Tuesday, September 17, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ត្រៀមឲ្យកូនទី២ បុកទីផ្សារចម្រៀងឡើងវិញ !

ព្រាប សុវត្ថិ ៖ត្រៀមឲ្យកូនទី២ បុកទីផ្សារចម្រៀងឡើងវិញ !

ភ្នំពេញ៖នៅលើបណ្ដាញសង្គមព្រាប សុវត្ថិ បង្ហាញសកម្មភាពកូនកំលោះទី២របស់លោកសុវត្ថិ មុនីនាគ ហ្វឹក​ហាត់យ៉ាងមមាញឹកនូវក្បាច់រាំយ៉ាងរស់រវើកមានទាំងគ្រូបង្ហាត់រាំជាជនជាតិខ្មែរ និងបរទេស ដែលនេះបញ្ជាក់ថាមុនីនាគ ដែលផ្អាកឡើងឆាកតន្រ្ដីជាច្រើនខែនោះ​ពេលនេះ​ជិត​​វិលមកាន់ក្បាលមីក្រូសារជាថ្មីហើយ ។ប៉ុន្ដែសកម្មភាពខ្លះរបស់មុនីនាគ នៅលើហ្វេសបុក​លោកមានបង្ហាញការហាត់រាំដែលមានរូបឡូហ្គូផលិតកម្ម​ហង្សមាសនៅពីក្រោយទៅវិញ ទើប​នាំឲ្យមានការសង្ស័យថាកូនទី២លោកសុវត្ថិ អាចនឹងវិលទៅទ្រនុំចាស់ជាលើកទី២ ព្រោះបង​ប្រុសរបស់គេសុវត្ថិ មុនីវណ្ណ និងប្អូនប្រុសសុវត្ថិ សិរីវុឌ្ឍ ពេលនេះបានក្លាយទៅជាតារាGalaxy ច្រៀងជាមួយឪពុករបស់ខ្លួនទៅហើយ ។តែអ្នកជំនាញខ្លះបែជាថាមុនីនាគ នៅតែមានភាគរយ​ខ្ពស់ទៅGalax រួមទ្រនុំជាមួយឪពុក បងប្រុស និងប្អូនរបស់គេម្ដងទៀត ច្រើនជាងទៅហង្ស​មាស​​ ដែលពេលនេះកំពុងតែមានតារាចាកចេញជាបន្ដបន្ទាប់ ។

 បុគ្គលិកម្នាក់ជាអ្នកធ្វើការងារផ្នែកសិល្បៈម្នាក់នៅហង្សមាសបាន​និយាយខ្លីថាលោកមិន​បាន​ដឹងរឿង​អ្វីទាំង​អស់ ជុំវិញរឿងទាក់ទងគេសង្ស័យកូនលោកព្រាប សុវត្ថិ អាចចូល​ហង្ស​មាស​ជាលើកទី២ នេះ។ដោយឡែកតារាចម្រៀងមួយចំនួននៅហង្សមាស​នៅពេលអ្នកយក​ព័ត​មាន​យើងសួរថាតើសុវត្ថិ មុនីនាគ អាចចូលហង្សមាសម្ដងទៀត ឬអត់នោះពួកគេថា​រឿងនេះ​នៅ​លើ​ព្រាប សុវត្ថិ ជាអ្នកកំណត់ ប៉ុន្ដែពួកគេនៅតែជឿរថាមុនីនាគ អាចទៅGalaxy តាមឪពុកគេ​សឹងតែ១០០ % ។

 ព្រាប សុវត្ថិ ផ្អឹបកូនកំលោះទី២ មិនឲ្យឡើងឆាកនេះស្ទើតែធ្វើឲ្យរូបគេ ពិបាកស្ដារមុខ​ឡើងវិញ ដោយសារតែខានចេញបទថ្មីនិងឡើងឆាកយូខែពេក ហើយប្រសិនបើមុនីនាគ ពិត​ជាទៅតាមឪនៅGalaxy មែននោះឪពុកនិងកូនទាំង៣ នឹងចាប់ដៃគ្នាច្រៀងសម្ដែងលើឆាក​តែ​មួយដូចអំឡុងនៅហង្សមាសវិញជាមិនខាន ដែលពេលនោះកូនទាំង៣របស់ព្រាប សុវត្ថិ ឡើង​កូដព្រមៗគ្នាតែម្ដងដោយសារតែឥទ្ធិពលរបស់ឪពុកគេនេះឯង ។

 ប៉ុន្ដែទាក់ទងរឿងព្រាប សុវត្ថិ មិនឲ្យកូនទី២ ចូលទៅច្រៀងនៅGalaxy តំណាលៗ​គ្នា​ទៅនិងបង និងប្អូនប្រុសរបស់គេដែរនោះត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើង​ថាដោយ​សារ​តែព្រាប សុវត្ថិ ចង់រក្សារតម្លៃឲ្យកូនប្រុសរបស់លោក។ប៉ុន្ដែ​លោកថាតាំងពី​លោក​​សុវត្ថិ ចូល​Galaxy មកអតីតតារាហង្សមាសរូបនេះគិតគួរពីកូនៗលោកឲ្យបន្ដវេន ច្រើន​ជាងគិតលើការ​ចេញបទចម្រៀងរបស់ខ្លួនឯង ព្រោះមិនថាលោកសុវត្ថិ ទេតារាផ្សេងៗ​ទៀត​ក៍ចឹងដែរ ពោល​គឺឲ្យតែចូលដល់វ័យចាស់ហើយនឹងណាយពីសិល្បៈដោយខ្លួនឯងជាមិនខាន ។

 គួរបញ្ជាក់ថាព្រាប សុវត្ថិ បានបណ្ដុះកូនប្រុសទាំង៣ឲ្យចេះច្រៀងសម្ដែងតាំងពីរូបគេ​នៅ​តូចៗម្លេះ ហើយពេលពួកគេពេញកំលោះស្រាងអស់នេះលោកសុវត្ថិ នៅតែឈរពី​ក្រោយ​កូនទាំង៣ជានិច្ច ខណៈដែលមហាជន​ពិបា​ក​វាយតម្លៃថាតើក្នុងចំណោមកូន​កំលោះរបស់​លោ​ក​​សុវត្ថិ ១ណាដែលអាចស្នងតំណែងលោកសុវត្ថិ បាននា​ពេលអនាគត ។តែតារាចម្រៀង​ពេជ្រ សោភា ដែលធ្លាប់ជាដៃគូរបស់លោកសុវត្ថិ វិញធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថាគឺ​កូន​ទី២ សុវត្ថិ មុនីនាគ ដែលអាចជំនួសលោកព្រាប សុវត្ថិ បានព្រោះពេលខ្លះពេល​នាង​ស្ដាប់​មុនី​នាគ សមចម្រៀងមុនឡើងឆាកសម្លេងច្រឡំឪពុកគេតែម្ដង ។ចំណែកលោកស្រីគង់ ចន្ធូ ម្ដាយ​ក្មេករបស់លោកសុវត្ថិ និងត្រូវជាលោកយាយរបស់មុនីវណ្ណ.មុនីនាគ និងសិរីវុឌ្ឍ នោះ​ធ្លាប់ប្រាប់អ្នកយកព័តមានយើងដែរថាចៅទាំង៣របស់លោកស្រីសុទ្ធតែមានជំនាញនិងដុងសិល្បៈខ្លាំងម្យាងៗម្នាក់ដោយសារតែពួកគេទទួលការបណ្ដុះបណ្ដាលពីឪពុកគេតាំងពីនៅតូចៗនោះឯង ។

 ប្រភពបានឲ្យដឹងថាព្រាប សុវត្ថិ ចង់ឲ្យកូនទី២ ចេញមកវិញជាមួយអ្វីដែលថ្មី និងប្លែក​បំផុត ដើម្បីប្រជែងទីផ្សារចម្រៀងយុវវ័យ ហេតុនេះហើយបានជាលោកឲ្យមុនីនាគ ពន្យាពេល​ឡើងឆាកនិងចេញបទថ្មីអស់ជាច្រើនខែបែបនេះ ។ប៉ុន្ដែទស្សនិកជនរងចាំមើលថាអតីតដៃ​គូ​ស្រីស្អាតស៊ូហ្សាណា រូបនេះនឹងបង្ហាញខ្លួននៅផលិតកម្ម​ណា ?

RELATED ARTICLES