Friday, October 18, 2024
Homeតារាខ្មែរសួង សាខារ៉ានីត ៖ប្រកាសវិលវិញ ក្រោយចែកផ្លូវស្វាមី

សួង សាខារ៉ានីត ៖ប្រកាសវិលវិញ ក្រោយចែកផ្លូវស្វាមី

ភ្នំពេញ៖សួង សាខារ៉ានីត បានប្រាប់«នគរធំ» តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ តុលា ថា​ចំ​ណង​ស្នេហានាងជាមួយប្ដីកាត់ចិនបានដើរដល់ផ្លូវបំបែកទៅហើយ ខណៈពេលនេះកូន​ប្រុស​នាងមានអាយុជិត២ឆ្នាំ ។ប៉ុន្ដែទាក់​ទង​រឿងមូលហេតុនៃការប្រេះឆាស្នេហា​កណ្ដាលផ្លូវ​នេះ​សាខារ៉ានីត បែជាមិនព្រមនិយាយឲ្យបានច្បាស់លាស់ទៅវិញ។

  អតីតតារាស៊ិចស៊ីតរូបនេះវាចាថា«ខ្ញុំបែកគ្នា(ប្ដី)យូដែរហើយតើបង។ឥឡូវកូនប្រុសខ្ញុំខ្វះ១០ថ្ងៃទៀតអាយុ២ឆ្នាំហើយ។ »។

សួង សាខារ៉ានីត បានសម្រាលកូនប្រុសកាលពីចុងឆ្នាំ២០២២ ហើយអតីតប្ដីនាងមាន​វ័យ​​ជាង៥០ឆ្នាំ ជាអ្នករកស៊ីជួញដូរផ្នែកគ្រឿងឡាន ប៉ុន្ដែនាងមិនដែលបណ្ដើរប្ដីជាចំហ ចូល​រួមកម្ម​វិធីអ្នកសិល្បៈណាទេ ហើយឥឡូវស្ងាត់ៗស្រាប់តែប្រកាសថាបែកប្ដីទាំងមិន​ទាន់បាន​ដឹក​ដៃ​គ្នាចូលរោងការបែបនេះទៅវិញ ។តែអ្នកមេម៉ាយកូ​ន១រូបនេះ​ហាក់មិនទាន់ចង់គិតពី​ស្នេហា​ថ្មីភ្លាមៗទេ នឹងថាកំពុងតែត្រៀមខ្លួនវិលចូលសិល្បៈវិញឆាប់ៗនេះហើយ  បន្ទាប់​ពីបាន​ផ្អាកអាជីពចាស់​អស់​៣ឆ្នាំដោយសារតែមានកូនប្រុស។

 សួង សាខារ៉ានីត ថ្លែងថា«ចាប់ពីពេលនេះទៅខ្ញុំនឹងទទួលការថតសម្ដែងវិញហើយ ព្រោះ​​អីកូនខ្ញុំក៍ធំបន្ដិចដែរ។ខ្ញុំនៅតែហ៊ានលេងរឿងបែបស៊ិចស៊ីដូចមុន ដោយសារតែសព្វថ្ងៃ​គ្មានអ្នកណាហួងហែងយើងទេ អីចឹងអាចថតសម្ដែងបានទៅតាមអ្នកដឹកនាំរឿងចង់បាន»។

 សួង សាខារ៉ានីត ទោះជាពេលនេះនាងបែកបាក់ប្ដីដែលត្រូវមានបញ្ហាផ្លូវចិត្ត​គេច​មិនផុតមែន ប៉ុន្ដែនាងថាហាក់ធូស្រាលចិត្តបន្ដិចដែរ ក្រោយពីបានបង់រួចការទិញផ្ទះរំលស់នៅ​បុរីប៉េង ហួត(បឹងស្នោរ) ខណៈដែលអំឡុងកូវីដ​ផ្ទុះខ្លាំងនាងមានបញ្ហាពិបាករក​លុយបង់ប្រចាំ​ខែនោះខ្លាំងណាស់ ។សាខារ៉ានីត ក៍មិនទាន់កំណត់ពីពេលវេលាត្រូវយក​ស្វាមីថ្មីនៅពេល​ណា​ដែរ ហើយពេល​វិល​វិញនេះគេមិនទាន់ដឹងថាទីផ្សារ​សិល្បៈរបស់នាងនៅតែដូច​មុនឬយ៉ាង​ណាឡើយ បន្ទាប់ពី​ខក​ខាន​ថតរឿងថ្មីៗតាំងពីឆ្នាំ២០២១ ហើយបច្ចុប្បន្នតារាថ្មីៗរះ​មក​ព្រោង​ព្រាត។

 ក្រៅពីសួង សាខារ៉ានីត តារាដែលធ្លាក់ខ្លួនមេម៉ាយកូន១មានដូចជាអ្នកនាងឌុច សុភា ,សុខ សោម៉ាវត្តី និងផាត់ ផាន់ណា ជាដើម ដែលពេលនេះពួកគេទោះជាមិនបោះបង់​អាជីព​សិ​ល្បៈមែន តែមិនសកម្មដូចកាលនៅលីវឡើយ។សម្រាប់សាខារ៉ានីត វិញនាងសុខចិត្តជិះ​រថ​យន្ដ​​មិនសូវ​ទំនើបដូចតារាល្បីៗដ៍ទៃទៀតឡើយ តែបានតស៊ូបង់ផ្ទះ១ល្វែងតម្លៃជាង​២០ម៉ឺន​ដុល្លារនៅបុរីប៉េង ហួត រហូតដាច់ ក៍បែកបាក់ស្នេហ៍ល្មម។គេចាំមើលថាអ្នកមេម៉ាយសាច់​សខ្ចី​រូបស្រស់សាខារ៉ានីត នឹងយកស្វាមីថ្មីជាប្រុសក្មេង ឬប្រុសចាស់ម្ដងទៀត ?

RELATED ARTICLES