ទីផ្សារទូរស័ព្ទ៖ ទីភ្នាក់ងារប្រឹក្សាយោបល់ Gartner ឲ្យដឹងកាលពីម្សិលមិញថាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនធំមួយរបស់ចិន Huawei បានកាន់កាប់កៅអីរបស់ Samsung និង Apple ក្នុងផ្នែកផ្សារភាគហ៊ុនក្នុងឆ្នាំ២០១៦ដោយសារតែយីហោយក្សទាំងពីរនេះជួបប្រទះនឹងបញ្ហាជាច្រើន ។
ទីភ្នាក់ងារខាងលើនេះបានឲ្យដឹងនៅក្នុងការសិក្សាស្រាវជ្រាវមួយរបស់ខ្លួនថាក្នុងអំឡុងពេលពេញមួយឆ្នាំ យីហោ Huawei ត្រូវបានគេមើលឃើញពីការលក់របស់ខ្លួនលោតផ្លោះឡើងត្រដែតប្រមាណជា២៦,៧% ខណៈគូប្រជែងទាំងយីហោកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកសម្រេចបានទិន្នផលលក់ធ្លាក់ចុះ៤,៣%។
តាមលទ្ធផលនេះ Huawei អាចបង្កើនផ្សារហ៊ុនរបស់ខ្លួនផ្នែកទូរស័ព្ទស្មាតហ្វូនរហូតដល់៨,៩%ក្នុងឆ្នាំ២០១៦ ពីតួលេខ៧,៣%កាលពីឆ្នាំ២០១៥ ។ ចំណែកឯSamsung ត្រូវបានគេមើលឃើញពីការរួញខ្លីនៃផ្សារហ៊ុន២ពិន្ទុពេញឬស្មើនឹង២០,៥% ហើយ Apple រួញខ្លី១៤,៤%ពីតួលេខ១៥,៩% ។
អ្នកវិភាគរបស់ Gartner លោកស្រី Annette Zimmermann បានថ្លែងថាក្រុមហ៊ុនផលិតទូរស័ព្ទចិន Huawei សម្រេចបានជោគជ័យក្នុងការប្រកួតប្រជែងឈ្នះយីហោយក្សទាំងពីរផ្នែកផ្សារហ៊ុនកាលពីឆ្នាំ២០១៦ ។
ចំណែកក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនចិនដទៃទៀតមាន OPPO , BBK Communication Equipment (រួមមានយីហោ One Plus និង Vivo ) , ZTE, Xiaomi និងLenovo ។
លោកស្រី Zimmermann បានថ្លែងថាយើងកំពុងមើលឃើញពីការរីកលូតលាស់ជាក់លាក់បំផុតធៀបនឹងឆ្នាំមុន នៅពេលដែលអ្នកផលិតទូរស័ព្ទស្មាតហ្វូនលំដាប់លេខរៀងទី៣មួយនេះនិងយីហោដទៃទៀតបានពុះពារពង្រឹងការកាន់កាប់ផ្សារហ៊ុនលើសពី៤%។ Huawei ទំនងជាពង្រឹងតំណែងរបស់ខ្លួនជាថ្មីម្តងទៀតក្នុងឆ្នាំ២០១៧នេះផងដែរ ។
គួរបញ្ជាក់ថាក្នុងត្រីមាសទី៤ឆ្នាំ២០១៦ ការដាក់បង្ហាញ iPhone 7 និងម៉ូដែល Noter 7 របស់ Samsung អាចជួយធ្វើឲ្យ Apple កាន់កាប់តំណែងលំដាប់កំពូលក្នុងទីផ្សារជាមួយនិងផ្សារហ៊ុន១៧,៩%ឬលក់ដាច់បាន៧៧លានគ្រឿង។ រីឯ Samsung លក់ដាច់បាន៧៦,៨លានគ្រឿងក្នុងអំឡុងខែតុលាដល់ខែធ្នូដែលនាំមកនូវផ្សារហ៊ុន១៧,៨% ខណៈ Huawei លក់ដាច់បាន៤០,៨លានគ្រឿងឬផ្សារហ៊ុន៩,៥%។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា