Saturday, November 23, 2024
Homeសន្ដិសុខសង្គមសម្តេចហ៊ុន សែន ទម្លា.../យរឿងលី សាម៉េត ប្រើឈ្មោះសម្តេច បោ.../កគេរាប់លានដុល្លារ

សម្តេចហ៊ុន សែន ទម្លា…/យរឿងលី សាម៉េត ប្រើឈ្មោះសម្តេច បោ…/កគេរាប់លានដុល្លារ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយថា លោកលី សាម៉េត ហៅគ្រូមា ដែលមុននេះធ្លាប់ប៉ះសម្តីជាមួយលោកស្រីអ្នកឧកញ៉ា ហ៊ុន ស៊ីណាត ផ្អើលបណ្តាញសង្គមនោះ តែងប្រើឈ្មោះសម្តេច ដើរបោកប្រាស់គេ រាប់សិបលានដុល្លារ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនសម្តេច ទៀតផង ដោយអួតប្រាប់គេថា ខ្លួនចេញចូលផ្ទះសម្តេច ក្នុងពេលណាក៏បាន ទាំងដែលលី សាម៉េត មិនដឹងថាផ្ទះសម្តេច បែរមុខទៅខាងណាផង។

សម្តេចហ៊ុន សែន បញ្ជាក់ថា ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង សម្តេច សូមស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីការក្សាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត និងឲ្យអ្នកចាញ់បោកលី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណង ទៅកាន់មេធាវីសម្តេចតេជោ។ ជាមួយគ្នានេះ សម្តេច បានណែនាំលោកមេធាវី គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន និងចំ ពោះរឿងមិនអាចសម្របសម្រួល បានត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។ បន្ថែមពីលើនេះ សម្តេច ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលលោកលី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា «ដោយរឿងច្រើនពេក ថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត (ហៅគ្រូមា)។លី សាម៉េត តែងប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។

ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះសុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យខ្ញុំ តែពេលសុខ ឡេង ផ្តាំឲ្យសួរខ្ញុំ តាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពីលី សាម៉េត ប្រគល់ឲ្យសុខ ឡេង វិញទាំងអស់ ដោយពេលនោះ យកលី សាម៉េត ទៅសួរចម្លើយ និងប្រគល់-ទទួលប្រាក់ នៅស្នងការនគរបាលក្រុងភ្នំពេញ»។សម្តេចហ៊ុន សែន សរសេរបន្តថា «មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅលី សាម៉េត ឲ្យសងលុយទៅមួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូ មកខ្ញុំ អមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។

ថ្ងៃនេះ ខ្ញុំទទួលវីដេអូ ពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ»។

សម្តេចប្រធានព្រឹទ្ធសភា បន្តថា «ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំ ជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រី រាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។

ករណីលី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ»។សម្តេចហ៊ុន សែន សរសេរបន្តទៀតថា «ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ ៖

១. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។

២. អ្នកចាញ់បោកលី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណង ទៅកាន់មេធាវីសម្តេចតេជោ។

៣. ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។

៤. ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលលី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់»។

ចំណែកលោកមេធាវី គី តិច ប្រធានមេធាវីសម្តេចតេជោ បន្ទាប់ពីបានឃើញសំណេរណែនាំរបស់សម្តេចហ៊ុន សែន ខាងលើ លោកបានឆ្លើយតបភ្លាមៗ ដោយគោរពទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ។

លោកមេធាវី គី តិច បានសរសេរខម្មិនក្នុងទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា «ខ្ញុំបាទ សូមគោរពទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំបាទ»។

ទោះបីជាយ៉ាងណា ជុំវិញការទម្លាយចេញរបស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំយោបល់ ការឆ្លើយតប និងបកស្រាយបំភ្លឺពីអ្នកឧកញ៉ា លី សាម៉េត ហៅគ្រូមា បានទេ កាលពីយប់ម្សិលមិញ៕

RELATED ARTICLES