Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះប៉ូលិសក្លែងក្លាយ៣នាក់ ចាប់ជំរិតទារលុយ៥០០ដុល្លារ

វ៉ៃខ្នោះប៉ូលិសក្លែងក្លាយ៣នាក់ ចាប់ជំរិតទារលុយ៥០០ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ១ក្រុម បានធ្វើសកម្មភាពចាប់បង្ខាំងព្រះសង្ឃ និងចាប់វាយខ្នោះនារីវ័យក្មេងម្នាក់ ជំរិតទារប្រាក់ចំនួន ៥០០ដុល្លារ ព្រមទាំងប្លន់យកម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង រួចនាំគ្នារត់គេចខ្លួន តែក្រោយមក ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ សរុបចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងផ្ទះចាំចម្ការមួយកន្លែង ស្ថិតនៅតាមផ្លូវទំនប់សណ្តរស្ទឹងព្រែកត្នោត នៅក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ។

ជនរងគ្រោះមានចំនួន២នាក់ ទី១-ឈ្មោះសាន ពិសី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត មានលំនៅ ភូមិដំ ណាក់ សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងទី២-ព្រះសង្ឃព្រះនាម ចាន់ ផលិត ព្រះជន្ម១៩វស្សា គង់នៅក្នុងវត្តកំពង់ក្តុល ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។

ចំណែកជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជ្រឹង វេហា ហៅភោគ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ។ ទី២-ឈ្មោះវី សុភាវ៉ាន់ ហៅវ៉ាន់ មករា ហៅសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅ ភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ និងទី៣-ឈ្មោះខូវ រច្ចនា ភេទស្រី អាយុ១៩ឆ្នាំ មានលំនៅ ភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ និស្សិតស្រីខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខៀវ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HU-2504 ចេញពីផ្ទះ ដើម្បីយកសៀវភៅទៅប្រគេនព្រះសង្ឃព្រះនាម ចាន់ ផលិត។ ដោយព្រះសង្ឃអង្គនោះ បានប្រាប់ឱ្យនាងទៅជួបនៅផ្ទះចាំចម្ការកើតហេតុខាងលើ ដែលព្រះអង្គបានស្គាល់គ្នាជាមួយបុរសអ្នកចាំចម្ការម្នាក់ ឈ្មោះប៊ុត សាវី អាយុ៦៥ឆ្នាំ។

ប្រភពដដែល បន្តថា កន្លងមកនារីរងគ្រោះ ធ្លាប់យកសៀវភៅទៅប្រគេនព្រះអង្គ នៅផ្ទះនោះពីមុនមកដែរ ប៉ុន្តែនៅថ្ងៃកើតហេតុ បុរសដែលជាអ្នកចាំចម្ការខាងលើ មិននៅផ្ទះទេ មិនដឹងថាគាត់នៅជិតនោះដែរឬយ៉ាងណាទេ។ ពេលទៅដល់ នារីរងគ្រោះបានប្រគេនសៀវភៅដល់ព្រះសង្ឃអង្គនោះរួច នាងក៏បានខ្ចីទូរស័ព្ទដៃម៉ាក iPhone Xs Max របស់ព្រះអង្គ ដើម្បីទូរស័ព្ទទៅមិត្តភក្តិ។ ខណៈនោះ ស្រាប់តែលេចមុខជនសង្ស័យឈ្មោះជ្រឹង វេហា ហៅភោគ ស្លៀកពាក់ឯកសណ្ឋាននគរបាល ឈុតពណ៌ខៀវ ពាក់ស្លាកឈ្មោះវី សុភាវ៉ាន់ អត្តលេខ 65145។ បាន ឡើងទៅលើផ្ទះខាងលើនោះដែរ ហើយបានដណ្តើមយកទូរស័ព្ទពីដៃនាងរងគ្រោះ រួចច្រាននាងចូលទៅក្នុងផ្ទះជាមួយព្រះសង្ឃ ហើយទាញទ្វារបិទ និងយកខ្សែចងទ្វារពីខាងក្រៅជាប់តែម្តង ព្រមទាំងបានស្រែកគំរាមប្រាប់ឱ្យជនរងគ្រោះទាំង២អង្គ និងនាក់ នៅឱ្យស្ងៀម។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះបន្តិចក្រោយមក ឃើញជនសង្ស័យឈ្មោះវី សុភាវ៉ាន់ ហៅវ៉ាន់ មករា ហៅសិដ្ឋ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ និងពាក់ស័ក្តិ៤ផង រួមនិងស្ត្រីសង្ស័យឈ្មោះខូវ រច្ចនា បានឡើងទៅលើផ្ទះនោះដែរ។ បន្ទាប់មកបាននិយាយទារលុយពីនិស្សិតស្រីរូបនោះ ចំនួន៥០០ដុល្លារ ជាថ្នូរនឹងការដោះលែង ខណៈនោះនាងឆ្លើយថាគ្មានលុយទេ។ ចំណែកព្រះសង្ឃនាម ចាន់ ផលិត ព្រះអង្គក៏បានសួរនាំទៅជនសង្ស័យថា តើប៉ូលិសមកពីខាងណាដែរ? ប៉ុន្តែក្រុមជនសង្ស័យបានប្រាប់ដែរ តែហាក់ដូចជាមិនច្បាស់លាស់សោះ។ ពេលនោះព្រះសង្ឃអង្គនោះ បានលូនចេញពីក្នុងផ្ទះខាងលើ តាមប្រហោងសំយាបផ្ទះ ចុះទៅក្រោម និងរត់គេចព្រះកាយ ហើយជនសង្ស័យបានឃើញ និងរត់ដេញតាមដែរ តែតាមមិនទាន់ រួចក៏បានត្រឡប់ទៅផ្ទះនោះវិញ។ បន្ទាប់មក បានបើកទ្វារចូលទៅក្នុងផ្ទះ រួចយកវាយខ្នោះដៃនារីរងគ្រោះជាប់ ហើយបានយកកាបូបស្ពាយរបស់នាង ឆែកមើលឃើញសោម៉ូតូ ជនសង្ស័យក៏បានយកទៅចាក់ម៉ូតូរបស់នាង ជិះគេចខ្លួនបាត់។ ក្រោយពីជនសង្ស័យគេចទៅបាត់អស់ នារីរងគ្រោះបានខំរើបម្រះ ហើយដោយសារកដៃនាងតូច ទើបរើរហូតរបូតខ្នោះពីដៃ ហើយបានរត់ចេញទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន។

ក្រោយទទួលបានបណ្តឹងភ្លាម លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំបញ្ជាកម្លាំងចេញអន្តរាគមន៍ រហូតដល់វេលាម៉ោង៩យប់ ថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន២នាក់ គឺឈ្មោះវី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅសិដ្ឋ និងឈ្មោះ ខូវ រច្ចនា ដោយដកហូតបានម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1OH-2504 ខ្នោះដៃចំនួន២។ កាតប៉ូលិសរបស់ ឈ្មោះវី សុភាវ៉ាន់ (ក្លែងក្លាយ) ១សន្លឹក។ កាតប៉ូលិសរបស់ឈ្មោះខូវ រច្ចនា (ក្លែងក្លាយ) ១សន្លឹក។ ប័ណ្ណសសើរឈ្មោះវី សុភាវ៉ាន់ (ក្លែងក្លាយ) ១សន្លឹក។ អាវនគរបាលឈុតពណ៌ខៀវ ស្លាកឈ្មោះវី សុភាវ៉ាន់ ចំនួន១។ អាវនគរបាល ពណ៌ទឹកដោះគោ ពាក់សក្តិ៤ របស់ឈ្មោះវី សុភាវ៉ាន់ ចំនួន១។ ប័ណ្ណសរសើរឈ្មោះបាន វិចិត្រ (ក្លែងក្លាយ) ១សន្លឹក។ ទូរស័ព្ទដៃម៉ាក Tecno Spark ចំនួន២គ្រឿង។ លិខិតសូមបម្រើការងារឈ្មោះ ជ្រឹង វេហា ១សន្លឹក។ ឯកសារធ្វើដីកាចាប់ខ្លួនក្លែងក្លាយ មួយចំនួន។ កាបូបស្ពាយពណ៌ខ្មៅ១។ រួចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន។

បន្ទាប់មកកម្លាំងបានបន្តធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០ ២៤ ក៏ឈានដល់ការឃាត់បានជនសង្ស័យម្នាក់ទៀត ឈ្មោះជ្រឹង វេហា ហៅភោគ នៅត្រង់ចំណុចផ្ទះលក់គ្រឿងសំណង់ ស្ថិតនៅតាមផ្លូវសណ្តស្ទឹងព្រែកត្នោត ស្ថិតនៅភូមិកើតហេតុខាងលើ ដោយដកហូតបានទូរស័ព្ទដៃម៉ាក iPhone Xs Max ពណ៌ទឹកមាស ចំនួន១គ្រឿង របស់ព្រះសង្ឃនាម ចាន់ ផលិត។ ស្រោមខ្នោះពណ៌ខ្មៅ ចំនួន២។ ខ្សែក្រវាត់ប៉ូលិស ចំនួន១។ ខោនគរបាលជើងវែង ពណ៌ខៀវ១។ អាវយឺតដៃវែង ពណ៌ខ្មៅ មានឡូហ្គោ ប៉ូលិស១។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES