Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូគេទុកជិះ ប៉ូលិសចាប់វ៉ៃខ្នោះ

លួចម៉ូតូគេទុកជិះ ប៉ូលិសចាប់វ៉ៃខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច តែមិនបានយកទៅលក់ទេ គឺទុកជិះខ្លួនឯង ស្រាប់តែគាប់ជួនម៉ូតូអស់សាំង បណ្តើរតាមផ្លូវ ត្រូវប្រជាការពារប្រទះឃើញ មានការសង្ស័យ ឃាត់សួរនាំ ទើបដឹងថាជាម៉ូតូដែលបានមកពីអំពើលួច ក៏ចាប់ឃាត់ខ្លួន។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ។ រហូតមកដល់វេលាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិតាពេជ ឃុំឈ្វាំង ស្រុកពញាឮ។

ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះប៉ុន ច័ន្ទ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ។ ចំណែកជនសង្ស័យ មានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះថុល បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ (ឃាត់ខ្លួន) ព្រមទាំងដកកហូតវត្ថុតាង ម៉ូតូ១គ្រឿងស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1KI-9978 (ជារបស់ជនរងគ្រោះ)។ ទី២-ឈ្មោះមករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ (រត់គេចខ្លួន) និងទី៣-ឈ្មោះថៃ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (រត់គេចខ្លួន)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1KI-9978 មកសម្រាកនៅផ្ទះអ៊ំប្រុសរបស់ខ្លួន នៅចំណុចកើតហេតុខាងលើ។ ខណៈទៅដល់ផ្ទះ ជនរងគ្រោះ បានចាក់សោទ្វាររបងខាងមុខផ្ទះ រួចយកម៉ូតូទៅចតទុកនៅខាងក្រោមផ្ទះ ហើយឡើងទៅសម្រាកនៅលើផ្ទះ និងបានទុកកូនសោម៉ូតូ នៅលើគ្រែដេក ក្បែរខ្លួន ហើយក៏ដេកលក់ទៅ ស្រាប់តែជនសង្ស័យបានផ្លោះរបងចូលទៅធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួនបាត់តែម្តង និងបានយកម៉ូតូរបស់ជនរងគ្រោះ ទុកសម្រាប់ជិះ។

លុះពេលក្រោកឡើង ជនរងគ្រោះមិនឃើញកូនសោម៉ូតូ និងបាត់ម៉ូតូរបស់ខ្លួន ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ ដើម្បីស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ។ លុះដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានប្រជាការពារភូមិតាពេជ ឃុំឈ្វាំង ប្រទះជនសង្ស័យខាងលើ កំពុងបណ្តើរម៉ូតូនៅតាមផ្លូវ ដោយមានការសង្ស័យ បានធ្វើការហៅសួរ និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឈ្វាំង រួចកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំង បានចុះទៅពិនិត្យ ដឹងថាមិនមែនជាម្ចាស់ម៉ូតូ ក៏បានទំនាក់ទំនងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ ពិនិត្យឃើញជនសង្ស័យខាងលើ ជាមុខសញ្ញាចោរលួចម៉ូតូរបស់ជនរគ្រោះ ក៏បានឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួក ពិតបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយនៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ខ្លួននិងបក្ខពួក បានធ្វើសកម្មភាពធាក់ប្លន់ម៉ូតូរបស់អ្នកដំណើរ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥ បាន១គ្រឿង យកទៅលក់នៅចំណុចម្តុំផ្សារដីហុយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាក់ចំនួន ៤០០ដុល្លារ និងកន្លងមក រូបខ្លួនធ្លាប់ធ្វើសកម្មភាពលួចទូរស័ព្ទដៃ នៅតាមផ្ទះរបស់អ្នកភូមិ ជាច្រើនលើក និងធ្លាប់ធ្វើសកម្មភាពធាក់ប្លន់ម៉ូតូរបស់ប្រជាពលរដ្ឋតាមដងផ្លូវ នៅរាជធានីភ្នំពេញ ជាមួយបក្ខពួក បានចំនួន៥លើក រួមាន ៖

– លើកទី១ អំឡុងឆ្នាំ២០២៤ (មិនចាំថ្ងៃខែ) នៅចំណុចខណ្ឌសែនសុខ ធាក់ប្លន់បានម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០២២ លក់បានប្រាក់ ចំនួន២០០ដុល្លារ។

– លើកទី២ អំឡុងឆ្នាំ២០២៤ (មិនចាំថ្ងៃខែ) នៅចំណុចឈូកវ៉ា២ ធាក់ប្លន់បានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ លក់បានប្រាក់ចំនួន៣៥០ដុល្លារ។

– លើកទី៣ អំឡុងឆ្នាំ២០២៤ (មិនចាំថ្ងៃខែ) នៅចំណុចក្តាន់២ ធាក់ប្លន់បានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ លក់បានប្រាក់ចំនួន៣៥០ដុល្លារ។

– លើកទី៤ អំឡុងឆ្នាំ២០២៤ (មិនចាំថ្ងៃខែ) នៅចំណុចបឹងកក់ ធាក់ប្លន់បានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ លក់បានប្រាក់ ចំនួន៣៥០ដុល្លារ។

– លើកទី៥ អំឡុងឆ្នាំ២០២៤ (មិនចាំថ្ងៃខែ) នៅចំណុចឈូកវ៉ា១ ធាក់ប្លន់បានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ទឹកខ្មៅ ផលិតឆ្នាំ២០២២ លក់បានប្រាក់ចំនួន៣៥០ដុល្លារ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES