ភ្នំពេញ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ប្រដាប់ដោយដំបង ដាវកាំបិត បានធ្វើសកម្មភាពដេញវាយតប់ កាប់ចាក់គ្នាយ៉ាងប្រសាច ទាំងកណ្តាលយប់ ពេញមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលឱ្យមានអ្នករបួស និងខូចខាតម៉ូតូ ១គ្រឿង លុះក្រោយមកត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យសរុប ៦នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីក្រុមក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។
ក្រុមក្មេងទំនើងទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខុំ វិសាល អាយុ២០ឆ្នាំ។ ទី២-ឈ្មោះវ៉ន សុខងី អាយុ១៩ឆ្នាំ។ ទី៣-ឈ្មោះណន រដ្ឋា អាយុ១៩ឆ្នាំ។ ទី៤-ឈ្មោះមឿន មាន អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះស៊ឹម សុភ័ស្ត អាយុ១៨ឆ្នាំ និងទី៦-ឈ្មោះភារម្យ ទន់តាន អាយុ១៩ឆ្នាំ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយឃាត់ខ្លួនមនុស្ស ១០នាក់ និងរកឃើញ ៦នាក់ពាក់ព័ន្ធ បញ្ជូនទៅតុលាការ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ថា ក្រោយធ្វើការសាកសួរជនសង្ស័យ៦នាក់ រួមមាន (១-ឈ្មោះខុំ វិសាល ២-ឈ្មោះវ៉ន សុខងី ៣-ឈ្មោះណន រដ្ឋា ៤-ឈ្មោះមឿន មាន ៥-ឈ្មោះស៊ឹម សុភ័ស្ត ៦-ឈ្មោះភារម្យ ទន់តាន) បានឆ្លើយសារភាពថា ពួកគេពិតជាមានជាប់ពាក់ព័ន្ធនឹងករណីហិង្សា ដេញកាប់ចាក់គ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រាកដមែន។
តាមប្រពសមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង៦នាក់ (ភាគីក) កំពុងតែអង្គុយហូបមីឆា នៅមុខព្រលានយន្តហោះ ហើយពេលនោះមានក្មេងស្ទាវ ១ក្រុមទៀត (ភាគីខ) មានគ្នាប្រហែល១៥នាក់ ជិះម៉ូតូ ៧គ្រឿង ក៏កំពុងអង្គុយហូបអីនៅតូបក្បែរគ្នាដែរ។ បន្ទាប់មកស្រាប់តែមានក្មេងស្ទាវ ១ក្រុមផ្សេងទៀត (ភាគីគ) មានគ្នាប្រហែល២០នាក់ ជិះម៉ូតូ១០គ្រឿង បានជិះម៉ូតូមកដល់ចំណុចខាងលើ រោទ៍ម៉ូតូឮសំឡេងខ្លាំងៗ ក្នុងបំណងឌឺដង ធ្វើឱ្យក្រុមភាគីខ ខឹង ក៏បានស្តីឱ្យ ធ្វើឱ្យទាស់សំដីគ្នា រួចហើយក្រុមភាគីគ បានជិះម៉ូតូទៅចេញមុខបាត់ រួចបត់ត្រលប់មកក្រោយវិញ នាំគ្នាចុះពីលើម៉ូតូ មានកាន់កាំបិត ដាវ ធ្វើសកម្មភាពកាប់ប្រហារមកលើភាគីក ដោយសារច្រឡំតូប កាប់ខុសភាគីជម្លោះ ឃើញដូចនេះ ភាគីខ បាននាំគ្នាចូលមកជួយភាគីក ដោយព្រួតគ្នាវាយទៅលើភាគីគ ដោយប្រើដុំថ្ម ដែកដងឆត្រ ធ្វើឱ្យភាគីគ រងរបួស និងផ្តួលម៉ូតូចោល ១គ្រឿង រួចរត់គេចខ្លួនបាត់អស់។ បន្ទាប់មក ភាគីក និងភាគីខ បានធ្វើសកម្មភាពវាយកម្ទេចម៉ូតូរបស់ភាគីគ រួចនាំគ្នារត់គេចខ្លួនបាត់អស់តាមក្រោយផងដែរ។
ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ និងបន្តតាមចាប់បក្ខពួកសេសសល់ ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕