានថៃ ដើរល្បាតប្រទះឃើញជាបន្តបន្ទាប់បែបនេះ៕

RELATED ARTICLES