ហ្វីលីពីន៖ យោងតាមអតីតមេដឹកនាំហ្វីលីពីនលោក Fidel Ramos ឲ្យដឹងថាសង្គ្រាមគ្រឿងញៀនមួយក្នុងប្រទេសហ្វីលីពីនបាននាំមកនូវការកើនឡើងនៃវប្បធម៌និទណ្ឌភាពហើយលោកប្រធានាធិបតី Rodrigo Duterte កំពុងបង្កើតនូវគោលនយោបាយជាច្រើនដោយចិត្តឯងគ្មានការពិគ្រោះយោបល់គ្នា។
លោក Ramos ជាអ្នកគាំទ្រយុទ្ធនាការបោះឆ្នោតរបស់លោក Duterte ហើយក៏ស្ថិតក្នុងចំណោមអ្នកដែលរិះគន់ឥតសំចៃមាត់ម្នាក់ផងនោះបានថ្លែងថាវាមានភាពឯកតោភាគីនិយមច្រើនពេកហើយក្នុងរដ្ឋបាលរបស់លោក Duterte ជាពិសេសក្នុងបញ្ហាសន្តិសុខនិងការអនុវត្តច្បាប់។
លោក Ramos ត្រូវបានចោទសួរក្នុងអំឡុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យតាមសារព័ត៌មានអនឡាញមួយថាការបង្ហូរឈាមក្នុងអំឡុងសង្គ្រាមគ្រឿងញៀនបង្ហាញឲ្យឃើញថាវប្បធម៌និទណ្ឌភាពបាននិងកំពុងកើតឡើងជាសកលហើយ។
លោកថ្លែងថាលោកមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការហៅវាថាជាវប្បធម៌និទណ្ឌភាពដោយសារតែលោកជឿជាក់ថាវាមិនយឺតពេលឡើយក្នុងការផ្លាស់ប្តូរឬកែប្រែវាប៉ុន្តែនៅត្រង់ថាការទទួលខុសត្រូវនោះគឺជាបន្ទុករបស់លោក Duterte ។
ប្រតិបត្តិការរបស់ប៉ូលិសត្រូវបានពន្យាពេលកាលពីថ្ងៃទី៣១ខែមករា បន្ទាប់ពីអ្នកជំនួញម្នាក់របស់កូរ៉េខាងត្បូងត្រូវបានសម្លាប់ដោយមន្ត្រីដែលជាកងកម្លាំងបង្ក្រាបគ្រឿងញៀន ។
សូមបញ្ជាក់ថាទីភ្នាក់ងារប្រតិបត្តិការបង្ក្រាបគ្រឿងញៀនហ្វីលីពីនបានកាន់កាប់តួនាទីហើយលោក Duterte ចង់ឲ្យយោធាចូលរួមឆ្មក់វាយប្រហារក្រុមគ្រឿងញៀនផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា