Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះរោងស្តុកប្រេងខ្មៅ ខូចខាត៦ពាន់ដុល្លារ

ភ្លើងឆេះរោងស្តុកប្រេងខ្មៅ ខូចខាត៦ពាន់ដុល្លារ

ខេត្តបាត់ដំបង ៖ អគ្គិភ័យមួយ បានឆាបឆេះឡើងសន្ធោសន្ធៅ ដោយផ្តើមចេញពីការឆាបឆេះធុងស្តុកប្រេងខ្មៅ ធ្វើឱ្យរាលឆេះរោងដែក បង្កឱ្យមានការផ្អើលដល់សមត្ថកិច្ចចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង០៥នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចរោងស្តុកប្រេងខ្មៅមួយកន្លែង ស្ថិតក្នុងក្រុមទី៤ ភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី។យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា រោងដែលរងការឆាបឆេះខាងលើ សង់ពីដែក ប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ ស្ថិតនៅក្នុងបរិវេណឡឥដ្ឋអភិវឌ្ឍន៍របស់ឈ្មោះទៀ ហ៊នី ភេទប្រុស អាយុ៥១ឆ្នាំ (ឆេះខូចខាត៤០ភាគរយ) និងឆេះប្រេងខ្មៅ អស់ចំនួន១ធុង គិតជាទឹកប្រាក់ចំនួន៦០០០ដុល្លារ។

របាយកាណ៍ដដែល បន្តថា គ្រោះអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចេញជួយអន្តរាគមន៍ ជាពិសេសខាងកម្លាំងជំនាញផ្នែករថយន្តពន្លត់អគ្គិភ័យ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ ទៅកាន់ទីតាំងកើតហេតុភ្លាមៗ ដើម្បីជួយបាញ់ទឹកពន្លត់។

តាមប្រភពសមត្ថកិច្ចស្រុកមោងឫស្សី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីអគ្គិភ័យកើត ឡើងនៅចំណុចខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងនគរបាលស្រុកគាស់ក្រឡ ដោយមានកម្លាំងចំនួន២០នាក់ បានចេញ រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើប្រាស់អស់ទឹកចំនួន៣ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយមិន បណ្តាលឱ្យមានការឆេះរាលដាល ឬបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕

RELATED ARTICLES