Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងទំនើងដេញវា-យ/គ្នា មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជា-ប់/ខ្នោះ៦

 ក្មេងទំនើងដេញវា-យ/គ្នា មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជា-ប់/ខ្នោះ៦

ភ្នំពេញ៖ ក្មេងទំនើងឈាមរាវ ចំនួន២ក្រុម ប្រដាប់ដោយដំបង ដាវកាំបិត បានធ្វើសកម្មភាពដេញវាយតប់ កាប់ចាក់គ្នាយ៉ាងប្រសាច ទាំងកណ្តាលយប់ ពេញមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្តាលឱ្យមានអ្នករបួស និងខូចខាតម៉ូតូ ១គ្រឿង លុះក្រោយមកត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនក្រុមជន​សង្ស័យសរុប ៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីក្រុមក្មេងទំនើងដេញកាប់ចាក់គ្នានេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ។

ក្រុមក្មេងទំនើងទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះខុំ វិសាល អាយុ២០ឆ្នាំ។ ទី២-ឈ្មោះវ៉ន សុខងី អាយុ១៩ឆ្នាំ។ ទី៣-ឈ្មោះណន រដ្ឋា អាយុ១៩ឆ្នាំ។ ទី៤-ឈ្មោះមឿន មាន អាយុ១៨ឆ្នាំ។ ទី៥-ឈ្មោះស៊ឹម សុភ័ស្ត អាយុ១៨ឆ្នាំ និងទី៦-ឈ្មោះភារម្យ ទន់តាន អាយុ១៩ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបើកប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ដោយឃាត់ខ្លួនមនុស្ស ១០នាក់ និងរកឃើញ ៦នាក់ពាក់ព័ន្ធ បញ្ជូនទៅតុលាការ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ថា ក្រោយធ្វើការសាកសួរជនសង្ស័យ៦នាក់ រួមមាន (១-ឈ្មោះខុំ វិសាល ២-ឈ្មោះវ៉ន សុខងី ៣-ឈ្មោះណន រដ្ឋា ៤-ឈ្មោះមឿន មាន ៥-ឈ្មោះស៊ឹម សុភ័ស្ត ៦-ឈ្មោះភារម្យ ទន់តាន) បានឆ្លើយសារភាពថា ពួកគេពិតជាមានជាប់ពាក់ព័ន្ធនឹងករណីហិង្សា ដេញកាប់ចាក់គ្នានៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រាកដមែន។

តាមប្រពសមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យទាំង៦នាក់ (ភាគីក) កំពុងតែអង្គុយហូបមីឆា នៅមុខព្រលានយន្តហោះ ហើយពេលនោះមានក្មេងស្ទាវ ១ក្រុមទៀត (ភាគីខ) មានគ្នាប្រហែល១៥នាក់ ជិះម៉ូតូ ៧គ្រឿង ក៏កំពុងអង្គុយហូបអីនៅតូបក្បែរគ្នាដែរ។ បន្ទាប់មកស្រាប់តែមានក្មេងស្ទាវ ១ក្រុមផ្សេងទៀត (ភាគីគ) មានគ្នាប្រហែល២០នាក់ ជិះម៉ូតូ១០គ្រឿង បានជិះម៉ូតូមកដល់ចំណុចខាងលើ រោទ៍ម៉ូតូឮសំឡេងខ្លាំងៗ ក្នុងបំ​ណងឌឺដង ធ្វើឱ្យក្រុមភាគីខ ខឹង ក៏បានស្តីឱ្យ ធ្វើឱ្យទាស់សំដីគ្នា រួចហើយក្រុមភាគីគ បានជិះម៉ូតូទៅចេញ​មុខ​បាត់ រួចបត់ត្រលប់មកក្រោយវិញ នាំគ្នាចុះពីលើម៉ូតូ មានកាន់កាំបិត ដាវ ធ្វើសកម្មភាពកាប់ប្រហារមកលើភាគីក ដោយសារច្រឡំតូប កាប់ខុសភាគីជម្លោះ ឃើញដូចនេះ ភាគីខ បាននាំគ្នាចូលមកជួយភាគីក ដោយព្រួតគ្នាវាយទៅលើភាគីគ ដោយប្រើដុំថ្ម ដែកដងឆត្រ ធ្វើឱ្យភាគីគ រងរបួស និងផ្តួលម៉ូតូចោល ១គ្រឿង រួចរត់គេចខ្លួនបាត់អស់។ បន្ទាប់មក ភាគីក និងភាគីខ បានធ្វើសកម្មភាពវាយកម្ទេចម៉ូតូរបស់ភាគីគ រួចនាំគ្នារត់គេច​ខ្លួនបាត់​អស់តាមក្រោយផងដែរ។

ជនសង្ស័យទាំង៦នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ និងបន្តតាមចាប់បក្ខពួកសេសសល់ ដើម្បីនាំយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES