Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះឃ្លាំងបារី បាញ់ទឹក២០០ឡាន

ភ្លើងឆេះឃ្លាំងបារី បាញ់ទឹក២០០ឡាន

ភ្នំពេញ ៖ ឃ្លាំងស្តុកបារី មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់រយៈពេលជិត ១២ម៉ោង ពោលគឺតាំងពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ម៉ោង៣រសៀលថ្ងៃដដែល ទើបកម្លាំងជំនាញរបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជ ធានីភ្នំពេញ អាចគ្រប់គ្រង ស្ថានការណ៍បានទាំងស្រុង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ចំនួន២០៥ឡាន។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងស្តុកបារីមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរ បាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកបារី មួយកន្លែង ដែលស្ថិតនៅផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ដោយនៅក្នុងឃ្លាំងស្តុបបារី ខាងលើ នេះ ជាប្រភេទថ្នាំជក់។ ភ្លាមៗនោះ លោកបានបញ្ជានៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ ចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍ ភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តបានថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្តែកម្លាំងសមត្ថកិច្ច នៅបន្តបាញ់ពន្លត់ឱ្យអស់រងើកភ្លើង ចៀសវាងបង្កផលប៉ះពាល់ថែមទៀត។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ចំនួន១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន១៩ គ្រឿង ប្រើប្រាស់ទឹកអស់១៩០ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចលេខ៧០ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់៧ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់ បុរី ប៉េង ហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់៤ឡាន។ និង រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះថ្មី ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ឆេះខូចខាតឃ្លាំងដែកប្រក់ស័ង្កសី ទំហំ១៣៥០ម៉ែត្រការ៉េចំនួន ១ឃ្លាំង រួមទាំងឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង។ រីឯព័ត៌មានលម្អិតអំពីមូលហេតុដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើងនោះ មិនទាន់អាច បញ្ជាក់បាននៅឡើយទេ ដោយពេលនេះ សមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕

RELATED ARTICLES