Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលហ៊ុនទិញជ្រូកលក់ ស៊ីដាច់៣៧ម៉ឺនបាត ជា-/ប់-ខ្នោះ

ចូលហ៊ុនទិញជ្រូកលក់ ស៊ីដាច់៣៧ម៉ឺនបាត ជា-/ប់-ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវបានដៃគូរកស៊ីជាមួយ ប្តឹងចោទប្រកាន់ស៊ីដាច់លុយចំនួន៣៧ម៉ឺនបាត ដែលជាលុយចូលហ៊ុនគ្នា ដើម្បីទិញជ្រូកពីថៃ មកលក់ ចំណេញចែកគ្នា តែចុងក្រោយបែរជាត្រូវបុរសរូបនោះស៊ីដាច់អស់ ទើបដៃគូសហការ ប្តឹងសមត្ថកិច្ចចាប់ខ្លួនតែម្តង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះកែវ ប៊ុនថាន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ។ ចំណែកភាគីដើមបណ្តឹង មានឈ្មោះឡេង ហួរ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរអាជីវករលក់សាច់ជ្រូក ផ្សារចម្ការគ មានលំនៅ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ឡេង ហួរ បានប្តឹងឈ្មោះកែវ ប៊ុនថាន ពីបទរំលោភលើទំនុកចិត្ត ដែលឱ្យលុយរកស៊ីទិញជ្រូកពីថៃ មកលក់បន្ត ក្នុងខេត្តបន្ទាយមានជ័យ បានលុយចំណេញចែកគ្នា តែស៊ីដាច់លុយអស់សរុប ៣៧ម៉ឺនបាត ដែលឱ្យលុយកាលពីអំឡុងឆ្នាំ២០២៣ និងបានប្រគល់លុយឱ្យប្រមាណ ១៦៥០០០បាត ទៅ២០ម៉ឺនបាត ក្រោយទិញជ្រូកលក់ចំណេញឬខាតក៏មិនប្រាប់ ទូរស័ព្ទក៏មិនលើក ទំនាក់ទំនងមិនចូល ទើបដាក់ពាក្យបណ្តឹង។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះឡេង ហួរ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើលិខិតអញ្ជើញជនសង្ស័យឲ្យចូលខ្លួនសម្របសម្រួលគ្នាជាមួយម្ចាស់លុយ តែមិនចូលខ្លួន ទើបសុំដីការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ប៊ុនថាន នៅពេលចូលខ្លួនបំភ្លឺ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES