ភ្នំពេញ៖ពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ បានជូនដំណឹងទៅFan របស់ខ្លួនថាអ្នកចង់ទៅទស្សនាការច្រៀងសម្ដែងរបស់នាងមានឱកាសតែនៅដើមខែ១០ នេះទេ ព្រោះចាប់ពីពាក់កណ្ដាលខែនេះតទៅនាងឈប់ទទួល ការច្រៀងEvent រហូតដល់ឆ្នាំក្រោយ។ការវាចារបស់អ្នកមេម៉ាយកូន១រូបស្រស់នេះក្រោយពីនាងបានបញ្ចេញ កាលវិភាគ(Schedule)ច្រៀងរាំរបស់នាងនៅខែ១០ នេះគិតតែត្រឹមថ្ងៃទី៦ ដល់ថ្ងៃទី២០ មានគេជួលនាងទៅ ច្រៀងដល់ទៅ១០កម្មវិធីផ្សេងគ្នា បើទោះជាខែនេះជារដូវធ្លាក់ភ្លៀងក៍ដោយ តែនាងនៅតែអាចប្រាក់បានម៉ឺនដុល្លារដដែលក្នុង១ខែៗ។ដោយឡែកសម្រាប់ការវិលវិញនៅពេលណាឲ្យពិតប្រាកដនោះស្រីពេជ្រ នៅមិនទាន់ជូនដំណឹងទៅFan របស់នាងឡើយ ។
ជុំវិញការដកខ្លួនរបស់ពេជ្រ សូលីកា ពីEvent ផ្សេងៗយ៉ាងហោចណាស់ក៍៣ខែនេះគេនៅមិនទាន់ដឹងមូល ហេតុច្បាស់នោះទេ ប៉ុន្ដែFan របស់នាងខ្លះសង្ស័យនាងមិនចង់ចេញមុខច្រើនពេកនាំតែគេសាំមុខ និងខ្លះទៀតថាស្រីពេជ្រ ចង់រកអ្វីដែលថ្មីពេលចេញមុខមកវិញនៅដើមឆ្នាំ២០២៥ ដើម្បីវាយលុកទីផ្សារចម្រៀងជាថ្មី។ទោះជាយ៉ាងណាការប្រកាសមិនទទួលការច្រៀងសម្ដែងនៅចុងឆ្នាំនេះ ដែលមានន័យថាស្មើនិងចោលលុយដុល្លារទាំងដុំនោះនាំឲ្យមានការលើកឡើងថាស្រីពេជ្រ ដែលធ្លាប់អះអាងថានាងច្រៀងសម្ដែងរាល់ថ្ងៃដើម្បីចិញ្ចឹមកូនផង ប្អូនស្រីផង ក្រោយម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០២០ នោះបញ្ជាក់ថាសូលីកា មិនខ្លាចមានវិបត្តិសេដ្ឋកិច្ចឡើយ បើទោះជានាងបានចែកផ្លូវជាមួយអតីតគូដណ្ដឹងជាង២ឆ្នាំ ដែលធ្វើឲ្យនាងហាក់ដូចជាបាត់ដៃស្ដាំម្ខាងក្ដី។អ្នកខ្លះសង្ស័យសូលីកា អាចយកពេលសម្រាកពីការច្រៀងEvent នោះទៅពិសោធន៍ស្នេហ៍ថ្មី បើទោះជាបុរសកូនកាត់ចិនម្នាក់ដែលនាងធ្លាប់បង្ហាញភាពស្និតស្នេហ៍លើបណ្ដាញIG មួយប្រាវក្រោយចែកផ្លូវជាមួយលោកគឹម ហាន នោះបានស្ងាត់ទៅវិញក្ដី ។
គួរបញ្ជាក់ថាពេជ្រ សូលីកា ស្ថិតក្នុងចំណោមតារាដែលធ្លាក់ខ្លួនមេម៉ាយតែនៅរក្សារបានទីផ្សារសិល្បៈ ដូចគ្នាទៅនិងពេជ្រ សោភា និងសុខ សោម៉ាវត្តី ជាដើម បើទោះជាការបង្ហាញខ្លួនចុងក្រោយតាមPub មួយចំនួនគេឃើញនាងហាក់មានព្រលឹងជាងមុនបន្ដិចក្ដី។បទចម្រៀងស្រីពេជ្រ នៅឆ្នាំ២០២៤ ដែលនាងទទួលបានការគាំទ្រមានដូចជា«ថែការចងចាំ » និង«បើអូនជួបគេ» ជាដើម ។ថ្វីត្បិតតែស្រីពេជ្រ មានទឹកដមសម្លេងមធ្យមមែន តែនៅពេលច្រៀងចម្រៀងស្នេហាបែបខូចចិត្តត្រូវសាច់រឿងផ្ទាល់ខ្លួន ហើយរូបសម្រស់នៅតែទាក់ទាញនោះនាងនៅតែមានអ្នកគាំទ្រ រហូតធ្វើឲ្យEvent តាមPub និងក្លឹបមួយចំនួនមិនអាចមើលរំលងនាងឡើយ។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះនិងអតីតគូស្នេហ៍មិនដែលហែកហួរគ្នាដូចគូស្នេហ៍មួយចំនួនទៀតពេលចែកផ្លូវគ្នានោះទេ ហើយលោកហាន អាចទៅជួបកូនប្រុសលោកពេលណាក៍បាន ខណៈដែលពេលនេះអាណិកជនខ្មែរនៅអូស្រា្ដលីរូបនេះច្រើនតែបង្ហាញវីដេអូពីការធ្វើម្ហូប និងនំខ្មែរនៅលើTik Tok ជាមួយគូស្នេហ៍មិនក្វល់ពីស្រីពេជ្រ ចេញចម្រៀងបែបនៅតែអាលោះអាល័យលើអនុស្សាវរីយ៍ចាស់ជាមួយលោកឡើយ ។
គេចាំមើលថាពេជ្រ សូលីកា ហ៊ានបង្ហាញគូស្នេហ៍ថ្មី អំឡុងពេលនាងផ្អាកទទួលច្រៀងសម្ដែងរយៈពេលខ្លីនេះដែរឬទេ ?