ភ្នំពេញ៖ក្នុងអាជីពចម្រៀងជាង២០ឆ្នាំ កំពូលតារាចម្រៀងពេជ្រ សោភា កម្រនិងឃើញថតស្ពតពាណិជ្ជកម្មឲ្យហាងសំអាងការណាស់ ពោលគឺយូៗទើបប្រទះម្ដង ខណៈដែលតារាស្រីល្បីៗដូចនាងដែរសឹងគ្រប់គ្នាតែងតែចេញឃោសនាឲ្យសំអាងការជាច្រើនក្នុង១ឆ្នាំៗ ។ប៉ុន្ដែថ្មីៗនេះគេឃើញសោភា គ្រងឈុតប្រពៃណីខ្មែរដែលច្នៃចេញពីផ្ទាំងសិលាប្រាសាទនានារបស់ខ្មែរ នោះគឺឈុតនារីអប្សរា និងឈុតស្បៃស្ដើង ធ្វើឲ្យរូបសម្រស់របស់នាងកាន់តែលេចធ្លោក្នុងឈុតបុរាណ និងទាក់ទាញថែមទៀតតាមបែបជានារីខ្មែរ របស់ហាងអប្សរាទេវីហ្គោល សំអាងការ។ប្រភពបានឲ្យដឹងថាម្ចាស់ហាងសំអាងការមួយនេះជាអ្នកគាំទ្រសោភា ដ៍ងប់ងល់ជាច្រើនឆ្នាំមកហើយ និងពេញចិត្តដែលនាងមិនដែលស្លៀកពាក់ស៊ិចស៊ីដូចគេ ហេតុនេះការគ្រងឈុតបុរាណទាំងពីរឈុតខាងលើពិតជាសាកសមជាមួយទម្រង់មុខ និងដងខ្លួនរបស់នាងតែម្ដង ។យ៉ាងណាតាមព័តមានថាមិនមែនតែឈុតនារីអប្សរា និងស្បៃស្ដើងនោះទេ តែម្ចាស់ហាងអប្សរាទេវីហ្គោល សំអាងការ ក៍បានអញ្ជើញសោភា ឲ្យថតឈុតមួយចំនួនទៀត គ្រាន់តែសំអាងការមួយនេះបញ្ចេញតាមតំណាក់កាលសិន។តែគេនៅមិនទាន់ដឹងថាហេតុអ្វីបានជាសោភា ព្រមថតឲ្យសំអាងការខាងលើ តែនាងកម្រនិងថតឲ្យសំអាងការផ្សេងនោះទេ ។ប៉ុន្ដែរូបភាពរបស់សោភា ក្នុងឈុតបុរាណទាំងពីរនេះពិតជាទាក់ទាញហើយសាកសមជានារីខ្មែរដែលមានសម្រស់ស្អាតពីធម្មជាតិ ផ្គួបជាមួយអ្នកតុបតែងមុខ ធ្វើសក់ និងបំពាក់គ្រឿងអលង្ការឲ្យនាង។គេសឹងតែមិនជឿរថានារីក្នុងឈុតប្រពៃណីខ្មែរដ៍ផូផង់នេះមានអាយុ៤០ឆ្នាំ នោះទេ ព្រោះថាសោភា មានសម្រស់ក្មេងជាងវ័យឆ្ងាយខ្លាំងណាស់ ។
កំពូលតារាចម្រៀងពេជ្រ សោភា ក្នុងឈុតប្រពៃណីខ្មែរ នារីអប្យរា
គួរបញ្ជាក់ថាពេជ្រ សោភា បានលេចមុខក្នុងស្ពតធំៗជាច្រើនដែលអាចឲ្យនាងរកបានប្រាក់ចំណូលមិនតិចទេ ក្នុង១ឆ្នាំៗ បន្ថែមពីលើអាជីពចម្រៀង។ប៉ុន្ដែការថតសំអាងការ សោភា មិនងាយនិងទទួលឡើយដែលចំណុចនេះត្រូវបានគេសន្និដ្ឋានថាមកពីតារាហង្សមាសរូបនេះមមាញឹកច្រើនជាមួយអាជីពចម្រៀង ព្រោះការតែងថតសំអាងការត្រូវការប្រើពេលយូទាំងការធ្វើសក់ តុបតែងមុខ និងរៀបចំសម្លៀកបំពាក់ ។តែសោភា ធ្លាប់និយាយថាក្នុងនាមជានារីខ្មែរនាងស្រលាញ់ឈុតប្រពៃណីរបស់ដូចតាបន្សល់ឲ្យទាំងនេះណាស់ ហើយពេញចិត្តជានិច្ចក្នុងការចូលរួមបំផុសដល់យុវវ័យឲ្យចងចាំនូវសម្លៀកបំពាក់អត្តសញ្ញាណជាតិរបស់ខ្មែរ ដែលបានបន្សល់ឲ្យមានទាំងផ្ទាំងគំនូរនៅលើប្រាងប្រាសាទរបស់ខ្មែរទៀតផង។
កំពូលតារាចម្រៀងពេជ្រ សោភា ក្នុងឈុតប្រពៃណីខ្មែរ ស្បៃស្ដើង
តាមព័តមានពីអ្នករៀបចំឲ្យពេជ្រ សោភា ថតឈុតប្រពៃណីខ្មែរខាងលើបានប្រាប់ថាឈុតនារីអប្សរា សម្រាប់ប្រើក្នុងពិធីកាត់សក់មង្គលការ ខណៈឈុតស្បៃ ស្ដើង ប្រើសម្រាប់បំពាក់ជញ្ជៀន និងទទួលភ្ញៀវពេលល្ងាច ៕