Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអុជធូបបន់សុំក្តីសុខ រាលឆេះផ្ទះហ្មត់

អុជធូបបន់សុំក្តីសុខ រាលឆេះផ្ទះហ្មត់

ខេត្តសៀមរាប ៖ លំនៅឋាន ១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការអុជទៀនធូប បន់ស្រន់សុំសេចក្តីសុខចម្រើន មិនប្រយ័ត្ន បណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចព្រហ្មប្រទល់ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាម និងភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង តាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយពីអធិការស្រុក ១៣គីឡូម៉ែត្រ ចុះពីផ្លូវជាតិលេខ៦ ទៅផ្លូវបំបែកខ្នារ ប្រហែល៣គីឡូម៉ែត្រ។

លោកឧត្តមសេនីយ៍ត្រី ឌុត ខុន ស្នងការរងទទួលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ផ្ទះដែលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ សង់ពីឈើលើថ្មក្រោម ដំបូលប្រក់ក្បឿង ជាកម្មសិទ្ធិ របស់ឈ្មោះសាយ លី ភេទស្រី អាយុ៧៩ឆ្នាំ។

លោកស្នងការរង បន្ថែមថា ករណីឆេះផ្ទះនោះ មិនបណ្តាលឱ្យមានការរាលដាលឆ្លងដល់ផ្ទះអ្នកជិតខាងឡើយ ដោយសាររថយន្តពន្លត់អគ្គិភ័យ បានមកអន្តរាគមន៍ទាន់ពេល ហើយមិនបង្កឱ្យមាននរណាម្នាក់រងរបួសឡើយក្នុងហេតុការណ៍នោះ។ ករណីនេះ បង្កឱ្យមានការខូចខាត ផ្ទះ ១ខ្នងទាំងស្រុង ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំ២០០៧ និងសម្ភារៈមួយចំនួនទៀត ដែលនៅក្នុងផ្ទះ គិតជាទឹកប្រាក់ ប្រមាណជិត៥ម៉ឺនដុល្លារ។

ជុំវិញប្រតិបត្តិការពន្លត់ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ដោយក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន និងរថយន្តពន្លត់ អគ្គិភ័យរបស់អាជ្ញាធរអប្សរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន។ ចំពោះមូលហេតុ ត្រូវបានម្ចាស់ផ្ទះអះអាងថា ដោយសារការដុតធូបនិងដុតទៀន ទុកចោល មិនបានប្រយ័ត្ន បណ្តាលឱ្យឆេះផ្ទះតែម្តង៕

RELATED ARTICLES