Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូវិទ្យាល័យជាស៊ីម ឈូកវ៉ា តវ៉ាទាមទារប្តូរនាយក

គ្រូវិទ្យាល័យជាស៊ីម ឈូកវ៉ា តវ៉ាទាមទារប្តូរនាយក

ភ្នំពេញ ៖ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យជាស៊ីម ឈូកវ៉ា ចំនួន៦៧នាក់ ក្នុងចំណោមបុគ្គលិក១១០នាក់ បានផ្ទុះការតវ៉ាជាថ្មី ដោយលើកបដាព្រោងព្រាត ដើម្បីស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡា ជាពិសេសសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍ដកលោកនាយក និងលោកនាយករង ចេញ ព្រោះដឹកនាំមានភាពមិនប្រក្រតី ពុករលួយ បក្ខពួកនិយម។

ការតវ៉ានេះបានផ្ទុះឡើងជាថ្មី កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចបរិវេណវិទ្យាល័យ ជាស៊ីម ឈូកវ៉ា ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៦២ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

នេះជាការតវ៉ាលើកទី២ហើយ ដែលលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យខាងលើ បានធ្វើការតវ៉ា ដើម្បីទាមទារដកលោកប៊ុន មុនី ជានាយក និងលោកយ៉ើ លាង ជានាយករង ចេញ ដោយបានចោទថា លោកប៊ុន មុនី ជានាយកផ្តាច់ការ ប្រើប្រាស់អំណាច សម្តីអសុរោះ ចំពោះបុគ្គលិក ចាយវាយថវិកាក្នុងសាលា ក្នុងអង្គភាពដោយសេរី។

តាមលោកគ្រូ អ្នកគ្រូ ដែលបានប្រមូលផ្តុំតវ៉ាបានឱ្យដឹងថា  ការជួបជុំគ្នាតវ៉ាថ្ងៃនេះ ដើម្បីស្នើសុំទៅក្រសួងអប់រំយុវជន និងកីឡា សុំប្តូរគណៈគ្រប់គ្រងសាលា ព្រោះចាប់តាំងពីលោកប៊ុន មុនី មកគ្រប់គ្រងជានាយកវិទ្យា ល័យជាស៊ីម ឈូកវ៉ា នេះមក គ្មានការរីកចម្រើនោះទេ ហើយ សាលាខ្វះទឹកខ្វះភ្លើងគ្រប់យ៉ាង។

តាមលិខិតរបស់លោកគ្រូអ្នកគ្រូ ដែលបានប្តឹងទៅប្រធានអង្គភាពប្រឆាំងអំពើពុកលួយ ស្នើសុំដកលោកប៊ុន មុនី ជានាយក និងលោកយ៉ើ លាង ជានាយករង​​ នៃវិទ្យាល័យជាស៊ីម ឈូកវ៉ា ចេញពីអង្គភាព បានឱ្យដឹងថានាពេលកន្លងមក លោកនាយ និងនាយករងសាលា ពិតជាបានប្រព្រឹត្តខុស និងទទួលកំហុសនៅអំពើទាំងនេះមែន ដោយចំណុចទី១-ប្រើប្រាស់ពាក្យសម្តីអសុរោះចំពោះបុគ្គលិក។ ទី២-ប្រើប្រាស់ថវិកាក្នុងអង្គភាព គ្មានតម្លាភាព។ ទី៣-គាបសង្កត់លោកគ្រូអ្នកគ្រូ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ទី៤-ការងារក្នុងអង្គភាពមួយចំនួន សម្រេចតែម្នាក់ឯង (អត្តនោម័តនិយម បក្ខពួកនិយម) និងទី៥-ឃោសនាបញ្ចុះបញ្ជូនអាណាព្យាបាលសិស្សានុសិស្ស ឱ្យបង់ប្រាក់។

តាមលោកគ្រូ អ្នកគ្រូ បានឱ្យដឹងថា បន្ទាប់ពីផ្ទុះការតវ៉ាលើកមុន មន្ទីរអប់រំយុវជននិងកីឡា បានចុះទៅសម្រ បសម្រួល ដោយសន្យាថា នឹងដោះស្រាយនៅចុងខែឧសភា ឆ្នាំ២០២៤ តែស្ងាត់ទៅវិញ ទើបពួកគាត់សម្រេចតវ៉ាសាជាថ្មី ហើយបើគ្មានដំណោះស្រាយដកលោកប៊ុន មុនី នាយក និងលោកយ៉ើ លាង នាយករងវិទ្យាល័យជាស៊ីម ឈូកវ៉ា ចេញទេ ពួកគាត់នឹងបន្តតវ៉ាទៀត  និងធ្វើពហិការមិនចូលបង្រៀនសិស្សនោះទេ។

ជុំវិញករណីខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោកប៊ុន មុនី នាយក និងលោកយ៉ើ លាង នាយករងវិទ្យាល័យជាស៊ីម ឈូកវ៉ា បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES