Sunday, November 24, 2024
Homeនយោបាយលោកសម រង្ស៊ី អះ​អាង​លា​លែងពី​ប្រធាន​បក្ស ជួយ​សង្គ្រោះ​បក្ស​ប្រឆាំង កុំឱ្យ​រលាយ

លោកសម រង្ស៊ី អះ​អាង​លា​លែងពី​ប្រធាន​បក្ស ជួយ​សង្គ្រោះ​បក្ស​ប្រឆាំង កុំឱ្យ​រលាយ

ភ្នំពេញ ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបប្រកាសលាលែងពីតំណែកប្រធានបក្សប្រឆាំងថ្មីៗនេះ បានបញ្ជាក់ថា ការដែល លោកសម្រេចលាលែងពីប្រធានបក្ស ដោយសារ លោកចង់ជួយសង្គ្រោះបក្សប្រឆាំង កុំឱ្យរលាយ។

បន្ទាប់ពីលោកសម រង្ស៊ី បានសរសេរលិខិត លាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រួចមក កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ បានបើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីពិភាក្សាពីការប្រកាស លាលែងពីប្រធានគណបក្ស របស់លោកសម រង្ស៊ី ដោយពេលនោះ ក៏មានការចូលរួមពីលោក សម រង្ស៊ី តាមរយៈប្រព័ន្ធ ក្សយផេ ពីក្រៅ ប្រទេសផងដែរ។

ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងសមាជិក ក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្ស សង្គ្រោះជាតិ តាមវីដេអូ Skype នោះ លោក សម រង្ស៊ី បានបញ្ជាក់ថា មិនមែនតែតំណែង របស់លោកនោះទេ សូម្បីតែជីវិតរបស់លោក ក៏លោកត្រូវតែលះបង់ ឱ្យតែជាតិរបស់លោក នៅរស់ គណបក្សសង្គ្រោះជាតិនៅរស់ ពោលគឺ លោកសុខចិត្តលាលែងពីតំណែងប្រធានគណបក្ស ដើម្បីជួយសង្គ្រោះគណបក្សប្រឆាំង (គណ បក្សសង្គ្រោះជាតិ) កុំឱ្យរលាយ។

លោកសម រង្ស៊ី បានមានប្រសាសន៍តាម ប្រព័ន្ធអ៊ីនធើរណេត នៅពេលនោះថាការបំភ្លឺ របស់ខ្ញុំទាក់ទងទៅសេចក្តីសម្រេចចុងក្រោយ របស់ខ្ញុំនេះ អ្វីដែលខ្ញុំអាចបញ្ជាក់បំភ្លឺបន្ថែម នៅពេលនេះ ខ្ញុំគ្រាន់តែដកស្រង់យោបល់អត្ថាធិប្បាយអ្នកតាមដានទំព័រហ្វសប៊ុកខ្ញុំម្នាក់ គាត់ និយាយសង្ខេបអំពីសេចក្តីសម្រេចរបស់ខ្ញុំ អំពី ទឹកចិត្តរបស់ខ្ញុំ អំពីបំណងរបស់ខ្ញុំ គាត់សរសេរ តែមួយឃ្លាទេ។ មួយឃ្លាហ្នឹងមានអត្ថន័យដូច តទៅ សុខចិត្តអស់តំណែង មិនឱ្យឱ្យគណបក្ស រលាយ។ ខ្ញុំបន្ថែមក្នុងន័យទូលំទូលាយជាងហ្នឹង ទៅទៀត សុខចិត្តអស់ជីវិត មិនឱ្យជាតិស្លាប់។ ដូច្នេះយើងត្រូវហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បី បុព្វហេតុមួយដែលយើងស្រលាញលើសលប់ ក្នុងចិត្តរបស់យើង។ ខ្ញុំតែងតែនិយាយ តំណែង មិនសំខាន់ទេ អ្វីដែលសំខាន់ គឺឧត្តមគតិរបស់ យើង អ្វីដែលសំខាន់ គឺភាពស្មោះត្រង់របស់ យើង គឺភាពថ្លៃថ្នូររបស់យើង ថាយើងចង់បាន អី? យើងត្រូវតែហ៊ានលះបង់ ដើម្បីឆ្ពោះទៅ គោលដៅរបស់យើង។ តែវិលត្រឡប់មកការ លាលែងរបស់ខ្ញុំនេះ ឥឡូវយល់ទាំងអស់គ្នា ហើយ គឺដើម្បីការពារគណបក្ស បើខ្ញុំនៅធ្វើ ជាប្រធាន ហើយបើគណបក្សត្រូវគេរំលាយ ខូចខាតដល់ផលប្រយោជន៍យើង ផលប្រយោជន៍ គណបក្ស ផលប្រយោជន៍ជាតិ យើងចង់បាន អី? យើងចង់បានការបោះឆ្នោត ដោយសារ យើងចង់បានការផ្លាស់ប្តូរៗតាមរយៈការបោះឆ្នោត តែគេមានបំណងរំលាយគណបក្សយើង ហើយបើគណបក្សយើងរលាយពិត យើងអត់ បានចូលរួមក្នុងការបោះឆ្នោត ការបោះឆ្នោត ហ្នឹងវាអត់មា់នន័យតែម្តង ប៉ុន្តែយើងក៏បាត់បង់ ជាប្រវត្តិសាស្ត្រ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលប្រជារាស្ត្រខ្មែរចង់បាន។ គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិជានិច្ចក្នុង បេះដូងរបស់ខ្ញុំ។ អនាគតនៅវែងឆ្ងាយ ដូច្នេះ យើងទាំងអស់គ្នានៅមានឱកាសសង្គ្រោះជាតិ ជាបន្តបន្ទាប់ ធ្វើការជាមួយគ្នា តាមរូបភាពណា មួយក្នុងក្របខ័ណ្ឌមួយ តែបំណងយើងនៅ ដដែល គឺសង្គ្រោះជាតិៗឱ្យទាល់តែបាន

ក្រៅពីបានថ្លែងតាមប្រព័ន្ធអ៊ីនធើរណេត មុខគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក សម រង្ស៊ី ក៏បានសរសេរ ភ្ជាប់ជាមួយវីដេអូ សកម្មភាពនយោបាយរបស់លោក កាលពីពេល កន្លងទៅ ដែលលើកមកផ្សាយដោយបណ្តាញ ទូរទស្សន៍អន្តរជាតិ នៅក្នុងហ្វេសប៊ុករបស់លោក ដែរថា កម្មវិធីទូរទស្សន៍អន្តរជាតិ ALJAZEERA ជាភាសាអង់គ្លេស ផ្សព្វផ្សាយថ្ងៃនេះ ស្តីពីព្រឹត្តិការណ៍ចុងក្រោយនៅប្រទេសកម្ពុជា មេបក្សប្រឆាំង ដែលត្រូវបានគេនិរទេស ទើប តែបានលាលែងពីតំណែង

ក្នុងបទសម្ភាសន៍របស់ខ្ញុំ ខ្ញុំបញ្ជាក់ថា មូលហេតុនៃការលាលែងរបស់ខ្ញុំ គឺដើម្បីការពារ គណបក្សសង្គ្រោះជាតិ មិនឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន រំលាយគណបក្សនេះ ដោយយក រូបខ្ញុំធ្វើជាលេស។ មូលហេតុដែលលោកហ៊ុន សែន ចង់រំលាយគណបក្សសង្គ្រោះជាតិ គឺពីព្រោះ គាត់ដឹងថា គណបក្សប្រជាជនរបស់គាត់ នឹង ចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោត ខាងមុខ

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ដែលកំពុងរស់នៅឯប្រទេសបារាំង បានសរសេរលិខិតលាលែងពីតំណែងប្រធាន គណបក្សសង្គ្រោះជាតិ និងពីសមាជិកភាព គណបក្សសង្គ្រោះជាតិ។

នៅក្នុងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០១៧ នោះ លោកសម រង្ស៊ី បានជម្រាបជូន គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ថា ការជូន ដំណឹងស្តីពីការលាលែងរបស់ខ្ញុំ ពីតំណែងជា ប្រធានគណបក្ស និងពីសមាជិកភាពគណបក្ស សង្គ្រោះជាតិ ដោយសារមូលហេតុផ្ទាល់ខ្លួន។

អាស្រ័យដូចបានជម្រាបជូនក្នុងកម្មវត្ថុ ខាងលើ ខ្ញុំសូមឱ្យគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេច របស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះ ចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំ នេះតទៅ…”

ដោយឡែក លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានសរសេរនៅក្នុងទំព័រ ហ្វេសប៊ុករបស់លោកនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៧ ថាការសម្រេចចិត្តលាលែងពីប្រធាន និងសមាជិក គណបក្សសង្គ្រោះជាតិ របស់ឯកឧត្តមសម រង្ស៊ី គឺជាការសម្រេចចិត្តប្រកបដោយ កិត្តិយស ដោយមានការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្ស ដើម្បីផលប្រយោជន៍ ជាតិ និងគណបក្សជាធំ។ គណបក្សសង្គ្រោះជាតិ ស្គាល់ពីខ្លួនឯងច្បាស់ដឹងថាខ្លួនកើតចេញ ពីណា និងដើម្បីអ្វី

គួរបញ្ជាក់ដែរថា ក្រោយប្រកាសលាលែង ពីតំណែងប្រធានបក្សរបស់លោកសម រង្ស៊ី នោះ មក តំណែងប្រធានគណបក្សសង្គោះជាតិ ត្រូវ បានទុកឱ្យនៅទំនេរ មិនទាន់រកបេក្ខភាពមក ដាក់ជំនួស តែប្រគល់សិទ្ធិឱ្យលោកកឹម សុខា ដឹកនាំបន្ត ក្នុងនាមជាប្រធានស្តីទី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គណបក្សង្គ្រោះជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការនាយក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថាយោងតាមលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ជំពូកទី៣ ប្រការ១៦ និងជំពូកទី៥ ប្រការ៤៧ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានបើក កិច្ចប្រជុំពិភាក្សា និងសម្រេច 

ទទួលយកនូវពាក្យលាលែងរបស់លោក សម រង្ស៊ី ចេញពីតំណែងប្រធានគណបក្ស និង ពីសមាជិកភាពរបស់គណបក្សសង្គ្រោះជាតិ។

ប្រគល់សិទ្ធិជូនលោកកឹម សុខា អនុប្រធានគណបក្ស ទទួលតួនាទីជាប្រធានស្តីទី ដើម្បីដឹកនាំគណបក្ស រហូតដល់មានការជ្រើស ប្រធានគណបក្សថ្មី

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានបន្ថែមលើសចេក្តីប្រកាសព័ត៌មាន នាថ្ងៃ នោះថា ការធ្វើសមាជជ្រើសរើសប្រធានបក្ស ថ្មី នឹងធ្វើឡើងនៅមុនថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០១៨ ខាងមុខ ស្របតាមលក្ខន្តិកៈសមាជបក្ស លើកមុន ដែលបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១២។ បានន័យថា ការជ្រើសរើសមេបក្សថ្មី មកជំនួសតំណែងលោកសម រង្ស៊ី នឹងត្រូវធ្វើឡើងនៅប្រមាណជាពីរឆ្នាំទៀត ហើយពេលនេះតំណែងប្រធានគណបក្សប្រឆាំង នេះ ឱ្យនៅទំនេរ តែផ្តល់សិទ្ធិឱ្យលោកកឹម សុខា ដឹកនាំក្នុងនាមជាប្រធានស្តីទី។

លោកយឹម សុវណ្ណ ក៏បានអះអាងថា ការលាឈប់របស់លោកសម រង្ស៊ី គឺជាគំរូល្អដល់ អ្នកនយោបាយពេលនេះ ក៏ដូចទៅថ្ងៃអនាគត ដែលហ៊ានលះបង់អ្វីទាំងអស់ ដើម្បីបញ្ហាផ្សះផ្សាជាតិ និងការបង្រួបបង្រួមជាតិ៕ កុលបុត្រ

RELATED ARTICLES