ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station)។

តាមប្រភពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ ខ្លួន រួមមាន ទី១-ឈ្មោះ ឡ.រ ទី២-ឈ្មោះខ.ប.ប និងទី៣-ឈ្មោះក.ច.រ ដែលកំពុងធ្វើសកម្មភាពបើកបររថយន្តដែលបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយ ផ្ញើសារ SMS ដែលផ្សព្វផ្សាយអំពីល្បែងស៊ីសងខុស ច្បាប់ តាមអនឡាញ និងក្លែងគេហទំព័របន្លំជាក្រុមហ៊ុនបណ្តាញសង្គមតេឡេក្រាម ដែលមានខ្លឹមសារបំភិតបំភ័យពាក់ព័ន្ធនឹងសុវត្ថិភាពគណនីតេឡេក្រាម ដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី ក្នុងគោលបំណងចូលគ្រប់គ្រងគណនី ឈានយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមការសាកសួរ ជនសង្ស័យទាំង៣នាក់ បានចូលធ្វើការជាអ្នកបើករថយន្ត បំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរសព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ។ជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សារធារណជន សូមកុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ចៀសវាងជនអនាមិកអាចគ្រប់គ្រងទិន្នន័យ ឬគណនីផ្សេងៗរបស់យើងបាន ឈានដល់ការប្រឈមហានិភ័យនានា ដោយប្រការណាមួយ៕