ភ្នំពេញ៖បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ រ៉េត សារីតា កាលពីថ្ងៃទី៤ ខែសីហា នាងបានដឹកដៃម្ចាស់ស្នេហាដែលជាបុរសជនជាតិអាមេរិក ថតសម្រាប់តាំងរោងការ(Pre-Wedding) នូវឈុតប្រពៃណីខ្មែរដ៍ស្រស់ស្អាត ដែលនេះបញ្ជាក់ថាថ្ងៃពិសេសរបស់នាងគឺអាពាហ៍ ពិពាហ៍ នឹងខិតចូលមកដល់ក្នុងពេលឆាប់ៗនេះហើយ។ដំណឹងនេះដែរនឹងធ្វើឲ្យបុរសផ្សេងៗទៀតដែលខំលួចស្នេហ៍នាងជាយូមកហើយនោះក៍អស់សិទ្ធិក្នុងការតាមប្រម៉ាញ់បេះដូងស្រីតូចច្រឡឹងស្រអែមស្រស់ត្រឹមពេលនេះ ព្រោះនាងមានអ្នកច្បាស់លាស់ហើយ ។
ក្នុងជំនួបកាលពីពេលថ្មីៗនេះរ៉េត សារីតា ប្រាប់”នគរធំ” ថានាងនឹងរៀបការនៅចុងឆ្នាំ២០២៥ ខាងមុខនេះដែលពិធីនោះធ្វើតាមទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរផង តាមរបៀបលោកខាងលិចផងដែរ ។បវរកញ្ញាតូចតន់កម្ពស់១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ទម្ងន់៤៨ គីឡូក្រាម រូបស្រស់នេះវាចាថា”ខ្ញុំបានថតPre-wedding នៅខ្មែររួចរាល់ហើយ តែនឹងត្រៀមទៅថតនៅស្រុកគេម្ដងទៀត ដើម្បីថ្ងៃពិសេសរបស់ខ្ញុំនៅចុងឆ្នាំ២០២៥ ។មានអ្នកខ្លះប្រាប់ខ្ញុំថាម៉េចមិនរៀបចំនៅចុងឆ្នាំ២០២៤ តែម្ដងទៅ តែខ្ញុំថាធ្វើមិនទាន់ទេ ព្រោះកៀកណាស់ហើយ។មង្គលការរបស់ខ្ញុំនឹងធ្វើ៣ថ្ងៃតាមលំដាប់លំដោយប្រពៃណីខ្មែរ ហើយក៍មានរៀបចំបែបលោកខាងលិចដែរ ព្រោះគូដណ្ដឹងខ្ញុំគាត់ជាជនជាតិអាមេរិក” ។
រ៉េត សារីតា បានភ្ជាប់ស្នេហាជាមួយគូស្នេហ៍ជាជនជាតិអាមេរិកកាំងកាលពីឆ្នាំ២០២០ ហើយសម្រេចចិត្តរៀបការនៅឆ្នាំ២០២៥ ដែលជាថ្ងៃខួបកំណើតស្នេហ៍ពួកគេគម្រប់៥ឆ្នាំ តែក្រោយរៀបការរួចនាងមិនទាន់ប្រាកដថាតើនឹងចេញទៅរស់នៅអាមេរិកតាមសា្វមី ឬនៅខ្មែរនោះទេ ខណៈដែលពេលនេះអនាគតស្វាមីរបស់នាងដែលពីមុនធ្វើការនៅស្រុកខ្មែរនោះបច្ចុប្បន្នលោកកំពុងធ្វើការនៅទីក្រុងសៀងហៃ ប្រទេសចិន នឹងត្រៀមទៅធ្វើការនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលជាទីកំណើតរបស់លោកនាពេលខាងមុខ។សារីតា ថាម្ចាស់ស្នេហានាងមានអាយុ៣០ឆ្នាំ ស្រពេលដែលនាងមានអាយុប្អូន១ឆ្នាំគឺ២៩ឆ្នាំ ហើយនាងរំពឹងថានឹងចាប់ដៃគ្នាដើរកម្សាន្ដឲ្យបានជុំវិញពិភពលោកក្រោយរៀបការរួច ។
បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ រូបនេះបន្ថែមថា”បើការហើយខ្ញុំទៅរស់នៅញូវយ៉កតាមប្ដី ក៍ខ្ញុំមិនចោលសិល្បៈដែរ គឺនៅតែបន្ដហើយមានតែផុសផុលជាងមុនទៀតផង តាមរយៈការផ្សព្វផ្សាយពីវប្បធ័ម អរិយធ័មខ្មែរ ទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើនថែមទៀត “។
រ៉េត សារីតា ថានៅឆ្នាំ២០២៤ នេះនាងមានការមមាញឹកច្រើនជាមួយការងារសិល្បៈពិសេសការថតភាពយន្ដ ព្រោះអាជីពសិល្បៈជាផ្នែកមួយដែលនាងស្រលាញ់បំផុត។បវរកញ្ញារូបនេះក្រៅពីភាសារខ្មែរនាងក៍ចេះភាសារអង់គ្លេស ថៃ និងបារាំង យ៉ាងស្ទាត់ជំនាញផងដែរ ។រ៉េត សារីតា បានបញ្ចប់ការសិក្សារចំណេះដឹងទូទៅពីសាលាLyc’ee Francais Ren’e Descartes (LFRD) និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រអក្សរសាស្រ្ដនៅវិទ្យាស្ថានវណ្ណដា និងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ។កាលពីចុងខែមេសា ឆ្នាំ២០២១ សារីតា បានទៅសហរដ្ឋអាមេរិក កម្មវិធីបវរកញ្ញាចក្រវាឡលើកទី៦៩ (Miss Universe 2020 ) ផងដែរ ។អាយុ៦ឆ្នាំ សារីតា ក្លាយជាក្មេងកំព្រាម្ដាយ តែត្រូវបានប្ដីប្រពន្ធ១គូដែលប្ដីជាជនជាតិបារាំង និងប្រពន្ធជាជនជាតិខ្មែរកាត់អាមេរិកកាំងសុំនាងយកទៅចិញ្ចឹម និងផ្គត់ផ្គងឲ្យនាងរៀនសូត្រតាំងពីតូច រហូតដល់វ័យ១៧ឆ្នាំ ទើបនាងមិនពឹងលើអាណាព្យាបាលទៀតទេ គឺរកលុយដោយខ្លួនឯងតាមរយៈការថតភាពយន្ដ និងស្ពតពាណិជ្ជកម្មជាច្រើន។ចំណែកឪពុកបង្កើតជាជនជាតិខ្មែរ ដែលសព្វថ្ងៃជាយោធិនចូលនិវត្តន៍រស់នៅខេត្តតាកែវ នោះសារីតា នៅតែមានទំនាក់ទំនងល្អរហូតមកដល់សព្វថ្ងៃ ។
ទាក់ទងរឿងមង្គលការនៅចុងឆ្នាំ២០២៥ នោះទោះជារ៉េត សារីតា មិនទាន់បង្ហើបថាត្រៀមចំណាយលុយចំនួនប៉ុន្មានក្ដី ប៉ុន្ដែគេអាចសន្និដ្ឋានថាពិធីនោះនឹងធ្វើទ្រង់ទ្រាយធំ ហើយនឹងមានក្រុមម៉ូដែលល្បីៗជាច្រើនចូលរួម ខណៈដែលភ្ញៀវខាងស្វាមីនាងភាគច្រើនជាអ្នកជំនួញជនជាតិបរទេស។
ក្រៅពីរ៉េត សារីតា តារាដែលយកស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងអឿន ដាលីស ,សូ អេណា និងកែវ ស្រីនាង ជាដើម ៕