Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគ្គស្នងការ ណែនាំការប្រើឯកសណ្ឋានសន្តិសុខឯកជន

អគ្គស្នងការ ណែនាំការប្រើឯកសណ្ឋានសន្តិសុខឯកជន

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិសុខឯកជន។

យោងតាមសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ដោយអនុវត្តតាមខ្លឹមសារអនុ ក្រឹត្យលេខ ២៨៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន ក្នុងគោលបំ ណងបញ្ចៀសការភាន់ច្រឡំនៃការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិ សុខឯកជន ដែលដូចឬស្រដៀងទៅនឹងនគរបាល ចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់បណ្តាក្រុម ហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ដូចខាងក្រោម ៖

១-ត្រូវអនុវត្តតាមលក្ខន្តិកៈ នៃការស្នើសុំប្រកបអាជីវកម្មផ្តល់សេវាសន្តិសុខឯកជន របស់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ឬការជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន របស់សហគ្រាសគ្រឹះស្ថាននានា មានលក្ខខណ្ឌនិងទម្រង់បែបបទនៃការស្នើសុំចំនួន ១៦ចំណុច ជាពិសេសគំរូ ឯកសណ្ឋានភ្នាក់ងារសន្តិសុខឯកជន មានស្លាក សញ្ញាក្រុមហ៊ុន និងគំរូឧបករណ៍សម្ភារបច្ចេកទេស មធ្យោបាយ ស័ក្តិ សម្រាប់បំពាក់ឱ្យភ្នាក់ងារសន្តិសុខឯកជន។

២-ហាមប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ ឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិសុខឯកជន ដែលដូចឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរបស់ក្រសួង ឬស្ថាប័នរដ្ឋនានា ដែលមានចែងក្នុងមាត្រា ១៦ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ បក ស្តីពីការគ្រប់គ្រងសន្តិសុខឯកជន។

៣-ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលមានឯកសណ្ឋានដូច ឬស្រដៀងទៅនឹងនគរបាលចរាចរណ៍ កម្លាំងមានសមត្ថកិច្ច ឬកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវធ្វើការផ្លាស់ប្តូរ ហើយស្នើសុំតាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំពោះក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងតាមរយៈស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ចំពោះសហគ្រាសគ្រឹះស្ថាន។

៤-ករណីការប្រើប្រាស់ឯកសណ្ឋាន សញ្ញាស័ក្តិ និងឧបករណ៍សម្ភាររបស់ភ្នាក់ងារសន្តិសុខ ឯកជន ឬស្លាក សញ្ញាក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ទទួលបានសេចក្តីណែនាំនេះ ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អគ្គនាយក អគ្គនាយិកាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានា ចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ…៕

RELATED ARTICLES