Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សគេចសាលា ចូលហាងកាហ្វេ ប៉ូលិសដើរប្រមូលបាន១៣នាក់

សិស្សគេចសាលា ចូលហាងកាហ្វេ ប៉ូលិសដើរប្រមូលបាន១៣នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការចុះប្រមូលក្មេងៗសិស្សសាលា សរុបចំនួន១៣នាក់ ដែលនាំគ្នាគេចសាលា មិនចូលរៀន ទៅពពាក់ពពូនលេងបុកប៊ីយែរ និងជក់បារី នៅតាមហាងកាហ្វេ។

ប្រតិបត្តិការបង្ក្រាបសិស្សគេចសាលានេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅតាមកន្លែងកម្សាន្តនានា ដូចជា កន្លែងបុកប៊ីយែរ និងហាងកាហ្វេ នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក មឿត ផាន់ណា នាយប៉ុស្តិ៍ស្តីទី រដ្ឋបាលសង្កាត់ប៉ោយប៉ែត និងមន្ត្រីរដ្ឋបាលសង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត កាលពីរសៀល ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ បានចុះណែនាំដល់សិស្សសាលា មិនចូលសាលា នៅតាមកន្លែងកម្សាន្តនានា នៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជាលទ្ធផល សមត្ថកិច្ចបាននាំក្មេងប្រុស ចំនួន១៣នាក់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

គួរបញ្ជាក់ថា ប្រតិបត្តិការចុះបង្ក្រាបសិស្សគេចសាលានេះ ធ្វើឡើងបន្ទាប់ពីមានវីដេអូមួយ ត្រូវបានបែកធ្លាយ និងចែកចាយពេញបណ្តាញសង្គម បង្ហាញពីក្មេងប្រុសមួយក្រុម មិនចូលសាលារៀន បែរជាទៅអង្គុយលេង និងជក់បារី នៅហាងកាហ្វេមួយកន្លែង ធ្វើឱ្យមហាជនមានការរិះគន់យ៉ាងខ្លាំង៕

RELATED ARTICLES