ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានប្រកាសនៅថ្ងៃសម្ពោធក្រុមហ៊ុនម៉ូឈី ឯ.ក Mochy Company នៅព្រឹកថ្ងៃទី១៥ តុលា នៅផ្ទះកំណើតរបស់នាងស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកខ្នៅ ថានាងរួមទាំងដៃគូវិយោគរួមគ្នាប្ដេជ្ញាថាការរកស៊ីផ្នែកគ្រឿងសម្អាងមួយនេះនឹងសម្លឹងទិសដៅវែងឆ្ងាយពោលគឺឲ្យតំណើរការទៅមុខ១០០ឆ្នាំទៀត ហើយមានសាខា១០០ទូទាំងពិភពលោកតែម្ដង។ប៉ុន្ដែសុឃីម មិនបញ្ជាក់ថាការនាំចូលផលិតផលពីកូរ៉េ តាំងពីឆ្នាំ២០២០ មកដល់ពេលនេះនាងប្រើទុនអស់ទឹកប្រាក់ប៉ុន្មាននោះទេ ព្រោះតែខ្លាចគេថាអួត ។តែនៅថ្ងៃសម្ពោធក្រុមហ៊ុននេះសុឃីម បានបង្ហាញនូវអគារថ្មីកម្ពស់៤ជាន់ បំពាក់ដោយជណ្ដើរយន្ដដែលត្រូវបានគេប្រមាណថាចាយលុយសាងសង់អស់ខ្ទង់សែនដុល្លារ ។


ខាត់ សុឃីម ថ្លែងថា«ខ្ញុំសូមមិននិយាយពីការចំណាយលើការរកស៊ីលើមុខរបរមួយនេះថា៤ឆ្នាំហ្នឹង យើងដាក់ទុនអស់ប៉ុន្មានទេ ព្រោះបើនិយាយរឿងលុយទៅនាំតែពិបាក គេថាយើងអួត ។ប៉ុន្ដែសង់អគារMochy នេះហើយខ្ញុំមានអារម្មណ៍ថាផ្ទះឬក្រុមហ៊ុនខ្ញុំនេះមានកម្ពស់ធំ និងខ្ពស់ជាងគេនៅទីតាំងខ្ញុំរស់នៅនេះ។អ្នកស្រុកខ្ញុំនិងអ្នកជិតខាងសប្បាយចិត្តគ្រប់គ្នាពេលឃើញខ្ញុំបើកក្រុមហ៊ុននៅផ្ទះឪពុកម្ដាយនេះនិយាយទៅពួកគាត់សាទរតែម្ដង » ។



អ្នកនាងខាត់ សុឃីម ក៍បានប្រាប់ដែរថាមូលហេតុដែលនាងនិងស្វាមីមកបើកក្រុមហ៊ុននៅទឹកដីផ្ទះកេរ្ដិ៍ឪពុកម្ដាយនេះ គឺដោយសារតែនោថ្ងៃអនាគតនាងនិងមករស់នៅទីនេះវិញហើយ មិននៅភ្នំពេញទេ ទោះជានាងមានផ្ទះមួយចំនួននៅទីក្រុងក្ដី។នាងថាក្រៅពីសាងសង់អគារMochy រួចនាងក៍មានគម្រោងធ្វើអ្វីបន្ថែមទៀតនៅដីភូមិកំណើតរបស់នាងដែរ។


ចំណែកស្វាមីរបស់អ្នកនាងខាត់ សុឃីម លោកអ៊ិន សុបញ្ញា ហៅផាណូ បានឲ្យដឹងថាការរកស៊ីនាំចូលផ្នែកCosmetic ពីកូរ៉េមកខ្មែរនេះទោះជាតម្លៃផលិតផលកូរ៉េ ថ្លៃជាងប្រទេសថៃ និងប្រទសផ្សេងៗ ក្ដី ប៉ុន្ដែលោកចង់យកផលិតផលដែលមានគុណភាពមកលក់ឲ្យបងប្អូនខ្មែរប្រើប្រាស់ មិនចង់រកស៊ីអ្វីដែលមានតែបរិមាណ តែអត់គុណភាពនោះឡើយ។ដោយឡែករឿងទាក់ទងអគារMochy វិញលោកថាក៍មិនអាចប្រាប់ពីការចំណាយដែរ ដោយលោកលើកហេតុផលដូចភរិយាថានិយាយទៅនាំតែគេថាអួតអាង ។ប៉ុន្ដែលោកថាអគារនោះមានបន្ទប់ថតសិល្បៈខ្លះ និងបន្ទប់សម្រាប់ថតគ្រួសារលោករកស៊ីលក់ពូកខ្លះរួមទាំងបន្ទប់ផ្សេងៗទៀតទាក់ទងការថតផលិតផល។លោកថាគំនិតបើកក្រុមហ៊ុនMochy នេះឡើងបន្ទាប់ពីលោកនិងភរិយាបានធ្លាក់ខ្លួនកាលពីឆ្នាំ២០២០ ដោយសារតែចាញ់បោកគេអស់ពីខ្លួនបង្ខំចិត្តលក់ផ្ទះ លក់សំអាងការ គ្រឿងអលង្ការជាដើមយកលុយសងគេ ហើយក្រោយមកលោកបានជួបមិត្តភក្ដិដែលយល់ដឹងពីវិស័យគ្រឿងសម្អាងនេះទើបលោកចាប់ដៃជាមួយភាគីកូរ៉េ បង្កើតក្រុមហ៊ុននេះឡើង ។តែលោកថាទោះជាពេលនេះលោកនិងភរិយាមានក្រុមហ៊ុនផ្ទាល់ខ្លួនមែន ប៉ុន្ដែនៅតែបន្ដការងារសិល្បៈទៅមុខទៀតជាធម្មតា ដោយទទួលភ្លេងខ្មែរ និងធ្វើការទាំងឡាយពីសិល្បៈដូចមុន។


ខាត់ សុឃីម បានចាប់ដៃជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ រយៈជិត១២ឆ្នាំមកហើយ ដែលទទួលបានកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុ១១ឆ្នាំ ខណៈដែលកូនប្រុសនាងឈ្មោះស្កាយ ពេញកំលោះអាយុ១៩ឆ្នាំ ហើយ។លោកផាណូ បានប្រាប់បន្ថែមទៀតថាលោកនិងភរិយាគ្មានគម្រោងយកកូនទី៣នោះទេ ព្រោះគិតថាមានកូន២នាក់គ្រប់គ្រាន់ហើយ និងម្យាងទៀតការយកូនថែមក៍ទាក់ទងវ័យនិងសុខភាពរបស់ប្រពន្ធលោកដែរ ។តែលោកថាចិត្តចង់បានកូនថែមដែរ ប៉ុន្ដែបើមានតែ២នាក់នេះក៍លោកពេញចិត្តដោយរីករាយដែរ។


ការបើកក្រុមហ៊ុនMochy របស់ខាត់ សុឃីម នេះធ្វើឲ្យអ្នកដែលធ្លាប់មើលស្រាលសុឃីម កាលពីឆ្នាំ២០២០ ថានាងធ្លាក់ខ្លួន ក្រហើយ បន្ទាប់ពីនាងបានចាញ់បោកលោកឧកញ៉ាម្នាក់អស់លុយជិត១លានដុល្លារនោះស្ងាត់មាត់ដូចគេចុកតែម្ដង ព្រោះថាពេលនេះតារាពហុជំនាញ សុឃីម នៅតែអាចក្រោកឈរមកវិញបាន ជាមួយការបើកស្នាក់ការកណ្ដាលMochy ដែលបោះទុនរាប់សែនដុល្លារ ហើយនាងថែមទាំងមានរថយន្ដទំនើបៗជិះដូចជាLexus Lx570 និងLexus Lx600 ជាដើម។


ខាត់ សុឃីម ប្រកាសថា«ក្រុមហ៊ុនMochy មិនមើលឃើញរយៈពេលខ្លីទេ គឺយើងសម្លឹងឃើញការតំណើរការ១០០ឆ្នាំទៅមុខទៀត ហើយនឹងពង្រីកសាខា ឲ្យបាន១០០ក្រុមហ៊ុនទូទាំងពិភពលោក។យើងជាអ្នកសិល្បៈត្រូវតែប្រឹងរកស៊ីឲ្យមានបាន តែក្រគេមើលងាយយើងហើយ អីចឹងយើងត្រូវតែប្រឹង។ការសម្ពោធក្រុមហ៊ុនខ្ញុំនៅថ្ងៃនេះខ្ញុំគិតថាបើឪពុក និងប្អូនប្រុសខ្ញុំខាត់ ចំរើន បានឃើញពួកគាត់ច្បាស់ជាសប្បាយចិត្តនូវអ្វីដែលខ្ញុំបានធ្វើនៅផ្ទះកំណើតនាពេលនេះ»៕


