Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្ត្រីជួញថ្នាំញៀន៤គីឡូ ជាប់គុក១ជីវិត

 ស្ត្រីជួញថ្នាំញៀន៤គីឡូ ជាប់គុក១ជីវិត

ភ្នំពេញ ៖ លោកធាន ច័ន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសសាលក្រមផ្តន្ទាទោស លើជនជាប់ចោទឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី អាយុ៣៧ ឆ្នាំ ជាជនជាតិបូលីវី ដាក់ពន្ធនាគារ អស់មួយជីវិត ក្រោមការ ចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ “កូកាអ៊ីន” ប្រមាណជាង៤គីឡូក្រាម តាមជើងយន្តហោះពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកប្រទេសកម្ពុជា។

សាលក្រមបានប្រកាសជាសាធារណៈ នៅចំពោះមុខជនជាប់ចោទ និងមេធាវីការពារក្តី ដោយទុកពេលឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនមិនសុខចិត្តការកាត់ក្តីនេះ។

គួររំលឹកថា ដោយអនុវត្តតាមបញ្ជាលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យស្ត្រីម្នាក់ ជាជនជាតិបូលីវី ដែលនាំល្បាយគ្រឿងញៀន កូកាអ៊ីន ពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀន កូកាអ៊ីន ទម្ងន់ ៤,៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទិក និងសាច់ក្រណាត់)។

តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿង ញៀន អាមេរិក (DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានចាត់កម្លាំងជំនាញការិយា ល័យ (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ថៃ រិទ្ធីរក្ស នាយករងមន្ទីរ លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យ ក្រោមការសម្របសម្រួលដោយលោកវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនា យកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការត្រួតពិនិត្យវ៉ាលិសរបស់ជនសង្ស័យ ដែលធ្វើដំណើរមកពីទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌូបៃ បន្តមកប្តូរជើងហោះហើរនៅប្រភេទម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ី។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួនឈ្មោះ LOPEZ VACA KAREN CECIA ភេទស្រី អាយុ៣៧ឆ្នាំ ជាជនជាតិបូលីវី។

ចំពោះវត្ថុតាងចាប់យក ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាល្បាយគ្រឿងញៀនប្រភេទ កូកាអ៊ីន (Cocaine) ចំនួន ២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤,៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់ក្រណាត់) ស្មើជាង៤គីឡូក្រាម។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES