Thursday, September 19, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពថៃ ប្រើរថពាសដែក សង្គ្រោះពលរដ្ឋរងគ្រោះទឹក.../ជំនន់ នៅស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ

កងទ័ពថៃ ប្រើរថពាសដែក សង្គ្រោះពលរដ្ឋរងគ្រោះទឹក…/ជំនន់ នៅស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ

ឈៀងរ៉ាយ (ថៃ) ៖ កងទ័ពជើងគោកថៃ បានចូលរួមជាមួយកងទ័ពជើងទឹក ក្នុងការចុះអន្តរាគមន៍សង្គ្រោះប្រជនដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ នៅស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ ដោយប្រើរថពាសដែក ក្នុងការចូលទៅក្នុងតំបន់លិចទឹក ដើម្បីជួយអ្នកភូមិដែលជាប់គាំងនៅក្នុងផ្ទះ និងខ្លះនៅលើដំបូលផ្ទះ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានថៃ បានរាយការណ៍ថា មន្ត្រីយោធា បាននាំយករថយន្តស្ទូច និងរថពាសដែក ចូលទៅក្នុងតំបន់លិចទឹក ក្នុងស្រុកម៉ែសៃ ខេត្តឈៀងរ៉ាយ ។

ទោះបីជានៅស្រុកម៉ែសៃ ទឹកជំនន់បានចាប់ផ្តើមស្រកក៏ដោយ ប៉ុន្តែវានៅតែត្រូវបានចាត់ទុកថាជាតំបន់គ្រោះ មហន្តរាយធ្ងន់ជាងគេ ព្រោះកន្លែងខ្លះទឹកនៅតែឡើងខ្ពស់ កម្ពស់ទឹក នៅតំបន់ខ្លះ មានកម្ពស់ជាង២ម៉ែត្រ លិចដល់ដំបូលផ្ទះមួយជាន់ និងផ្លូវពោរពេញដោយភក់ រថយន្តតូច មិនអាចចូលបានទេ។ កងទ័ពជើងទឹក និងកង ទ័ពជើងគោក បានប្រើរថពាសដែក ចូលទៅនាំជនរងគ្រោះដែលជាប់គាំងនៅក្នុងផ្ទះ ចេញមកកន្លែងសុវត្ថិភាព ហើយបើផ្ទះណាចង់ទទួលតែគ្រឿងឧបភោគ-បរិភោគ មន្ត្រីនឹងរៀបចំផ្តល់ជូន។

នេះបើតាមការសាកសួររបស់មន្ត្រីកងទ័ព និងអ្នកជួយសង្គ្រោះ នៅស្រុកម៉ៃសៃ មានភូមិខ្លះមិនអាចចូលទៅបានទេ ដោយសារទឹកលិចជ្រៅ ទឹកហូរលឿន ធ្វើឱ្យភ្នាក់ងារជាច្រើនមិនអាចចូលទៅជួយអ្នកភូមិ  ឬផ្តល់អា ហារ និងទឹកផឹកបាន ហើយជនរងគ្រោះមិនអាចជម្លៀសចេញបានឡើយ ទើបអាជ្ញាធរសម្រេចប្រើរថពាសដែក ចូលទៅសង្គ្រោះ ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយមានការព្រួយបារម្ភពីបញ្ហាទឹកជំនន់ នៅតំបន់ភាគខាងជើងប្រទេស  កើនដល់ ៥០ខេត្ត ពិសេសនៅខេត្តឈៀងរ៉ាយ បានកោះហៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រជុំបន្ទាន់ ចាត់តាំងពន្លឿនការជួយសង្គ្រោះ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់។

សារព័ត៌មានថៃ បានរាយការណ៍ថា មុននឹងចូលទៅក្នុងបន្ទប់ប្រជុំសភា ដើម្បីប្រកាសពីគោលនយោបាយរបស់គណៈរដ្ឋមន្ត្រី ទៅកាន់សភា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ បានពិភាក្សានិងសាកសួរអំពីស្ថានភាពទឹកជំនន់ នៅខេត្តឈៀងរ៉ាយ ជាមួយលោកស្រី ពិយ៉ារ៉ាត់ឆា ទិយ៉ាផៃរ៉ាត់ សមាជិកសភាតំណាងរាស្រ្តខេត្តឈៀងរ៉ាយ គណបក្សភឿថៃ ដោយលោកស្រីនាយករដ្ឋមន្ត្រី សម្តែងការព្រួយបារម្ភ និងជំរុញឱ្យជួយប្រជាពលរដ្ឋរងគ្រោះឱ្យអស់ពីកម្លាំងកាយចិត្ត និងពន្លឿនការជម្លៀសប្រជាជនដែលជាប់គាំងនៅក្នុងផ្ទះរបស់ពួកគេ ដោយរៀបចំទីជម្រកជូនប្រជាពលរដ្ឋ និងផ្តល់ជូនអាហារគ្រប់គ្រាន់ និងរបស់ប្រើប្រាស់ចាំបាច់ផងដែរ៕

RELATED ARTICLES