Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុរេន នាំចូលពីប្រទេសជិតខាង មានជ្រលក់សារធាតុគីមី

ទុរេន នាំចូលពីប្រទេសជិតខាង មានជ្រលក់សារធាតុគីមី

ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពីការនាំចូលផ្លែទុរេន មួយចំនួន ពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ ដែលផ្លែទុរេននាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ ទំបីជាយ៉ាងណា អគ្គ នាយកដ្ឋាន ក.ប.ប. នឹងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណនៃសារធាតុនោះ ដោយសហការជា មួយក្រសួងនិងស្ថាប័នជំនាញពាក់ព័ន្ធ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម អំពាវ នាវដល់អាជីវករដែលប្រកបអាជីវកម្មលក់ផ្លែទុរេន ទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តស ញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។

សេចក្តីជូនដំណឹងរបស់ ក.ប.ប. ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប. នៃ ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ៖ ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណីមានការនាំចូលផ្លែទុរេន ពីប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបានប្រើប្រាស់សារធាតុគីមី ដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ ក្រោយទទួលព័ត៌មានខាងលើ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” ចុះស៊ើបអង្កេតនិងស្រាវជ្រាវជាបន្ទាន់នៅលើទីផ្សារ និងតាមបណ្តាច្រកព្រំដែនមួយចំនួននៃប្រទេសកម្ពុជា។

យោងតាមលទ្ធផលស្រាវជ្រាវបឋម អាជីវករលក់ផ្លែទុរេន បានអះអាងថា ផ្លែទុរេន ដែលពួក គាត់ដាក់តាំងលក់ គឺជាផលិតផលខ្មែរ ដែលមានប្រភពមកពីខេត្តកំពត ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តត្បូងឃ្មុំ ជាដើម ប៉ុន្តែតាមការស្រាវជ្រាវ បានបង្ហាញអំពីវត្តមាននៃការនាំចូលផ្លែទុរេន ពីប្រទេសជិតខាង ក្រោមរូបភាពតូចៗ នៅតាមបណ្តាច្រកទ្វារព្រំដែនមួយចំនួននៃប្រទេស។

ជាមួយគ្នានោះ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានសង្កេតឃើញថា ផ្លែទុរេនដែលនាំចូលមួយចំនួន ត្រូវបានជ្រលក់សារធាតុម៉្យាង ដែលមន្ត្រីជំនាញមិនទាន់អាចកំណត់អត្តសញ្ញាណនិងផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់បាននៅឡើយ។ អគ្គនាយកដ្ឋាន ក.ប.ប. និងបន្តធ្វើការស្រាវជ្រាវដើម្បីកំណត់អត្ត សញ្ញាណនៃសារធាតុនោះ ដោយសហការជាមួយក្រសួងនិងស្ថាប័នជំនាញពាក់ព័ន្ធ។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់អាជីវករដែលប្រកបអាជីវកម្មលក់ផ្លែទុរេន ទាំងអស់ សូមកុំប្រើប្រាស់សារធាតុដែលមិនមានអត្តសញ្ញាណច្បាស់លាស់ និងសូមប្រកបអាជីវកម្មដោយស្មោះត្រង់ កុំបន្លំប្រភពនៃការដាំដុះ។

ប្រសិនបើប្រជាពលរដ្ឋបានជួបប្រទះ ឬសង្ស័យពីការធ្វើអាជីវកម្មដែលមិនសុចរិត មានដូចជាការប្រើប្រាស់សារធាតុមិនស្គាល់អំពីអត្តសញ្ញាណ ក្លែងបន្លំប្រភព សូមផ្តល់ព័ត៌មាន ឬដាក់ពាក្យបណ្ដឹងមកកាន់ ៖  Call Center របស់ក្រសួងពាណិជ្ជកម្ម ១២៦៦ លេខទូរស័ព្ទទំនាក់ទំនងផ្ទាល់របស់អគ្គនាយកដ្ឋាន ក.ប.ប. ៖ ០៩២ ៨៣០ ៨៥៦៕

RELATED ARTICLES