តំបន់មជ្ឈិមបូព៌ា
អុីរ៉ាក់៖ យោធាអ៊ីរ៉ាក់បានឲ្យដឹងថាយន្តហោះចម្បាំងអ៊ីរ៉ាក់បានវាយប្រហារលើលំនៅឋានមួយដែលជាទីសំណាក់របស់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមលោក Abu Bakr al-Baghdadi ហើយក៏ជាទីតាំងដែលក្រុមនេះប្រារព្ធកិច្ចប្រជុំជាមួយនិងមេបញ្ជាការជាន់ខ្ពស់របស់ពួកគេក្នុងខេត្ត Anbar ដែលស្ថិតនៅភាគខាងលិចអ៊ីរ៉ាក់ផងដែរ ។
តាមរបាយការណ៍បង្ហាញថាក្នុងហេតុការណ៍ឆ្មក់វាយប្រហារពីដែនអាកាសនេះបានផ្តាច់ជីវិតសមាជិក១៣នាក់ក្នុងចំណោមក្រុមសកម្មប្រយុទ្ធដែលស្ថិតនៅទីតាំងនោះផងដែរហើយគេក៏ពុំបានដឹងច្បាស់អំពីវាសនារបស់លោក Baghdadi ថាយ៉ាងណានោះផងដែរ។
ទីបញ្ជាការប្រតិបត្តិការរួម (JOC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ាក់បានតាមដានក្បួនរថយន្តបីគ្រឿងរបស់មេដឹកនាំក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរូបនោះចាប់តាំងពីប្រទេសក្បែរខាងស៊ីរីមកកាន់ភូមិមួយក្បែរក្រុង Qaim ដែលស្ថិតនៅព្រំដែនរវាងអ៊ីរ៉ាក់និងស៊ីរី ខណៈដែលគេជឿជាក់ថាពួកគេនឹងប្រារព្ធកិច្ចប្រជុំក្នុងផ្ទះកើតហេតុនោះ។
សេចក្តីថ្លែងការណ៍ខាងលើនេះថែមទាំងបានបញ្ជាក់ថាវត្តមានរបស់លោក Baghdadi ក្នុងតំបន់ភាគខាងលិចអ៊ីរ៉ាក់គឺដើម្បីមកប្រជុំជាមួយនិងមេបញ្ជាការជាន់ខ្ពស់ក្រុមអាយស៊ីសនៅបរទេសដើម្បីពិភាក្សាអំពីការផ្តួលរំលំក្រុមភេរវករនៅភាគខាងកើតក្រុមមូស៊ុលដែលស្ថិតនៅខាងអ៊ីរ៉ាក់។
ទោះជាយ៉ាងណាទីបញ្ជាការប្រតិបត្តិការរួមបានឲ្យដឹងថាយន្តហោះចម្បាំងអ៊ីរ៉ាក់F-16 បានដឹកនាំវាយប្រហារពីដែនអាកាសមកលើលំនៅឋានមួយដែលកំពុងប្រារព្ធកិច្ចប្រជុំ ដែលបណ្តាលឲ្យមេបញ្ជាការក្រុមអាយស៊ីសស្លាប់១៣នាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា