Saturday, November 23, 2024
Homeកីឡាអន្ដរជាតិ ម៉ាននី ប៉ាកគីអាវ ត្រៀមប្រកួតជាមួយកីឡាករជប៉ុន នៅថ្ងៃទី២៨ កក្កដា ២០២៤

 ម៉ាននី ប៉ាកគីអាវ ត្រៀមប្រកួតជាមួយកីឡាករជប៉ុន នៅថ្ងៃទី២៨ កក្កដា ២០២៤

ហ្វីលីពីន ៖ ស្តេចប្រដាល់ហ្វីលីពីន លោកម៉ាននី ប៉ាកគីអាវ (Manny Pacquiao) វ័យ៤៥ឆ្នាំ កំពុងត្រៀមវិលមកសង្វៀនម្ដងទៀត ប្រកួតជាមួយកីឡាករជប៉ុន ក្នុងសង្វៀន Rizin នៅទីក្រុង សៃតាម៉ា (Saitama) ប្រទេសជប៉ុន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។

មុននេះ ម៉ាននី ប៉ាកគីអាវ  មានពាក្យចចាមអារ៉ាមថា នឹងវិលចូលសង្វៀនវិញ បន្ទាប់ពីប្រកាសចូលនិវត្តន៍នៅឆ្នាំ២០២២ ដោយប៉ះជាមួយស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេក តែក្រោយមកការប្រកួតនោះត្រូវបានពន្យារពេលដោយមិនកំណត់។

ថ្មីៗនេះ មានព័ត៌មានថា ម៉ាននី ប៉ាកគីអាវ (Manny Pacquiao) កំពុងត្រៀមប្រកួតជាមួយកីឡាករជប៉ុន ឈិឈីរ៉ូ ស៊ុយស៊ូគី (Chihiro Suzuki) ម្ចាស់ខ្សែក្រវាត់ Knockout និងជាម្ចាស់ខ្សែក្រវាត់ MMA របស់ Rizin វ័យ ២៥ឆ្នាំ ក្នុងទម្ងន់ ៦៨គីឡូក្រាម។

តាមប្រភពព័ត៌មានបរទេស ការប្រកួតរវាង ម៉ាននី ប៉ាកគីអាវ និងឈិឈីរ៉ូ ស៊ុយស៊ូគី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងសៃតាម៉ា ប្រទេសជប៉ុន។

គួររំលឹកថា ថ្មីនេះ លោកម៉ាននី ប៉ាគីអាវ ទើបតែបាននាំភរិយា ជិះយន្តហោះផ្ទាល់ខ្លួន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជួបនាយករដ្ឋមន្ត្រីកម្ពុជា ទស្សនាការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ និងទស្សនារមណីយដ្ឋានអង្គរ ហើយលោកក៏បានចុះហត្ថលេខាធ្វើជាទូតសុច្ឆន្ទ:របស់ក្រុមហ៊ុនហនុមាន បេវេរីជីស ផងដែរ៕

RELATED ARTICLES