Tuesday, September 17, 2024
Homeតារាខ្មែររ៉េត សារីតា ៖រៀបការ ២០២៥

រ៉េត សារីតា ៖រៀបការ ២០២៥

ភ្នំពេញ៖បវរកញ្ញាចក្រវាឡកម្ពុជា ឆ្នាំ២០២០ រ៉េត សារីតា កាលពីថ្ងៃទី៤ ខែសីហា នាងបាន​ដឹក​ដៃម្ចាស់ស្នេហាដែលជាបុរសជនជាតិអាមេរិក ថតសម្រាប់តាំងរោងការ(Pre-Wedding) នូវ​ឈុត​ប្រពៃណីខ្មែរដ៍ស្រស់ស្អាត ដែលនេះបញ្ជាក់ថាថ្ងៃពិសេសរបស់នាងគឺអាពាហ៍ ពិពាហ៍ នឹង​ខិតចូលមកដល់ក្នុងពេលឆាប់ៗនេះហើយ។ដំណឹងនេះដែរនឹងធ្វើឲ្យបុរសផ្សេងៗ​ទៀត​ដែល​ខំលួច​ស្នេហ៍​នាងជាយូមកហើយនោះក៍អស់សិទ្ធិក្នុងការតាមប្រម៉ាញ់​បេះដូង​ស្រីតូច​ច្រ​ឡឹងស្រអែមស្រស់ត្រឹមពេលនេះ ព្រោះ​​នាងមានអ្នកច្បាស់លាស់ហើយ ។

 ក្នុងជំនួបកាលពីពេលថ្មីៗនេះរ៉េត សារីតា ប្រាប់”នគរធំ” ថានាងនឹងរៀបការ​នៅចុង​ឆ្នាំ​២០២៥ ខាងមុខនេះដែលពិធីនោះធ្វើតាមទំនៀមទំលាប់ប្រពៃណីរបស់ខ្មែរផង តាមរបៀប​លោក​​ខាងលិចផងដែរ ។បវរកញ្ញាតូចតន់កម្ពស់១ ម៉ែត្រ ៦៥ សង់ទីម៉ែត្រ ទម្ងន់៤៨ គីឡូក្រាម រូបស្រស់នេះវាចាថា”ខ្ញុំបានថតPre-wedding នៅខ្មែររួច​រាល់ហើយ តែនឹងត្រៀមទៅ​ថតនៅ​ស្រុកគេម្ដងទៀត ដើម្បីថ្ងៃពិសេស​របស់ខ្ញុំនៅ​ចុងឆ្នាំ២០២៥ ។មានអ្នកខ្លះប្រាប់ខ្ញុំថាម៉េចមិន​រៀបចំនៅចុងឆ្នាំ២០២៤ តែម្ដងទៅ តែខ្ញុំថា​ធ្វើ​មិនទាន់ទេ ព្រោះកៀកណាស់ហើយ។មង្គលការ​របស់ខ្ញុំនឹង​ធ្វើ៣ថ្ងៃតាមលំដាប់លំ​ដោយប្រ​ពៃ​ណីខ្មែរ ហើយក៍មានរៀបចំបែបលោក​ខាងលិច​ដែរ ព្រោះគូដណ្ដឹងខ្ញុំគាត់ជាជនជាតិអាមេរិក” ។

  រ៉េត សារីតា បានភ្ជាប់ស្នេហាជាមួយគូស្នេហ៍ជាជនជាតិអាមេរិកកាំងកាលពីឆ្នាំ២០២០ ហើយសម្រេចចិត្តរៀប​ការនៅឆ្នាំ២០២៥ ដែលជាថ្ងៃខួបកំណើតស្នេហ៍ពួកគេគម្រប់៥ឆ្នាំ តែ​ក្រោយរៀបការរួចនាងមិនទាន់ប្រាកដថាតើនឹងចេញទៅរស់នៅអាមេរិកតាមសា្វមី ឬនៅខ្មែរ​នោះទេ ខណៈដែលពេលនេះអនាគតស្វាមីរបស់នាងដែលពី​មុនធ្វើការនៅស្រុកខ្មែរ​នោះបច្ចុ​ប្បន្នលោកកំពុងធ្វើការនៅទីក្រុងសៀងហៃ ប្រទេសចិន នឹងត្រៀមទៅធ្វើការ​នៅទីក្រុងញូវ​យ៉ក សហរដ្ឋអាមេរិក ដែលជាទីកំណើតរបស់លោកនាពេលខាងមុខ។សារីតា ថាម្ចាស់ស្នេ​ហា​នាងមានអាយុ៣០ឆ្នាំ ស្រពេលដែលនាងមានអាយុប្អូន១ឆ្នាំគឺ២៩ឆ្នាំ ហើយនាងរំពឹងថា​នឹង​​ចាប់​ដៃគ្នាដើរកម្សាន្ដឲ្យបានជុំវិញពិភពលោកក្រោយរៀបការរួច ។

 បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២០ រូបនេះបន្ថែមថា”បើការហើយខ្ញុំទៅរស់​នៅញូវយ៉ក​តាមប្ដី ក៍ខ្ញុំមិនចោលសិ​ល្បៈដែរ គឺនៅតែបន្ដហើយមានតែផុសផុលជាងមុនទៀតផង តាម​រយៈ​​​ការផ្សព្វផ្សាយពីវប្បធ័ម អរិយធ័មខ្មែរ ទៅកាន់ពិភពលោកឲ្យបានកាន់តែច្រើនថែមទៀត “។

 រ៉េត សារីតា ថានៅឆ្នាំ២០២៤ នេះនាងមានការមមាញឹកច្រើនជាមួយ​ការងារសិល្បៈ​ពិ​សេស​ការថតភាពយន្ដ ព្រោះអាជីពសិល្បៈជាផ្នែកមួយដែលនាងស្រលាញ់បំ​ផុត។បវរកញ្ញា​រូបនេះក្រៅពីភាសារខ្មែរនាងក៍ចេះភាសារអង់គ្លេស ថៃ និងបារាំង យ៉ាងស្ទាត់ជំនាញផងដែរ ។រ៉េត សារីតា បានបញ្ចប់ការសិក្សារចំណេះដឹងទូទៅពីសា​លាLyc’ee Francais Ren’e Descartes (LFRD) និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រអក្សរសាស្រ្ដនៅវិទ្យា​ស្ថានវណ្ណដា និងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្ដរជាតិនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ។កាលពីចុងខែមេសា ឆ្នាំ២០២១ សារីតា បានទៅសហរដ្ឋអាមេរិក កម្មវិធីបវរកញ្ញាចក្រវា​ឡលើកទី៦៩ (Miss Universe 2020 ) ផងដែរ ។អាយុ៦ឆ្នាំ សារីតា ក្លាយជាក្មេងកំព្រាម្ដាយ តែត្រូវបានប្ដីប្រពន្ធ១គូដែលប្ដីជាជនជាតិបារាំង និងប្រពន្ធជាជន​ជាតិខ្មែរកាត់អាមេរិកកាំងសុំនាងយកទៅចិញ្ចឹម និងផ្គត់ផ្គងឲ្យនាងរៀនសូត្រតាំងពីតូច រហូត​ដល់វ័យ១៧ឆ្នាំ ទើបនាងមិនពឹងលើអាណាព្យាបាលទៀតទេ គឺរកលុយដោយខ្លួនឯងតាម​រយៈ​ការថតភាពយន្ដ និងស្ពតពាណិជ្ជកម្មជាច្រើន។ចំណែកឪពុកបង្កើតជាជនជាតិខ្មែរ ដែល​សព្វថ្ងៃជាយោធិនចូលនិវត្តន៍រស់នៅខេត្តតាកែវ នោះសារីតា នៅតែមានទំនាក់​ទំនងល្អរហូត​មក​ដល់សព្វថ្ងៃ ។

 ទាក់ទងរឿងមង្គលការនៅចុងឆ្នាំ២០២៥ នោះទោះជារ៉េត សារីតា មិនទាន់​បង្ហើប​ថា​ត្រៀមចំណាយលុយចំនួនប៉ុន្មានក្ដី ប៉ុន្ដែគេអាចសន្និដ្ឋានថាពិធីនោះនឹងធ្វើទ្រង់ទ្រាយធំ ហើយនឹងមានក្រុមម៉ូដែលល្បីៗជាច្រើនចូលរួម ខណៈដែលភ្ញៀវខាងស្វាមីនាងភាគ​ច្រើន​ជា​អ្នកជំនួញជនជាតិបរទេស។

 ក្រៅពីរ៉េត សារីតា តារាដែលយកស្វាមីជាជនជាតិបរទេសមានដូចជាអ្នកនាងអឿន ដា​លីស ,សូ អេណា និងកែវ ស្រីនាង ជាដើម ៕

RELATED ARTICLES