Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រសួងសុខាភិបាល ហាមលក់-ផឹក ស្រា ៣ប្រ​ភេទ នេះ !

ក្រសួងសុខាភិបាល ហាមលក់-ផឹក ស្រា ៣ប្រ​ភេទ នេះ !

ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងស្តីពីការហាម​ឃាត់ការចែកចាយលក់ ឬក៏ទទួលទានស្រាថ្នាំ ចំនួន៣ប្រភេទ ដោយសារតែមានផ្ទុកសារធាតុ SILDENAFIL ខណៈដែលស្រាថ្នាំប្រភេទទាំង៣នោះ ជាផលិតផលរបស់សិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវ ជៀវ​យៀក អ៊ឹមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្តីពីការហាមឃាត់ការចែកចាយលក់ ឬទទួលទានស្រាថ្នាំ ចំនួន ៣ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL មានខ្លឹមសារទាំងស្រុងថា ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិ​សោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ ៥០០មល Royal Health Wine EST:2005 ចំណុះ ១០០មល និង ស្រាសុខភាពធម្មជាតិ CHL ចំណុះ ១៥០មល (ដូចមានរូបភាពផលិតផលភ្ជាប់មកជាមួយ) ដែលផលិតដោយសិប្បកម្មផលិតស្រាថ្នាំ នៃក្រុមហ៊ុនធានឆាវជៀវយៀក អ៊ឹមផត អិចផត ឯ.ក ស្ថិតនៅភូមិជប់ ឃុំកណ្តៀងរាយ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានផ្ទុកសារធាតុ SILDENAFIL (សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

សូមជម្រាបជូនថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវ មន្ត្រីជំនាញនៃក្រសួងសុខាភិបាល បានសហការជាមួយអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ចុះធ្វើនិយ័តកម្មនៅទីតាំង ចំនួន២កន្លែង គឺ ទី១-សិប្បកម្មផលិតស្រាថ្នាំ របស់ក្រុមហ៊ុនធានឆាវជៀវយៀក អ៊ុមផត អិចផត ឯ.ក នៅ ខេត្តស្វាយរៀង និងទី២-ទីតាំងលក់ស្រាថ្នាំ ស្ថិតនៅរាជធានីភ្នំពេញ ដោយបានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនពាក់ព័ន្ធផងដែរ។

ដើម្បីចៀសវាងគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ក្រសួងសុខាភិបាល សូមអំពាវនាវដល់បងប្អូនប្រជាពល​រដ្ឋទាំងអស់ កុំទទួលទានស្រា ទាំង៣ប្រភេទខាងលើ និងសូមបងប្អូនអាជីវករ ឈប់ចែកចាយឬលក់ស្រាទាំង​នេះ។ ទន្ទឹមគ្នានេះដែរ សូមអាជ្ញាធរមានសមត្ថកិច្ច នៅតាមបណ្តារាជធានី-ខេត្ត បន្តសហការណែនាំ អប់រំទប់​ស្កាត់ការចែកចាយឬលក់ស្រាថ្នាំ ទាំង៣ ប្រភេទ ខាងលើ ឱ្យបានម៉ឺងម៉ាត់ តាមនីតិវិធីច្បាប់។

ក្រសួងសុខាភិបាល សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចូលរួមសហ​ការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់»៕

RELATED ARTICLES