ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការហាមឃាត់ការចែកចាយលក់ ឬក៏ទទួលទានស្រាថ្នាំ ចំនួន៣ប្រភេទ ដោយសារតែមានផ្ទុកសារធាតុ SILDENAFIL ខណៈដែលស្រាថ្នាំប្រភេទទាំង៣នោះ ជាផលិតផលរបស់សិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវ ជៀវយៀក អ៊ឹមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការហាមឃាត់ការចែកចាយលក់ ឬទទួលទានស្រាថ្នាំ ចំនួន ៣ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL មានខ្លឹមសារទាំងស្រុងថា ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ ៥០០មល Royal Health Wine EST:2005 ចំណុះ ១០០មល និង ស្រាសុខភាពធម្មជាតិ CHL ចំណុះ ១៥០មល (ដូចមានរូបភាពផលិតផលភ្ជាប់មកជាមួយ) ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ឹមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំង ចំនួន២កន្លែង គឺ ទី១-សិប្បកម្មផលិតស្រាថ្នាំ របស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក នៅ ខេត្តស្វាយរៀង និងទី២-ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនពាក់ព័ន្ធផងដែរ។
ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំទទួលទានស្រា ទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករ ឈប់ចែកចាយឬលក់ស្រាទាំងនេះ។ ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ច នៅតាមបណ្តារាជធានី-ខេត្ត បន្តសហការណែនាំ អប់រំទប់ស្កាត់ការចែកចាយឬលក់ស្រាថ្នាំ ទាំង៣ ប្រភេទ ខាងលើ ឱ្យបានម៉ឺងម៉ាត់ តាមនីតិវិធីច្បាប់។
ក្រសួងសុខាភិបាល សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់»៕