តូក្យូ (ជប៉ុន) ៖ ការប្រកួត K-1 World Max 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ កីឡាករស្តេចប្រដាល់ថៃ បួខាវ បាន់ឆាមេក បានឡើងសង្វៀនជួបកីឡាករប៊ុលហ្គារី ស្តូយ៉ាន កូព្រីវឡិន ស្គី (Stoyan Koprivlensky) ក្នុងទម្ងន់ ៧០គីឡូ ដោយលទ្ធផលនៃការប្រកួតគឺបួខាវ ត្រូវកីឡាករប៊ុលហ្គារី ទាត់ចំមុខ ១ជើង បាត់ជំហរ ហើយត្រូវបានអាជ្ញាកណ្តាលរាប់ដល់៨ ក្នុងទឹកទី២ ត្រូវធ្លាក់ពីការប្រកួត មិនអាចបន្តទៅដណ្តើមជើងឯកបានទេ។
នៅទីបំផុត ក្រោយការប្រកួតបាន ៣ទឹក អាជ្ញាកណ្តាលប្រកាសលទ្ធផល ឱ្យស្តូយ៉ាន កូព្រីវឡិនស្គី ជាអ្នកឈ្នះពិន្ទុ។
ក្រោយពេលចាញ់ក្នុងការប្រកួតជុំទី១នោះ បួរខាវ បានបង្ហោះសារក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ទទួលស្គាល់ថា ខ្លួនពិតជាចាញ់ អត់មានលេសទេ ដោយត្រូវអាជ្ញាកណ្តាល់រាប់ ១ដង ព្រមាន ៣ដង ដកពិន្ទុ ហើយចៅក្រមទាំង៣ បានផ្តល់ពិន្ទុឲ្យកីឡាករប៊ុលហ្គារី ឈ្នះជាឯកច្ឆន្ទ គឺ : 30/28 30/27 30/28 ។
មនុស្សភាគច្រើន បានផ្តល់យោបល់លើកទឹកចិត្ត បួខាវ ថាការឈ្នះនិងចាញ់ ក្នុងកីឡា គឺជារឿងធម្មតា។ ប៉ុន្តែបួខាវ បានបើកចិត្តសុំទោសប្រជាជនថៃ ដោយទទួលស្គាល់កំហុសរបស់ខ្លួន ដែលធ្វើមិនបានល្អ មិនអាចដណ្តើមជើងឯកពិភពលោកបាន ក្នុងការប្រកួតប្រដាល់ K-1 World Max 2024 នៅទីក្រុងតូក្យូ ។
យ៉ាងណា អ្នកប្រដាល់ថៃ អាយុ៤២ឆ្នាំ រូបនេះ ជាអតីតជើងឯក ២សម័យកាល ឆ្នាំ២០០៤ និង២០០៦ នៃការប្រកួត K-1 World Max នេះ ។
សូមបញ្ជាក់ថា ការប្រកួត K-1 World Max 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ជាទម្រង់នៃការប្រកួតប្រ ដាល់បែបម៉ារ៉ាតុង ដោយប្រកួតក្នុងមួយថ្ងៃ ឈ្នះ ៣ដង នឹងឈ្នះជើងឯក ដោយក្នុងមួយទឹក គឺ៣នាទី និងសម្រាក ១នាទី ។
តាមប្រភពបណ្តាញព័ត៌មានថៃ បានបញ្ជាក់ថា តម្លៃខ្លួណរបស់បួខាវ ក្នុងការប្រកួតមួយជុំ (១លើក) ទទួលបានចំនួន ១០លានបាត ដូច្នេះប្រសិនបើបួខាវ ប្រកួតឈ្នះ បានឡើងដល់ជុំចុងក្រោយ ឈ្នះពានជើងឯក គេនឹងទទួលបានប្រាក់ឧបត្ថម្ភយ៉ាងតិច ៣០លានបាត។ ប៉ុន្តែក្តីស្រមៃ របស់បួខាវ បានរលាយអស់ក្រោមកណ្តាប់ដៃ និងថ្វីជើងរបស់កីឡាករប៊ុលហ្គារី ត្រឹមការប្រកួតជុំទី១ប៉ុណ្ណោះ៕ ខៀវទុំ