ភ្នំពេញ៖នៅក្នុងពិភពសិល្បៈតារាល្បីៗតែងតែលេងម៉ូដរថយន្ដ ,ផ្ទះវីឡារ និងសម្ភារៈនិយម ប្រកួតប្រជែងគ្នាដើម្បីឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀត ខណៈដែលតារាខ្លះពេលធ្លាក់ខ្លួនលើកម្រាបដៃដប់សំពះសុំការមេត្តាពីទស្សនិកជនឲ្យជួយបាញ់លុយឲ្យខ្លួនព្យាបាលជំងឺ និងសងបំណុលគេក៍មាន ។ចំណែកនៅចុងឆ្នាំ២០២៤ នេះគេសង្កេតឃើញថាមានតារា៣ដួងដែលទិញរថយន្ដទំនើបផលិតមកពីប្រទេសអ៊ីតាលីគឺម៉ាកLamborghini តម្លៃដល់ទៅរាប់សែនដុល្លារក្នុង១គ្រឿង ជិះហ៊ឺហាផ្អើលមេឃតែម្ដង ។
១៖ងួន ចាន់ដេវីតៈអតីតជាងជួសជុលទូរស័ព្ទនៅផ្សារឃ្លាំងរំសេវដែលល្បីឈ្មោះដោយសារផ្ដើមចេញពីពេជ្រ សោភា រូបនេះបានទិញរថយន្ដម៉ាកLamborghini Aventador ព័ណក្រហម តម្លៃរាប់សិបម៉ឺនដុល្លារ កាលពីដើមខែ មករា ឆ្នាំ២០២៤ ធ្វើឲ្យផ្អើលអស់ពិភពតារារ៉េប នៅកម្ពុជាតែម្ដងព្រោះថាក្រោយចេញពីហង្សមាសងួន ចាន់ដេវីត កាន់តែមានលុយច្រើន ។មុនទិញរថយន្ដលំដាប់សេដ្ឋីLamborghini ដេវីត ធ្លាប់ជិះរយន្ដម៉ាកBmw, Roll Royce និងEscalade ជាដើម។ប៉ុន្ដែទាក់ទងរឿងរៀបការជាមួយភរិយាកូន១នាងទេព បូព្រឹក្ស វិញជី ដេវីត មិនទាន់កំណត់ច្បាស់លាស់ទេ បន្ទាប់ពីពួកគេចាប់ដៃគ្នាជាង៨ឆ្នាំ មានកូនប្រុស១អាយុជាង១ឆ្នាំ ខណៈដែលមានការលេចឭថាពួកគេបានចុះអេតាស៊ីវិលតាំងពីមុនស្រីនិច្ច ពពោះម្លេះ។
២៖ផន សុផារីៈ តារាសម្ដែង កំប្លែង និងចម្រៀងអ្នកនាងផន សុផារី ដែលជាកូនស្រីថៅកែវង្សល្ខោនភី សុគន្ធី បានបង្ហាញរថយន្ដទំនើបម៉ាកLamborghini ព័ណលឿង កាលពីថ្ងៃទី៣០ កក្កដា និងប្រាប់អារម្មណ៍ថាក្ដីស្រម៉ៃរបស់នាងក្លាយទៅជាការពិត តាមរយៈការទិញបានរថយន្ដតម្លៃកប់ពពកនេះជិះកម្សាន្ដ ។ប៉ុន្ដែតាមហ្វេសបុករបស់ស្វាមីនាងលោកសុង សុវណ្ណារ៉ា វិញបង្ហាញថារថយន្ដនេះបានទិញតាំងពីចុងខែមិថុនា ឆ្នាំ២០២៤ ម្លេះ ។មុនទិញរថយន្ដប្រណិតនេះតារាកូន២សុផារី ដែលគេស្គាល់ថាជាម្ដាយរបស់ប៊ែលឡា និងអ៊ែលលី រូបនេះមានការមមាញឹកច្រើនទៅលើការរកស៊ីតាមOnline ជាងការសម្ដែងល្ខោននិងរាំបើកឆាកដូចកាលនៅលីវ ខណៈដែលទាំងរូបនាងនិងស្វាមីសុទ្ធតែបង្ហាញមោទនភាពដូចគ្នា ចំពោះការសម្រេចបានបំណងធំមួយនេះរួមគ្នា ។
៣៖ខេមរៈ សិរីមន្ដៈលោកខេម ប៊ុនថៃ បានឡើងកូដមួយក្រឺតទៀតតាម រយៈការបង្ហាញ រថយន្ដLamborghini ព័ណខ្មៅ ស្លាកលេខKSM2.2.2 កាលពីថ្ងៃទី៣១ ខែកក្កដា ធ្វើឲ្យអតីតតារាU2 រូបនេះមានជីវភាពខុសគ្នាដូចមេឃ ដី បើប្រៀបធៀបជីវភាពលោកអំឡុងឆ្នាំ២០០៤ លោកច្រៀងនៅក្លឹបU2 បានតម្លៃខ្លួនតែ១យប់តែ៣ដុល្លារ ឬប្រាក់ខែត្រឹម៩០ដុល្លារប៉ុណ្ណោះ ។មុនជិះរថយន្ដលំដាប់អភិជននេះសិរីមន្ដ ធ្លាប់ជិះរថយន្ដម៉ាកCorolla ,Toyota Tundra ,Range Rover,Lexus Lx 570 08 ឡើង010 ,Volkswagen ,Roll Royce ,Lexus Nx200t ,Jeep Rubicon និងRange Rover Defender ។មជ្ឈដ្ឋានមហាជនមើលឃើញថាសិរីមន្ដ លែងសូវមានបទផ្ទុះដូចមុនទៀតហើយ ក្រោយចាកចេញពីហង្សមាសទៅGalaxy តែតារាកូន៣រូបនេះលេចធ្លោក្នុងសកម្មភាពចេញសារគាំទ្រថៅកែGalaxy និងអ្នកធំខ្លះ ពីរឿងផ្ទុះនៅលើបណ្ដាញសង្គម ដែលធ្វើឲ្យFan របស់លោកថៃ មានភាពចម្រូងចម្រាសរហូតមានអ្នកខ្លះព្រមានធ្វើពហិការលែងស្ដាប់ចម្រៀងរបស់លោកទៀតផង ។យ៉ាងណាគេមើលឃើញថាលោកថៃ ពេលនេះទោះជាលែងច្រៀងក៍លុយចាយមិនចេះអស់ដែរ តែគេមិនដឹងថាលោកមានប្រាក់សរុបប៉ុន្មានគិតត្រឹមឆ្នាំ២០២៤ នេះទេ ស្របពេលដែលតាមព័តមានថាតារាទើបប្ដូរម៉ូដសក់ថ្មីពីក្រញ៉ាញ់សំពោង មកជាកាត់ខ្លីធម្មតានេះនៅតែចង់បានរថយន្ដថ្លៃៗថែមទៀត ៕