ភ្នំពេញ៖កុល ដាវី -សុខ រក្សា បានចាប់ដៃគ្នាជាង៥ឆ្នាំហើយ ដោយទទួលបានចំណងដៃកូនស្រី១ អាយុជាង២ឆ្នាំ ខណៈដែលដាវី នៅបន្ដការងារសិល្បៈវិញជាធម្មតា ប៉ុន្ដែមិនសម្រុកថតដូចកាលពីមុនមានស្វាមីឡើយ ។យ៉ាងណាលោករក្សា បានអះអាងថាលោកបានបើកសិទ្ធិពេញលេងឲ្យដាវី ថតសម្ដែងសិល្បៈតាមចិត្តចង់ មិនប្រចណ្ឌឬហួងហែងប្រពន្ធចំពោះការងារចាស់របស់នាងឡើយ ។
លោកសុខ រក្សា បានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី៣០ កក្កដា ថាបច្ចុប្បន្នភរិយាលោកកំពុងតែថតរឿងភាគមួយឲ្យPnn ហើយលោកគាំទ្រ និងអនុញ្ញាត្តិឲ្យប្រពន្ធថតសម្ដែងតាមពេលវេលារបស់នាងអាចធ្វើទៅបាន។ដោយឡែកទាក់ទងរឿងស៊ិចស៊ី ឬឈុតស្នេហាស្រើបស្រាលក្នុងភាពយន្ដថាតើដាវី ទទួលថតឬអត់លោករក្សា ថារឿងនោះប្រពន្ធលោកដឹងច្បាស់ហើយថាគួរលេង ឬអត់ ប៉ុន្ដែលោកមិនប្រចណ្ឌ ឬហាមឃាត់ភរិយាទេ តែជឿរថាភរិយាគាត់និងយល់ដោយខ្លួនឯង។អតីតតារាហង្សមាសរូបនេះបន្ថែមថាដាវី ទទួលសម្ដែងថតចប់១រឿង ទើបទទួលរឿងថ្មី១ទៀត ព្រោះទុកពេលវេលារកស៊ីតាមOnline មិនមែនថត២ ទៅ៣ រឿងដំណាលគ្នាដូចកាលប្រពន្ធលោកនៅលីវនោះទេ។
លោកសុខ រក្សា ថាសព្វថ្ងៃលោកនៅតែជាតារាចម្រៀងរបស់សាន់ដេ ហើយត្រៀមចេញបទថ្មីសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ ។ស្វាមីកុល ដាវី រូបនេះថាក្រៅពីការងារសិល្បៈលោកមមាញឹកក្នុងជូររាជការផងដែរនៅអគ្គស្នងការ ស្នងការដ្ឋាននគរបាលជាតិ (ស័ក្ក៤) ខណៈដែលវង្សតន្រ្ដីរបស់លោក(សុខ រក្សាតន្រ្ដី)នៅតែតំណើរការដោយរលូនជាច្រើនឆ្នាំមកហើយ ។
កុល ដាវី បានរៀបការជាមួយលោកសុខ រក្សា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ ហើយពេលនេះពួកគេទទួលបានចំណងដៃកូនស្រី១ឈ្មោះរក្សា វីនីតា អាយុជាង២ឆ្នាំ ។
ឆ្លើយតបសំណួរថាតើកុល ដាវី និងលោករក្សា គ្រោងយកកូនទី២ ក្នុងពេលឆាប់ៗ ឬពន្យាពេលនោះប្ដីដាវី រូបនេះថាលោកនិងប្រពន្ធអត់ទាន់ចង់បានកូនទី២នោះទេ ។លោករក្សា ប្រាប់មូលហេតុមិនទាន់ឲ្យដាវី ពពោះកូនទី២នេះ ថាដោយសារតែលោកនិងប្រពន្ធរវល់ដូចគ្នា ហើយពេលមានកូន១នេះត្រូវមើលកូនឆ្លាស់គ្នា ហេតុនេះមិនអាចកំណត់បានថាតើថ្ងៃខែឆ្នាំណា ទើបត្រូវយកកូនថែមមួយទៀតឡើយ ។ ដោយឡែកសម្រាប់ការងារក្រៅសិល្បៈរបស់ប្រពន្ធលោកគឺមុខរបរលក់អ៊ឺវ៉ាន់តាមOnline នោះលោកថានៅតំណើរការជាធម្មតា តែមិនសូវខ្លាំងដូចមុនទេ ។
កុល ដាវី ត្រូវប៉ាន់ជាតួកាចឆ្នាសឆ្នើមដែលផលិតករថានាងសម្ដែងសាកសមនិងមិនចាំបាច់ថតច្រើនដងទេ គឺនាងមានដុងនិងជំនាញឆាប់ចាប់បានតែម្ដង ។អតីតតារាស៊ិចស៊ីរូបនេះបានបោះបង់ស្ទើតែទាំងស្រុងការលេងរឿងមានឈុតស្នេហារោលរាល បន្ទាប់ពីនាងមានស្វាមីជាង៥ឆ្នាំនេះ ។ដាវី ស្ថិតក្នុងចំណោមតារាជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងគង់ សុជាតិ ,ពេជ្រ សោភា ,ប៉ាច គីមមួយ ,ម៉ានីកា ,ឈិន មុនីនាថ និងសាត រស្មី ជាដើម។អ្នកនៅក្នុងចង្កោមសិល្បៈនិងFan របស់ដាវី-រក្សា ពួកគេសរសើរថាប្ដីប្រពន្ធតារា១គូនេះតាំងពីចាប់ដៃគ្នាមក ប្រឹងប្រែងរកស៊ីរវល់រៀងៗខ្លួនទើបធ្វើឲ្យពេលនេះពួកគេរស់នៅក្នុងកម្រិតជីវភាពធូធារមានរថយន្ដទំនើបជិះ និងរស់នៅផ្ទះយ៉ាងប្រណិតទៀតផង។ប៉ុន្ដែដាវី ក៍ដូចតារាផ្សេងៗទៀតដែរពោលគឺក្រោយមានស្វាមីនិងកូននាងផ្ដោតលើការបង្កើតការរកស៊ីមុខរបរផ្ទាល់ខ្លួនច្រើនជាងលេងសិល្បៈ ៕