Friday, October 18, 2024
Homeព័ត៌មានអន្តរជាតិស្ស៉ី បញ្ជូនកងទ័ពជើងទឹក និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅប្រទេសគុយបា

ស្ស៉ី បញ្ជូនកងទ័ពជើងទឹក និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅប្រទេសគុយបា

ភ្នំពេញ ៖ ប្រធានាធិបតីរុស្ស៉ី លោកវ៉្លាឌីមៀរ ពូទីន បានប្តេជ្ញាបញ្ជូនកងទ័ពជើងទឹក និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ទៅប្រទេសគុយបា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន ថ្មីៗនេះ បានផ្តល់ភ្លើងខៀវដល់យោធាអ៊ុយក្រែន ឱ្យប្រើប្រាស់អាវុធលោកខាងលិច ប្រឆាំងនឹងរុស្ស៊ី។

តាមប្រភព  CNN បានឲ្យដឹងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ថា កងទ័ពជើងទឹករុស្ស៊ី បានបញ្ជូននាវាចម្បាំង រួមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅកាន់ប្រទេសគុយបា បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ទើបតែព្រមានថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមាន ការគំរាមកំហែងពីលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ផងដែរ បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់ និងបារាំង បានគាំទ្រដល់កងទ័ពអ៊ុយក្រែន ឱ្យអាចប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារគោលដៅយោធានៅលើដីរុស្ស៊ី។ ជាងនេះទៅទៀត ប្រធានាធិបតីសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវ អនុញ្ញាតឱ្យអ៊ុយក្រែន ប្រើ ប្រាស់អាវុធមានកំណត់ ប្រឆាំងនឹងទឹកដីរុស្ស៊ី បន្ទាប់ពីលោកពូទីន បានធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាង២ឆ្នាំមក។

រដ្ឋាភិបាលគុយបា បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ថា កងនាវា និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់យោធារុស្ស៊ី នឹងមកដល់ប្រទេសគុយបា នៅសប្តាហ៍ក្រោយ ដែលជាផ្នែកមួយនៃទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ។

កងទ័ពគុយបា បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ «Kazan» និងនាវាចម្បាំង «Gorshkov» នឹងទៅចូលចតនៅហាវ៉ាណា (Havana) រដ្ឋធានីគុយបា ចាប់ពីថ្ងៃទី១២-១៧ ខែមិថុនា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចរបស់កងនាវារុស្ស៉ី នៅគុយបា នេះ គឺជាការអនុវត្តជាប្រវត្តិសាស្ត្ររបស់រដ្ឋាភិបាលគុយបា ជាមួយប្រទេសដទៃទៀត ដើម្បីរក្សាទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការ។

ការប្រកាសរបស់រុស្ស៊ី ក្នុងការបញ្ជូននាវាចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅគុយបា កើតឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ថ្មីៗនេះបានបើកភ្លើងខៀវឲ្យយោធាអ៊ុយក្រែន ប្រើអាវុធយុទ្ធ ភណ្ឌដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងគោលដៅយោធានៅលើទឹកដីរុស្ស៊ី។

ប្រធានាធិបតី ពូទីន បាននិយាយថា ការបញ្ជូនអាវុធលោកខាងលិច ទៅកាន់តំបន់ជម្លោះ តែងតែជារឿងអា ក្រក់។ ជាចុងក្រោយ យើងបានឃើញប្រទេសទាំងនេះ ចូលរួមក្នុងសង្គ្រាមប្រឆាំងនឹងយើង ហើយអ្វីដែលប្រទេសទាំងនេះកំពុងធ្វើ គឺចូលរួមផ្ទាល់ក្នុងសង្គ្រាមជាមួយសហព័ន្ធរុស្ស៊ី។ ដូច្នេះយើងមានសិទ្ធិក្នុងការប្រព្រឹត្តដូចគ្នា។

លោក ពូទីន បាននិយាយដោយចោទជាសំណួរថា «យើងនឹងកែលម្អប្រព័ន្ធការពារដែនអាកាសរបស់យើង ដើម្បីកម្ទេចមីសស៊ីល ហេតុអ្វីបានជារុស្ស៊ី មិនមានសិទ្ធិបញ្ជូនអាវុធរបស់យើង ក្នុងកម្រិតដូចគ្នា ទៅកាន់ទឹកដីនៃប្រទេសទាំងនោះ នៅលើផែនដីដែលជាកន្លែងដែលពួកគេអាចវាយប្រហារឧបករណ៍រសើបនៃប្រទេសទាំងនោះ ដូចជាអ្វីដែលពួកគេកំពុងធ្វើចំពោះប្រទេសរុស្ស៊ី?»៕

RELATED ARTICLES