ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ ខំរកស៊ីលក់បាយឆា មីឆា តាមចិញ្ចើមផ្លូវ សន្សំលុយញាត់កូនជ្រូក បានប្រមាណ ៥០០ ដុល្លារ ស្រាប់តែត្រូវចោរគាស់ផ្ទះ ចូលទៅបោកកូនជ្រូក ប្រមូលលុយសន្សំទាំងអស់ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះជួល ១កន្លែង ស្ថិតក្នុងក្រុមទី២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមប្រភពអ្នកស្នាក់នៅជិតខាងបន្ទប់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដើរចេញពីផ្ទះជនរងគ្រោះ ដោយឮសំឡេងធ្លាក់កូនជ្រូក ហើយភ្លាមនោះ ជន សង្ស័យបានប្រមូលលុយ រត់គេចខ្លួនបាត់។ លុះពេលមកមើលផ្ទះជនរងគ្រោះ ឃើញត្រូវបានជនសង្ស័យលួចគាស់បន្ទប់ និងរើអីវ៉ាន់រាយប៉ាយពេញផ្ទះ ទើបប្រញាប់ទូរស័ព្ទប្រាប់ជនរងគ្រោះជាម្ចាស់ផ្ទះ ឱ្យមកពិនិត្យមើលភ្លាមៗ។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីប្រពន្ធគាត់ខំរកស៊ីដាច់យប់ជារៀងរាល់ថ្ងៃ មិនហ៊ានសម្រាក ឡើយ ដើម្បីរកប្រាក់ ចិញ្ចឹមជីវិត និងសន្សំលុយញាត់កូនជ្រូក បានប្រមាណ ៥០០ដុល្លារ ស្រាប់តែចោរលួច គាស់បន្ទប់ លួចយកទៅអស់ ធ្វើឱ្យគាត់ទន់ដៃទន់ជើងតែម្តង។ ដំបូងគាត់ស្មានថាបាត់លុយចំនួនជាង ១ពាន់ដុល្លារ ដែលគាត់ខំសន្សំជាច្រើនខែ មកហើយ ដោយគាត់បានដាក់លុយក្នុងកូនជ្រូក ចំនួនជាង៥០០ដុល្លារ ហើយលុយនៅក្នុងកាបូប មានជាង៥០០ដុល្លារទៀត តែសំណាងល្អ ជនសង្ស័យរកមិនឃើញ លួចយកតែលុយនៅក្នុងកូនជ្រូកប៉ុណ្ណោះ ចំណែកសម្ភារៈក្នុងផ្ទះ ត្រូវជនសង្ស័យរើកកាយខ្ទេចអស់។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខជនសង្ស័យ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕