ខេត្តកំពង់ធំ ៖ លោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា នៅខេត្តកំពង់ធំ មានកើតជំងឺសាទឹក សម្លាប់សត្វក្របី អស់១៥ក្បាល និងបន្តឈឺ ៤៧ក្បាល នៅតំបន់វាលក្រោមតំបន់៣ (តំបន់វាលស្រងែ) ដែលប្រជាពលរដ្ឋបានទៅឃ្វាល។
លោកប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ប្រាប់កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ថា រយៈពេល៣ថ្ងៃនេះ មន្ត្រីជំនាញបានព្យាបាលរួចរាល់ហើយ និងជួយសង្គ្រោះសត្វក្របី បានទាន់ពេលវេលា ហើយបច្ចុប្បន្ននេះ ស្ថានភាពសត្វក្របី ដែលឈឺទាំងនោះ បានធូរស្រាលវិញ។ ដោយឡែក មន្ត្រីជំនាញនៃការិយាល័យផលិតកម្មនិងសុព្យាបាល ដឹកនាំដោយលោកចាន់ បញ្ញវ័ន្ត បានបន្តចាក់វ៉ាក់សាំងសត្វគោ ក្របី សរុបចំនួន៨៦៣ក្បាល ក្នុងនោះគោ ចំនួន២០០ក្បាល និងក្របី ចំនួន៦៦៣ក្បាល។
លោកប៉ែន វណ្ណរិទ្ឋិ បានចាត់មន្ត្រីជំនាញ ឱ្យចុះពិនិត្យតាមដានស្ថានភាពសត្វ នៅតាមមូលដ្ឋាន ជាប់ជាប្រចាំ ហើយលោកក៏សូមអំពាវនាវដល់ប្រជាកសិករចិញ្ចឹមសត្វទាំងអស់ ឱ្យរាយការណ៍ជាបន្ទាន់ មកភ្នាក់ងារសុខ ភាពសត្វ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិត ប្រសិនបើមានករណីសង្ស័យសត្វឈឺឬងាប់ នៅតាមមូលដ្ឋាន ដើម្បីក្រុមការងារបានជួយសង្គ្រោះទាន់ពេលវេលា ពិសេសម្ចាស់សត្វទាំងអស់ត្រូវយកសត្វមកទទួលវ៉ាក់សាំង ១ឆ្នាំ ឱ្យបាន ២ដង ដើម្បីការពារជំងឺឆ្លងផ្សេងៗ៕