ប៉ូឡូញ៖ ទីភ្នាក់ងារព័ត៌មានប៉ូឡូញ (PAP) បានរាយការណ៍ថានាយករដ្ឋមន្ត្រីប៉ូឡូញលោកស្រី Beata Szydlo បានរងរបួសក្នុងការឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយក្នុងទីក្រុង Oswiecim ភាគខាងត្បូងប្រទេសប៉ូឡូញកាលពីក្បាលព្រលប់ថ្ងៃសុក្រនេះ ។
ប៉ូលិសក្នុងស្រុកឲ្យដឹងថា លោកស្រី Syzdlo គឺស្ថិតនៅក្នុងរថយន្តទី២នៃក្បួនរថយន្តរបស់រដ្ឋាភិបាលនៅពេលដែលរថយន្ត Fiat Cinquecento បានបោះពួយមកបុក ។ មន្ត្រីការិយាល័យសន្តិសុខរបស់រដ្ឋាភិបាលម្នាក់និងលោកស្រីនាយករដ្ឋមន្ត្រីបានរងរបួសនៅក្នុងឧប្បត្តិហេតុនេះ ។
លោកស្រី Szydlo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Oswiecim ភ្លាមៗផងដែរបន្ទាប់ពីហេតុការណ៍បុកទង្គិចគ្នានេះ ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Rafal Bochenek បានថ្លែងថាលោកស្រីនាយករដ្ឋមន្ត្រីកំពុងទទួលបានការពិនិត្យពីក្រុមគ្រូពេទ្យបន្ទាប់ពីគ្រោះថ្នាក់នេះហើយក៏មិនគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ ។
រីឯអ្នកនាំពាក្យរដ្ឋមន្ត្រីនិងជាទីប្រឹក្សាសេវាកម្មពិសេសលោក Stanislaw Zaryn បានថ្លែងប្រាប់ PAP ថាទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងប៉ូឡូញ (ABW) ក្នុងទីក្រុង Oswiecim នឹងបើកការស៊ើបអង្កេតចំពោះព្រឹត្តការណ៍បុកទង្គិចនេះ ហើយថែមទាំងធ្វើឲ្យប្រសើរឡើងវិញចំពោះហេតុការណ៍ដែលបានកើតឡើងទៀតផង។