ភ្នំពេញ៖នៅលើបណ្ដាញសង្គមព្រាប សុវត្ថិ បង្ហាញសកម្មភាពកូនកំលោះទី២របស់លោកសុវត្ថិ មុនីនាគ ហ្វឹកហាត់យ៉ាងមមាញឹកនូវក្បាច់រាំយ៉ាងរស់រវើកមានទាំងគ្រូបង្ហាត់រាំជាជនជាតិខ្មែរ និងបរទេស ដែលនេះបញ្ជាក់ថាមុនីនាគ ដែលផ្អាកឡើងឆាកតន្រ្ដីជាច្រើនខែនោះពេលនេះជិតវិលមកាន់ក្បាលមីក្រូសារជាថ្មីហើយ ។ប៉ុន្ដែសកម្មភាពខ្លះរបស់មុនីនាគ នៅលើហ្វេសបុកលោកមានបង្ហាញការហាត់រាំដែលមានរូបឡូហ្គូផលិតកម្មហង្សមាសនៅពីក្រោយទៅវិញ ទើបនាំឲ្យមានការសង្ស័យថាកូនទី២លោកសុវត្ថិ អាចនឹងវិលទៅទ្រនុំចាស់ជាលើកទី២ ព្រោះបងប្រុសរបស់គេសុវត្ថិ មុនីវណ្ណ និងប្អូនប្រុសសុវត្ថិ សិរីវុឌ្ឍ ពេលនេះបានក្លាយទៅជាតារាGalaxy ច្រៀងជាមួយឪពុករបស់ខ្លួនទៅហើយ ។តែអ្នកជំនាញខ្លះបែជាថាមុនីនាគ នៅតែមានភាគរយខ្ពស់ទៅGalax រួមទ្រនុំជាមួយឪពុក បងប្រុស និងប្អូនរបស់គេម្ដងទៀត ច្រើនជាងទៅហង្សមាស ដែលពេលនេះកំពុងតែមានតារាចាកចេញជាបន្ដបន្ទាប់ ។
បុគ្គលិកម្នាក់ជាអ្នកធ្វើការងារផ្នែកសិល្បៈម្នាក់នៅហង្សមាសបាននិយាយខ្លីថាលោកមិនបានដឹងរឿងអ្វីទាំងអស់ ជុំវិញរឿងទាក់ទងគេសង្ស័យកូនលោកព្រាប សុវត្ថិ អាចចូលហង្សមាសជាលើកទី២ នេះ។ដោយឡែកតារាចម្រៀងមួយចំនួននៅហង្សមាសនៅពេលអ្នកយកព័តមានយើងសួរថាតើសុវត្ថិ មុនីនាគ អាចចូលហង្សមាសម្ដងទៀត ឬអត់នោះពួកគេថារឿងនេះនៅលើព្រាប សុវត្ថិ ជាអ្នកកំណត់ ប៉ុន្ដែពួកគេនៅតែជឿរថាមុនីនាគ អាចទៅGalaxy តាមឪពុកគេសឹងតែ១០០ % ។
ព្រាប សុវត្ថិ ផ្អឹបកូនកំលោះទី២ មិនឲ្យឡើងឆាកនេះស្ទើតែធ្វើឲ្យរូបគេ ពិបាកស្ដារមុខឡើងវិញ ដោយសារតែខានចេញបទថ្មីនិងឡើងឆាកយូខែពេក ហើយប្រសិនបើមុនីនាគ ពិតជាទៅតាមឪនៅGalaxy មែននោះឪពុកនិងកូនទាំង៣ នឹងចាប់ដៃគ្នាច្រៀងសម្ដែងលើឆាកតែមួយដូចអំឡុងនៅហង្សមាសវិញជាមិនខាន ដែលពេលនោះកូនទាំង៣របស់ព្រាប សុវត្ថិ ឡើងកូដព្រមៗគ្នាតែម្ដងដោយសារតែឥទ្ធិពលរបស់ឪពុកគេនេះឯង ។
ប៉ុន្ដែទាក់ទងរឿងព្រាប សុវត្ថិ មិនឲ្យកូនទី២ ចូលទៅច្រៀងនៅGalaxy តំណាលៗគ្នាទៅនិងបង និងប្អូនប្រុសរបស់គេដែរនោះត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថាដោយសារតែព្រាប សុវត្ថិ ចង់រក្សារតម្លៃឲ្យកូនប្រុសរបស់លោក។ប៉ុន្ដែលោកថាតាំងពីលោកសុវត្ថិ ចូលGalaxy មកអតីតតារាហង្សមាសរូបនេះគិតគួរពីកូនៗលោកឲ្យបន្ដវេន ច្រើនជាងគិតលើការចេញបទចម្រៀងរបស់ខ្លួនឯង ព្រោះមិនថាលោកសុវត្ថិ ទេតារាផ្សេងៗទៀតក៍ចឹងដែរ ពោលគឺឲ្យតែចូលដល់វ័យចាស់ហើយនឹងណាយពីសិល្បៈដោយខ្លួនឯងជាមិនខាន ។
គួរបញ្ជាក់ថាព្រាប សុវត្ថិ បានបណ្ដុះកូនប្រុសទាំង៣ឲ្យចេះច្រៀងសម្ដែងតាំងពីរូបគេនៅតូចៗម្លេះ ហើយពេលពួកគេពេញកំលោះស្រាងអស់នេះលោកសុវត្ថិ នៅតែឈរពីក្រោយកូនទាំង៣ជានិច្ច ខណៈដែលមហាជនពិបាកវាយតម្លៃថាតើក្នុងចំណោមកូនកំលោះរបស់លោកសុវត្ថិ ១ណាដែលអាចស្នងតំណែងលោកសុវត្ថិ បាននាពេលអនាគត ។តែតារាចម្រៀងពេជ្រ សោភា ដែលធ្លាប់ជាដៃគូរបស់លោកសុវត្ថិ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថាគឺកូនទី២ សុវត្ថិ មុនីនាគ ដែលអាចជំនួសលោកព្រាប សុវត្ថិ បានព្រោះពេលខ្លះពេលនាងស្ដាប់មុនីនាគ សមចម្រៀងមុនឡើងឆាកសម្លេងច្រឡំឪពុកគេតែម្ដង ។ចំណែកលោកស្រីគង់ ចន្ធូ ម្ដាយក្មេករបស់លោកសុវត្ថិ និងត្រូវជាលោកយាយរបស់មុនីវណ្ណ.មុនីនាគ និងសិរីវុឌ្ឍ នោះធ្លាប់ប្រាប់អ្នកយកព័តមានយើងដែរថាចៅទាំង៣របស់លោកស្រីសុទ្ធតែមានជំនាញនិងដុងសិល្បៈខ្លាំងម្យាងៗម្នាក់ដោយសារតែពួកគេទទួលការបណ្ដុះបណ្ដាលពីឪពុកគេតាំងពីនៅតូចៗនោះឯង ។
ប្រភពបានឲ្យដឹងថាព្រាប សុវត្ថិ ចង់ឲ្យកូនទី២ ចេញមកវិញជាមួយអ្វីដែលថ្មី និងប្លែកបំផុត ដើម្បីប្រជែងទីផ្សារចម្រៀងយុវវ័យ ហេតុនេះហើយបានជាលោកឲ្យមុនីនាគ ពន្យាពេលឡើងឆាកនិងចេញបទថ្មីអស់ជាច្រើនខែបែបនេះ ។ប៉ុន្ដែទស្សនិកជនរងចាំមើលថាអតីតដៃគូស្រីស្អាតស៊ូហ្សាណា រូបនេះនឹងបង្ហាញខ្លួននៅផលិតកម្មណា ?