ខេត្តក្រចេះ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន រួមជាមួយទឹកទន្លេមេគង្គ បានហក់ឡើង បណ្តាលឱ្យផ្ទះរបស់ប្រ ជាពលរដ្ឋ ចំនួន២០ខ្នង និងផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វត្តអារាម មួយចំនួន ក្នុងភូមិសាស្ត្រស្រុកចិត្របុរី ខេត្តក្រចេះ រងការជន់លិចយ៉ាង កាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍បឋម ពីមន្ត្រីសាលាស្រុកចិត្របុរី បានឱ្យដឹងថា ក្រោយពីមានមេឃភ្លៀងធ្លាក់ខ្លាំង បានធ្វើឲ្យមានជំនន់ទឹកភ្លៀង លិចទីធ្លាវត្តដារ សាលាបឋមសិក្សាដារ មណ្ឌលសុខភាពដារ ជម្រៅប្រមាណ ១,៤០ម៉ែត្រ (ទំហំការខូចខាតមិនទាន់អាចវាយតម្លៃបាននៅឡើយ) និងលិចហូរកាត់ផ្លូវ ១០កន្លែង មានប្រវែង ១២៥០ម៉ែត្រ ព្រមទាំងបានលិចក្រោមផ្ទះអ្នកភូមិ ចំនួន២០ខ្នងផ្ទះ ស្ថិតក្នុងភូមិអញ្ចាញ និងស្ទឹងស្វាយ និងមាន ៤ភូមិ នៅជាប់ព្រែកទេរ ក៏បានលិចផ្លូវប្រមាណជាង ៦៨៥០ម៉ែត្រ ផងដែរ តែមិនប៉ះពាល់ដល់ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ។
របាយការណ៍ដដែល បានបន្តថា ក្នុងឃុំបុសលាវ ស្រុកចិត្តបុរី ក៏បានរងការលិចដោយសារជំនន់ទឹកភ្លៀងផងដែរ ក្នុងនោះរួមមាន លិចស្រូវពង្រោះ ១៧៣,៦ហិកតារ ស្មើនឹង ៤២៥គ្រួសារ និងលិចផ្លូវលំ ១៥៥០ម៉ែត្រ ហើយក៏បានចម្លងគោទៅលើទួលសុវត្ថិភាព បាន១៨០ក្បាល តែមិនទាន់លិចដល់ផ្ទះពលរដ្ឋនោះទេ ចំពោះស្រូវ ប៉ះ ពាល់លិចគ្រប់ភូមិ។
លោក ហេង រត្ន័ម៉ូនីដា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តក្រចេះ បានឱ្យថា កម្រិតទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ បានបន្តហក់ឡើងដល់កម្ពស់ ១៨,៨៤ម៉ែត្រ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងថ្ងៃពីម្សិល ឃើញថាមានការកើនឡើង ០,៥០ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្នក្នុងខេត្តនេះ កម្រិតកម្ពស់ ២២ម៉ែត្រ។ លោកក៏បានស្នើឱ្យពលរដ្ឋដែលរស់នៅតាមដងមេគង្គ មានការប្រុងប្រយ័ត្ន ព្រោះទឹកកំពុងហក់ឡើងប៉ុន្តែមិនដល់ថ្នាក់ប្រកាសអាសន្ននោះទេ គឺគ្រាន់តែមានការឡើង ដូច្នេះសូមឱ្យមានការប្រុង ប្រយ័ត្នចំពោះកូនចៅតូចៗ។
ជាមួយគ្នានេះ នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៤ លោកវ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរខេត្ត បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការនិងឆ្លើយតបសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់ ក្នុងមូលដ្ឋានខេត្តក្រចេះ ដែលមានខ្លឹម សារថា «យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ និងព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គ របស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៤ ឃើញថា តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ និងប្រទេសឡាវ នឹងមានភ្លៀងធ្លាក់ច្រើនជា បន្តបន្ទាប់ បណ្តាលឱ្យទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នឹងហក់ឡើងដល់កម្ពស់ ២០,៩៧ម៉ែត្រ ក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃខាងមុខនេះ។ ស្ថានភាពនេះ អាចបង្កឱ្យកើតមានឡើងនូវជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ គ្រប់ពេលវេលា ពិសេសតំបន់ដែលស្ថិតនៅអមសងខាងទន្លេមេគង្គ ក្នុងមូលដ្ឋានខេត្តក្រចេះ។
ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត (គ.គ.ម.ខ.) សូមធ្វើការណែនាំ ដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដូចខាងក្រោម ៖
– រដ្ឋបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំងបីប្រភេទ ត្រូវត្រួតពិនិត្យធនធានសម្ភារ និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបនិងសង្គ្រោះបន្ទាន់គ្រោះទឹកជំនន់។
– រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់អាជ្ញាធរឃុំ/សង្កាត់ ភូមិ ដើម្បីរៀបចំសម្អាតទីទួលសាធារណៈ និងទីទួលសុវត្ថិភាពដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ។
– រដ្ឋបាលក្រុង/ស្រុក ត្រូវតាមដានព័ត៌មានអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ដែលព្យាករណ៍ដោយក្រសួង-ស្ថាប័នជំនាញ និងផ្សព្វផ្សាយបន្តឱ្យដល់ប្រជាពលរដ្ឋ ពិសេសជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។
– រដ្ឋបាលក្រុង/ស្រុក ត្រូវណែនាំដល់ឃុំ/សង្កាត់ និងភូមិ ត្រូវបំពេញទម្រង់របាយការណ៍ទឹកជំនន់ ហើយត្រូវធ្វើរបាយការណ៍តាមប្រព័ន្ធ Telegram និងតាមប្រព័ន្ធ PRISM មកកាន់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ជាប់ជាប្រចាំ។
– មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បន្តកត់ត្រានិងផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ រៀងរាល់ថ្ងៃ មកកាន់ គ.គ.ម.ខ.។
– មន្ទីរអប់រំ យុវជននិងកីឡាខេត្ត ត្រូវណែនាំគ្រប់សាលារៀន ឱ្យណែនាំបន្តដល់សិស្សានុសិស្ស និងអាណា ព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់សុវត្ថិភាពការធ្វើដំណើររបស់សិស្ស នៅតំបន់ទឹកជំនន់។
– ប្រជាពលរដ្ឋ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គ ជាប់ជាប្រចាំ និងត្រូវម្ចាស់ការ ឬ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសសត្វពាហនៈ និងក្រុមគ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងករណីទឹកជំនន់មានការគំរាមកំហែងដល់សុវត្ថិភាព។
អាស្រ័យហេតុនេះ សូមមន្ទីរពាក់ព័ន្ធ រដ្ឋបាលក្រុង/ស្រុក និងប្រជាពលរដ្ឋ រៀបចំចាត់ចែង និងចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុស្សត្រូវ និងឱ្យប្រសិទ្ធភាពខ្ពស់»៕