Tuesday, November 26, 2024
Homeតារាខ្មែរខាត់ សុឃីម ៖បើកសម្ពោធក្រុមហ៊ុន ទ្រង់ទ្រាយធំ

ខាត់ សុឃីម ៖បើកសម្ពោធក្រុមហ៊ុន ទ្រង់ទ្រាយធំ

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានប្រកាសនៅថ្ងៃសម្ពោធក្រុមហ៊ុនម៉ូឈី ឯ.ក Mochy Company នៅព្រឹក​ថ្ងៃទី១៥ តុលា នៅផ្ទះកំណើតរបស់នាងស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកខ្នៅ ថានាងរួម​ទាំង​ដៃគូវិយោគ​រួមគ្នាប្ដេជ្ញាថា​ការរកស៊ីផ្នែកគ្រឿងសម្អាងមួយ​នេះ​នឹងសម្លឹងទិសដៅវែង​ឆ្ងាយ​ពោលគឺឲ្យតំណើរការទៅមុខ១០០ឆ្នាំ​ទៀត ហើយមានសាខា​១០០​ទូទាំងពិភពលោក​តែម្ដង​។ប៉ុន្ដែសុឃីម មិនបញ្ជាក់ថាការនាំចូលផលិតផលពីកូរ៉េ តាំងពីឆ្នាំ​២០២០ មកដល់ពេលនេះ​នាងប្រើទុនអស់ទឹកប្រាក់ប៉ុន្មាននោះទេ​ ព្រោះតែខ្លាចគេថាអួត ។តែ​នៅថ្ងៃសម្ពោធ​ក្រុមហ៊ុន​នេះសុឃីម បានបង្ហាញនូវអគារថ្មីកម្ពស់៤ជាន់ បំពាក់ដោយ​ជណ្ដើរយន្ដដែល​ត្រូវបានគេប្រ​មាណថាចាយលុយសាងសង់អស់ខ្ទង់សែនដុល្លារ ។

  ខាត់ សុឃីម ថ្លែងថា«ខ្ញុំសូមមិននិយាយពីការចំណាយលើ​ការរកស៊ីលើមុខ​របរមួយ​នេះថា៤ឆ្នាំហ្នឹង យើងដាក់​ទុនអស់ប៉ុន្មានទេ ព្រោះបើនិយាយរឿងលុយទៅនាំតែពិបាក គេ​ថាយើងអួត ។ប៉ុន្ដែសង់អគារMochy នេះហើយ​ខ្ញុំមានអារម្មណ៍ថាផ្ទះឬក្រុមហ៊ុន​ខ្ញុំនេះមាន​កម្ពស់ធំ និងខ្ពស់ជាងគេនៅទីតាំងខ្ញុំរស់នៅនេះ។អ្នកស្រុក​ខ្ញុំនិងអ្នកជិតខាងសប្បាយចិត្ត​គ្រប់​គ្នាពេលឃើញខ្ញុំបើកក្រុមហ៊ុននៅផ្ទះឪពុកម្ដាយនេះនិយាយទៅពួកគាត់សាទរ​តែម្ដង » ។

 អ្នកនាងខាត់ សុឃីម ក៍បានប្រាប់ដែរថាមូលហេតុដែលនាងនិងស្វាមីមកបើក​ក្រុម​ហ៊ុន​នៅទឹកដីផ្ទះកេរ្ដិ៍ឪពុកម្ដាយនេះ គឺដោយសារតែនោថ្ងៃអនាគតនាងនិងមករស់នៅទីនេះវិញ​ហើយ មិន​នៅភ្នំពេញទេ ទោះជានាងមានផ្ទះមួយចំនួននៅទីក្រុងក្ដី។នាង​ថាក្រៅពីសាង​សង់​អគារMochy រួចនាងក៍មានគម្រោងធ្វើអ្វីបន្ថែមទៀតនៅដីភូមិកំណើតរបស់នាងដែរ។

 ចំណែកស្វាមីរបស់អ្នកនាងខាត់ សុឃីម លោកអ៊ិន សុបញ្ញា ហៅផាណូ បានឲ្យដឹង​ថាការរកស៊ីនាំចូលផ្នែកCosmetic ពីកូរ៉េមកខ្មែរនេះទោះជាតម្លៃផលិតផលកូរ៉េ ថ្លៃជាងប្រ​ទេស​​ថៃ និងប្រទសផ្សេងៗ ក្ដី ប៉ុន្ដែលោកចង់យកផលិតផលដែល​មានគុណភាព​មកលក់ឲ្យ​បងប្អូនខ្មែរប្រើប្រាស់ មិនចង់រកស៊ីអ្វីដែលមានតែបរិមាណ តែអត់គុណ​ភាពនោះ​ឡើយ។​ដោយឡែករឿង​ទាក់​ទង​អគារMochy វិញលោកថាក៍មិនអាចប្រាប់ពីការចំណាយដែរ ដោយ​លោក​លើកហេតុផលដូចភ​រិយា​ថានិយាយទៅនាំតែគេថាអួតអាង ។ប៉ុន្ដែលោកថាអគារនោះមាន​បន្ទប់ថតសិល្បៈខ្លះ និង​បន្ទប់សម្រាប់ថតគ្រួសារលោករកស៊ីលក់ពូកខ្លះរួម​ទាំងបន្ទប់​ផ្សេងៗ​ទៀតទាក់ទងការថតផលិតផល។លោកថាគំនិតបើកក្រុមហ៊ុនMochy នេះឡើងបន្ទាប់ពីលោក​និងភរិយា​បានធ្លាក់ខ្លួន​កាលពីឆ្នាំ២០២០ ដោយសារតែចាញ់បោកគេអស់ពីខ្លួនបង្ខំចិត្តលក់ផ្ទះ លក់សំអាងការ គ្រឿង​អលង្ការជាដើមយកលុយសងគេ ហើយក្រោយមកលោក​បានជួប​មិត្ត​ភក្ដិដែលយល់ដឹង​ពីវិ​ស័យ​​​គ្រឿងសម្អាងនេះទើបលោកចាប់ដៃជាមួយ​ភាគីកូរ៉េ បង្កើតក្រុម​ហ៊ុន​នេះ​ឡើង ។តែលោ​កថាទោះជាពេលនេះលោកនិងភរិយាមានក្រុមហ៊ុនផ្ទាល់​ខ្លួនមែន ប៉ុន្ដែនៅតែបន្ដ​ការងារ​សិល្បៈទៅមុខទៀតជាធម្មតា ដោយទទួលភ្លេងខ្មែរ និងធ្វើការទាំង​ឡាយពីសិល្បៈដូចមុន។

 ខាត់ សុឃីម បានចាប់ដៃជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ រយៈជិត១២ឆ្នាំមក​ហើយ ដែលទទួលបានកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ១១ឆ្នាំ ខណៈដែលកូន​ប្រុស​នាងឈ្មោះស្កាយ ពេញកំលោះអាយុ១៩ឆ្នាំ ហើយ។លោកផាណូ បានប្រាប់បន្ថែមទៀតថា​លោកនិង​ភរិយា​គ្មានគម្រោងយកកូនទី៣នោះទេ ព្រោះគិតថាមានកូន២នាក់គ្រប់គ្រាន់ហើយ និងម្យាងទៀត​ការយកូនថែមក៍ទាក់ទងវ័យនិងសុខភាពរបស់ប្រពន្ធលោកដែរ ។តែលោកថាចិត្តចង់​បានកូនថែមដែរ ប៉ុន្ដែ​បើមានតែ២នាក់នេះក៍លោកពេញចិត្តដោយរីករាយដែរ។

 ការបើកក្រុមហ៊ុនMochy របស់ខាត់ សុឃីម នេះធ្វើឲ្យអ្នកដែលធ្លាប់មើល​ស្រាល​សុ​ឃីម កាលពីឆ្នាំ២០២០ ថានាងធ្លាក់ខ្លួន ក្រហើយ បន្ទាប់ពីនាងបានចាញ់បោកលោក​ឧក​ញ៉ា​ម្នាក់អស់លុយជិត១លានដុល្លារនោះស្ងាត់មាត់ដូចគេចុកតែម្ដង ព្រោះថាពេលនេះតារា​ពហុ​ជំនាញ សុឃីម នៅតែអាចក្រោកឈរមកវិញបាន ជាមួយការបើកស្នាក់ការកណ្ដាលMochy ដែលបោះទុនរាប់សែនដុល្លារ ហើយនាងថែមទាំងមានរថយន្ដទំនើបៗជិះដូចជាLexus Lx570 និងLexus Lx600 ជាដើម។

 ខាត់ សុឃីម ប្រកាសថា«ក្រុមហ៊ុនMochy មិនមើលឃើញរយៈពេលខ្លីទេ គឺយើងសម្លឹងឃើញការ​តំណើរ​ការ១០០ឆ្នាំទៅមុខទៀត ហើយនឹងពង្រីកសាខា ឲ្យបាន១០០ក្រុមហ៊ុនទូទាំង​ពិភព​លោក។យើងជាអ្នកសិល្បៈត្រូវតែប្រឹងរកស៊ីឲ្យមានបាន តែក្រគេមើលងាយយើងហើយ អីចឹង​យើងត្រូវតែប្រឹង។ការសម្ពោធក្រុមហ៊ុនខ្ញុំនៅថ្ងៃនេះខ្ញុំគិតថាបើឪពុក និងប្អូនប្រុសខ្ញុំខាត់ ចំរើន បានឃើញពួកគាត់ច្បាស់ជាសប្បាយចិត្តនូវអ្វីដែលខ្ញុំបានធ្វើនៅផ្ទះកំណើតនាពេលនេះ»៕

RELATED ARTICLES